សកម្មជន​ច្បាប់​ជនជាតិ​ចិន​ទៅ​ដល់​អាមេរិក

សកម្មជន​ពិការ​ភ្នែក​ជនជាតិ​ចិន លោក ឈិន គ័ងឆេង (Chen Guangcheng) ត្រូវ​បាន​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​យក​ទៅ​ដល់​ទីក្រុង​ញីវយ៉ក ហើយ កាល​ពី​ថ្ងៃ​១៩ ខែ​ឧសភា បន្ទាប់​ពី​សកម្មជន​ច្បាប់​រូប​នេះ បាន​រត់​គេច​ខ្លួន​ទៅ​ជ្រកកោន​នៅ​ក្នុង​ស្ថានទូត​អាមេរិក នា​ប្រទេស​ចិន មួយ​រយៈ​កន្លង​មក។

0:00 / 0:00

ការ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​របស់​សកម្មជន​ច្បាប់​ចិន​រូប​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ជា​ការ​ផ្ញើ​សារ​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ការ​ដើម្បី​សិទ្ធិ​សេរីភាព និង​សង្គម​នោះ។

ប្រទេស​ចិន ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា ជា​ប្រទេស​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ប្រទេស​នេះ គឺ​ស្ថិតនៅ​ក្នុង​ចំណាត់​ថ្នាក់​ជា​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​នៅ​ឡើយ​ នៅ​ក្នុង​ពិភពលោក។

ការ​ទៅដល់​សហរដ្ឋអាមេរិក​របស់​សកម្មជន​ច្បាប់ លោក ឈិន គ័ងឆេង នៅ​ពេល​នេះ ជា​ការ​ផ្ញើ​សារ​ល្អ​មួយ​ទៅកាន់​ពិភពលោក រួម​ទាំង​ប្រទេស​កាន់​របប​កុម្មុយនិស្ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ការពារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​បាន​ចរចា​យក​សកម្មជន​ច្បាប់ លោក ឈិន គ័ងឆេង ទៅ​សហរដ្ឋអាមេរិក​នេះ ជា​ការ​ផ្ញើ​សារ​មួយ​ទៅកាន់​ពិភពលោក និង​ជា​គំរូ​ល្អ​មួយ ដែល​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នានា ពិសេស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ជាដើម ឲ្យ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ក្នុង​បុព្វហេតុ​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញ​លេញ។

លោក កែម ឡី៖ «ជា​សារ​មួយ​សម្រាប់​រដ្ឋាភិបាល​ខ្មែរ​យើង​គួរតែ​រៀបចំ​ យកចិត្តទុកដាក់​ថែរក្សា អ្នក​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អ្នក​ការពារ​ធនធាន​ធម្មជាតិ ជាពិសេស​ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា»

សកម្មជន​ច្បាប់​ពិការ​ភ្នែក លោក ឈិន គ័ងឆេង ត្រូវ​បាន​គេ​យកចេញ​ពី​មន្ទីរពេទ្យ​យ៉ាងប្រញាប់​ប្រញាល់ ទៅ​ព្រលានយន្តហោះ​ចិន ញូវវើត លីបើធី (Neward Liberty) និង​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា បន្ទាប់ពី​អាជ្ញាធរ​ចិន​បាន​ប្រាប់​គាត់​ឲ្យ​រៀបចំ​ឥវ៉ាន់ និង​ឲ្យ​ចាកចេញ​ភ្លាមៗ ដោយ​ដៃ​កាន់​ឈើច្រត់ និង​ជើង​ស្ដាំ​របស់​គាត់​អប​ស៊ីម៉ងត៍​ពេទ្យ។

លោក ឈិន ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​នៅ​ពេល​លោក​ទៅដល់​ទីក្រុង​ញីវយ៉ក និង​ទៅ​ ដល់​ផ្ទះល្វែង​នៅ​ភូមិ មេនហាតថិន ហ្គ្រីនវិច (Manhattan's Greenwich) ជាទី​ដែល​លោក​នឹង​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់​នៅ​ទីនោះ ហើយ​លោក​ក៏​រំពឹង​ថា នឹង​បន្ត​ការសិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ញីវយ៉ក។

លោក ឈិន គ័ងឆេង មាន​ប្រសាសន៍​តាមរយៈ​អ្នក​បកប្រែ​ថា៖ «រយៈពេល ៧​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មិន​ដែល​មាន​ពេល​សម្រាក​ទេ ដូច្នេះ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ឲ្យ​បាន​ធូរ​ស្បើយ​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត»

