សង្គម​ស៊ីវិល៖ ការ​បើក​សវនាការ​រឿង​ក្ដី​លោក ឈុត វុទ្ធី ថា​មាន​ភាព​មិន​ប្រក្រតី

គ្រួសារ​លោក ឈុត វុទ្ធី និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​មន្ទិល​សង្ស័យ​ការ​បើក​សវនាការ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ថា មាន​ភាព​មិន​ប្រក្រតី។
ដោយ វិជ័យ អានន្ទ
2012-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កូន​ប្រុស ឈុត វុទ្ធី ៣០៥
កូន​ប្រុស​លោក ឈុត វុទ្ធី ឈ្មោះ ឆឺយ ឧត្តមរស្មី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Sek Bandith

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ខេត្ត​កោះកុង បើក​សវនាការ​ជម្រះ​ក្ដី​លោក រ៉ាំ បូរ័ត្ន ដែល​គេ​សង្ស័យ​ថា លោក​បាន​បាញ់​សម្លាប់​លោក អ៊ិន រតនា ដោយ​អចេតនា​ទាក់​ទង​នឹង​រឿងរ៉ាវ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ​២០១២។

អ្នកស្រី សំ ចន្ធី ភរិយា លោក ឈុត វុទ្ធី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៤ តុលា ថា តុលាការ​ខេត្ត​កោះកុង ហាក់​មិន​បាន​ស្រាវជ្រាវ​រឿង​ក្ដី​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ប្ដី​របស់​គាត់ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ព្រោះ​រឿង​ក្ដី​នេះ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ជាច្រើន។

អ្នកស្រី​អះអាង​បន្ត​ថា ឃាតករ​បាន​បាញ់​សម្លាប់​ប្ដី​អ្នកស្រី មិន​មែន​មាន​តែ​លោក អ៊ិន រតនា ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង និង​លោក រ៉ាំ បូរ័ត្ន ជា​ប្រធាន​សន្តិសុខ​មើល​ការ​ខុស​ត្រូវ​ឲ្យ​ក្រុម​ធីមប៊ឺហ្គ្រីន (Timber Green) នោះ​ទេ គឺ​មាន​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​បន្ថែម​ទៀត៖ «មាន​អ្នក​ឈ្មួញ​រក​ស៊ី​ឈើ អ្នក​បញ្ជា​មិន​មែន អ៊ិន រតនា មាន​បំណង​ចង់​បាញ់​សម្លាប់​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​មាន​ឈ្មួញ​អ្នក​រក​ស៊ី​ឈើ​ចេញ​ពី​ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន ហ្នឹង»

បន្ថែម​លើ​នេះ អ្នកស្រី​បញ្ជាក់​ថា រឿង​ដែល​សំខាន់ ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន គួរ​តែ​ត្រូវ​តុលាការ​តាម​ដាន និង​ស្រាវជ្រាវ​ឲ្យ​ច្បាស់​លាស់ ព្រោះ​ការ​ស្លាប់​ស្វាមី​របស់​អ្នកស្រី គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នេះ។ មួយ​វិញ​ទៀត អ្នកស្រី​លើក​ឡើង​ថា អ៊ិន រតនា មិន​អាច​សុខៗ​ស្រាប់​តែ​បាញ់​សម្លាប់​ប្ដី​អ្នកស្រី​ដោយ​គ្មាន​ហេតុផល​នោះ​ទេ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សវនាការ​ដែល​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី៤ តុលា វា​ហាក់​បង្ហាញ​លក្ខណៈ​បែប​រៀបចំ​ទុក​ជា​មុន ក្នុង​បំណង​បញ្ចប់​រឿង​ក្ដី​នេះ កុំ​ឲ្យ​មាន​រឿង​ជាប់​ពាក់ព័ន្ធ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។ លោក​ថ្លែង​បន្ត​ថា ការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​លោក រ៉ាំ បូរ័ត្ន ថា​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា​លើ​លោក អ៊ិន រតនា នោះ វា​ជា​រឿង​គួរ​ឲ្យ​សង្ស័យ ដែល​គេ​ពិបាក​នឹង​ជឿ។

ម្យ៉ាង​ទៀត គេ​ហាក់​មើល​ឃើញ​ថា តុលាការ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​បើក​ផ្លូវ​ឲ្យ​ខ្លួន​ងាយ​នឹង​តម្កល់​រឿង​ក្ដី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ទុក​មិន​ចាត់​ការ៖ «ករណី គឺ​ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​រលត់​បណ្ដឹង នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដោយ​សារ​តែ​លោក  អ៊ិន រតនា បាន​ស្លាប់​ហ្នឹង។ អ៊ីចឹង សរុប​មក​វិញ ករណី​នេះ គឺ​គេ​ចង់​បញ្ចប់​តែ​ម្ដង​ទៅ​លើ​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហ្នឹង​បាទ»