លោក ឈិន ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​សកម្មជន​សិទ្ធិមនុស្ស​ដ៏​ឆ្នើម​នៅ​ក្នុង​ប្រទេស​ចិន។ លោក​បាន​ធ្វើការ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ​ចិន ហើយ​លោក​ជា​អ្នក​មាន​និន្នាការ​នយោបាយ​សេរី ប្រឆាំង​របប​កុម្មុយនិស្ត។ លោក ឈិន គ័ងឆេង មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​និស្សិត​បញ្ញវន្ត ដែល​ធ្វើការ​នៅ​ក្នុង​រដ្ឋាភិបាល ពិសេស​លោក​ធ្វើនយោបាយ​បែប​ទំនើប គឺ​លោក​បាន​ប្រើ​ប្រព័ន្ធ​សារ​អេឡិចត្រូនិក​ក្នុង​ការ​ទាក់ទង​គ្នា។

សកម្មជន​ច្បាប់​ពិការ​ភ្នែក លោក ឈិន គ័ងឆេង មាន​វ័យ​ប្រមាណ ៤០​ឆ្នាំ ជា​អ្នក​ប្រឆាំង​មួយ​រូប​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ចិន ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​មើល​ឃើញ​ថា ជា​ការ​គំរាមកំហែង​របប​នយោបាយ​ប្រទេស​ចិន។ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន​ក្នុង​ផ្ទះ និង​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៧​ឆ្នាំ។ លោក​បាន​លួច​រត់​គេចខ្លួន​ដោយ​សេចក្ដី​ក្លាហាន​មួយ ចេញ​ពី​ភូមិ​របស់​គាត់​កាល​ពី​ខែ​មេសា ទៅ​កាន់​ស្ថានទូត​អាមេរិក។ ស្ថានទូត​អាមេរិក​បាន​ផ្ដល់​កន្លែង​ស្នាក់នៅ​ជូន​លោក​នៅ​ក្នុង​ស្ថានទូត​ តែម្ដង។ តែ​ក្រោយមក​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បញ្ជូន​គាត់​ទៅ​នៅផ្ទះ​របស់​គាត់​ វិញ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​បាន​លើកឡើង​ថា វា​នៅ​មាន​ភាព​អាថ៌កំបាំង​នៅ​ឡើយ​ទាក់ទង​នឹង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ ឲ្យ​សកម្មជន​ច្បាប់​រូប​នេះ​ចាកចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ការសិក្សា​នោះ។

លោក កែម ឡី បាន​ពន្យល់​ថា ប្រទេស​មហាអំណាច​ទាំង​ពីរ​អាច​មាន​លក្ខខ័ណ្ឌ​ណា​មួយ ដើម្បី​ដោះ​ដូរ​គ្នា​ក៏​អាច​ថា​បាន ចំពោះ​ករណី​លោក ឈិន គ័ងឆេង ដ៏​ចម្រូងចម្រាស​នេះ។

លោក កែម ឡី៖ «មន្ទិល​សង្ស័យ​ថា ផ្លូវការ​ទូត​មួយ​ចំនួន​ទាក់ទង​ជម្លោះ​មហាសមុទ្រ​ចិន ឬ​មួយ​ក៏​ទាក់ទង​ឥទ្ធិពល​ចិន ផ្នែក​សេដ្ឋកិច្ច នៅ​ប្រភព​អារ៉ាប ប៉ុន្តែ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​យើង​គួរតែ​ក្រឡេក​មើល​សកម្មជន​ចិន ប្រជាពលរដ្ឋ​យើង​គួរតែ​ហ៊ាន​បញ្ចេញមតិ លើក​អំពី​បញ្ហា​ពិត​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម»

ប្រជាពលរដ្ឋ​ចិន​បាន​គាំទ្រ​លោក ឈិន គ័ងឆេង កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​លោក​បាន​ធ្វើការ​ទាមទារ​សិទ្ធិ​ជន​ពិការ និង​សិទ្ធិ​កសិករ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ក្នុង​ការ​រំលូត​កូន​នៅ​សហគមន៍​របស់​គាត់​នៅ​តំបន់​ជនបទ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​កាន់តែ​ខឹងសម្បា​នឹង​លោក​ថែម​ទៀត។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា បើ​គិត​អំពី​គោលការណ៍​សិទ្ធិ​មនុស្ស ជា​រឿង​បរាជ័យ​វិញ​ទេ នៅ​ពេល​សហរដ្ឋអាមេរិក​បាន​រំដោះ លោក ឈិន ទៅ​សហរដ្ឋអាមេរិក​នោះ ពីព្រោះ​ថា លោក ឈិន គ័ងឆេង ជា​សកម្មជន​ច្បាប់ ធ្វើការ​ទាមទារ​សិទ្ធិ​ដ៏​ខ្លាំង​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ ប្រទេស​ចិន។