លោក រ៉ាំ បូរ័ត្ន ត្រូវ​តុលាការ​ចោទ​ថា បាន​ប្រព្រឹត្ត​ឃាតកម្ម​ដោយ​អចេតនា ក្នុង​សកម្មភាព​ដែល​លោក​បាន​ហាម​ឃាត់​លោក អ៊ិន រតនា កុំ​ឲ្យ​បាញ់​លោក ឈុត វុទ្ធី។

ក្នុង​បទ​ចោទ​នៃ​អំពើ​ឃាតកម្ម​ដោយ​អចេតនា​នេះ លោក រ៉ាំ បូ័ត្ន ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ ៦លាន​រៀល យោង​តាម​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​ផ្អែក​លើ​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ។ តុលាការ​ខេត្ត​កោះកុង នឹង​ប្រកាស​សាលក្រម​របស់​លោក រ៉ាំ បូរ័ត្ន នៅ​ថ្ងៃ​ទី៨ តុលា ឆ្នាំ​២០១២។

ភ្ជាប់​នឹង​ការ​លើក​ឡើង​របស់​លោក អំ សំអាត នេះ​ដែរ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បាន​ចែង​អំពី​មូលហេតុ​នៃ​ការ​រលត់​បណ្ដឹង​អាជ្ញា ឬ​ហៅ​បណ្ដឹង​ព្រហ្មទណ្ឌ រួម​មាន​មរណភាព​នៃ​ជនល្មើស ការ​ផុត​អាជ្ញាយុកាល ការ​លើក​លែង​ទោស​ជាទូទៅ និរាករណ៍​នៃ​ច្បាប់​ព្រហ្មទណ្ឌ និង​អាជ្ញា​អស់​ជំនុំ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ចៅក្រម នៃ​សាលា​ដំបូង​ខេត្ត​កោះកុង ដើម្បី​សុំ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៤ តុលា។

សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី ត្រូវ​ឃាតករ​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី២៦ ឆ្នាំ​២០១២ ក្នុង​សកម្មភាព​ចុះ​តាម​ដាន​ការ​កាប់​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន ធីមប៊ឺហ្គ្រីន នា​ខេត្ត​កោះកុង ជាមួយ​នឹង​អ្នក​កាសែត​ភាសា​បរទេស​ចំនួន​ពីរ​នាក់​ទៀត។ ក្នុង​រឿង​ក្ដី​នេះ អង្គការ​សង្គម​ស៊ីវិល បាន​បង្ហាញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ហើយ​អង្គការ​ទាំង​នោះ​បដិសេធ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​លើ​រឿង​ក្ដី​នេះ​ជា​បន្ត​បន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Koh Kong

ពី Smach Gnam

2 millionoir and Top Goernment(Priministry) is behind of this activities, he sign agreement to Company to clear the forest, So this reality, we see every day from what HUN SEN does, be live or not. ? Forest in Cambodia is completely destroy by Betray (HUN SEN)

Oct 09, 2012 09:00 AM

អ្នក​អាន​អនាមិក

ការស្លាប់របស់លោកឈុតវុទ្ធីនេះ
ជាប់ទាក់ទងនិងឧញ៉្ញា២នាក់ជាអ្នកបញ្ជា
គឹលីយ៉ុងផាត់និងទ្រីភាព

Oct 05, 2012 01:38 AM

អ្នក​អាន​អនាមិក

អាស៊ីសេរី គួរតែអញ្ជើញអ្នកកាសែតស្ត្រីទាំងពីរនាក់ដែលរួមដំណើរជាមួយឈុត វុទ្ឋី មកបំភ្លឺជាសាធារណ: លើកញ្ចក់ទូរទស្សន៏ជាតិ ពេលនោះចំងល់ទាំងឡាយនឹងត្រូវបានបញ្ចប់។ ចុះហេតុអ្វីបានជាអ្នកឯងមិនធ្វើ???

Oct 04, 2012 10:40 PM

Lee Theang chek

ពី Phnom Penh

អង្គហេតុដាក់បន្ទុកដែលសំខាន់ជាងបំផុតនោះគឺ ក្រុមហ៊ុនល្មើសដែលកាប់បំផ្លាញព្រៃឈើនិងអាជីវកម្មវល្លិល្មាត ជាអ្នកបង្កឲ្យមានអំពើឃោឃៅនិងកាប់បំផ្លាញព្រៃឈើនិងបាញ់សម្លាប់លោកវុទ្ធី ជាដើមដំបូង ជាអ្នកបង្កហេតុដំបូងត្រូវចាត់ការទី១ អង្គហេតុទី២ គឺត្រូវតុលាត្រូវចាត់ការអ្នកដែលដៃដល់បាញ់សម្លាប់លោកវុទ្ធី។ ហេតុអ្វីតុលាមិនចាត់ការសំណុំរឿងលោក ឈុត វុទ្ធី? នេះគេហៅថា ក្រុមហ៊ុនបរទេសល្មើសនិងច្បាប់រួចខ្លួន រីឯខ្មែរជាប់ទោស បរទេសរួចខ្លួន។

Oct 04, 2012 09:38 PM

Hour Sok

Sao Sokha !!!!!!

Oct 04, 2012 03:22 PM

មើល​មតិ​ទាំង​អស់.