លោក អ៊ូ វីរៈ៖ «អាមេរិក​ត្រូវតែ​មាន​កាតព្វកិច្ច​សកម្មជន​សិទ្ធិ​ មនុស្ស អ៊ីចឹង​ហើយ អាមេរិក​មិន​អាច​ឲ្យ​គេ​ចាប់​ខ្លួន​លោក ឈិន ដាក់​គុក​វិញ​ ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ចរចា​ជាមួយ​ចិន ឲ្យ​លោក ឈិន ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស។ ការពិត​ជា​រឿង​ល្អ​វិញ​ទេ សម្រាប់​ប្រទេស​ចិន ដើម្បី​ជៀសវាង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ អំពី​ការ​ឃុំខ្លួន​លោក ឈិន នៅ​ក្នុង​ប្រទេស​ចិន»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នកវិភាគ​បាន​ឡើង​ថា រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​ច្បាប់​ដែល​ប្រឆាំង​នឹង​ រដ្ឋាភិបាល​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​នៅ​ពេល​នេះ ជា​ការ​ប្រសើរ។ ដោយឡែក​បើ​ក្រឡេក​មើល​ប្រទេស​កម្ពុជា​វិញ សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នក​កាសែត​មួយ​ចំនួន ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ទៅ​វិញ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក កែម ឡី បាន​លើក​ហេតុផល​ដូច្នេះ៖ «នៅ​ កម្ពុជា​ចាប់​គេ​ដាក់​គុក​ដាក់​ច្រវាក់ ដូច្នេះ​ខ្ញុំ​គិត​ថា មិន​ល្អ​ទេ វិធីសាស្ត្រ​ចាប់​ខ្លួន ឃុំខ្លួន​ក្នុង​ផ្ទះ ឬ​ការ​ចរចា​យក​ចេញ​ក្រៅ ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ​ជាង ពីព្រោះ​យក​វិធានការ​ច្បាប់​ក្នុង​ហេតុផល​នយោបាយ​ខ្ញុំ​គិត​ថា មិនល្អ​ទេ ឬ​យក​វិធានការ​ច្បាប់​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ពិសេស​ការ​បាញ់​សម្លាប់​វា​មិន​មែន​ជា​គំរូ​ល្អ​ទេ រដ្ឋាភិបាល​កម្ពុជា​គួរតែ​យក​គំរូ​ល្អៗ​ពី​គេ»

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​ថា សម្រាប់​ប្រទេស​កម្ពុជា​វិញ ករណី​ដូច លោក ឈិន គ័ងឆេង នេះ រដ្ឋាភិបាល​មានការ​បត់បែន​ភ្លាមៗ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យទៅ​ប្រទេសក្រៅ​ទេ រដ្ឋាភិបាល​សុខចិត្ត​ធ្វើការ​សម្របសម្រួល និង​មាន​ការ​លើក​ទឹក​ចិត្ត​មួយ​រយះ តែ​ក្រោយ​មក​រដ្ឋាភិបាល​នឹង​រឹតត្បិត​ឡើង​វិញ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ លោក ឈិន គ័ងឆេង បាន​ឲ្យ​ដឹង​ថា លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ចាកចេញ​ពី​ប្រទេស​ចិន​នេះ​ទេ លោក​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ រួម​ទាំង​លោក​ព្រួយ​បារម្ភ​ខ្លាច​គេ​សងសឹក​ទៅ​លើ​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ប្រទេស​ចិន ដូចជា​ក្មួយ​ប្រុស​របស់​គាត់ ឈ្មោះ ឈិន ក្វី ត្រូវ​គេ​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ដំណឹង​អំពី​ការ​បាត់​ខ្លួន​គាត់​ជាដើម។

លោក ឈិន គ័ងឆេង បាន​បញ្ជាក់​ថា លោក​ចង់​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​ច្បាស់​ទេ ថា តើ​រដ្ឋាភិបាល​ចិន​នឹង​រារាំង​គាត់ ដូច​ដែល​រដ្ឋាភិបាល​ធ្លាប់​ធ្វើ​ដូច​សកម្មជន​និរទេស​ខ្លួន​ជាច្រើន​នាក់​ទៀត ឬ​យ៉ាងណា​នៅឡើយ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។