កសិករ​ចិញ្ចឹម​មាន់​នៅ​ស្រុក​អង្គស្នួល​ត្អូញត្អែរ​អំពី​តម្លៃ​ចំណី​សត្វ​ឡើង​ថ្លៃ

កសិករ​ចិញ្ចឹម​មាន់​យក​សាច់​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ត្អូញត្អែរ​អំពី​តម្លៃ​លក់​មាន់​រស់​ធ្លាក់​ចុះ ខណៈ​ដែល​ចំណី​មាន់​ឡើង​ថ្លៃ នាំ​ឲ្យ​ពួក​គាត់​ខាត​និង​ខ្លះ​ទៀត​បោះបង់​មុខ​របរ។

0:00 / 0:00

មេភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ម៉ន យ៉ាន ត្អូញត្អែរ​ថា ក្រុម​អ្នក​ចិញ្ចឹម​មាន់​សាច់​ក្នុង​ភូមិ​នេះ ជិត ៤០​រោង​ធំៗ មាន​មាន់​ចិញ្ចឹម​ចាប់​ពី​២​ពាន់ ទៅ ៥.០០០​ក្បាល កំពុង​ខាត​ចុង​ខាត​ដើម ព្រោះ​តែ​តម្លៃ​លក់​សត្វ​មាន់​រស់ មិន​សមាមាត្រ​នឹង​តម្លៃ​ទិញ​ចំណី​មាន់។

លោក ម៉ន យ៉ាន អះអាង​ថា គាត់​ខាត ៣.០០០​ដុល្លារ​អាមេរិក​ក្នុង​ការលក់​មាន់​រស់ ៣.០០០​ក្បាល កាលពី​សប្តាហ៍​មុន ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា ដែល​ផ្តាច់​មុខ​ក្នុង​ការ​ទិញ​លក់​មាន់ ៖ «សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល កាត់​បន្ថយ​ភាព​ក្រីក្រ​ហ្នឹង ទាល់តែ​រាជ​រដ្ឋាភិបាល​គ្រប់គ្រង​ចំណី​និង​ពូជ​មាន់​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​តុល្យភាព​គ្នា។ បើ​សិន​ជា​ចំណី​នៅ​ឡើង​ថ្លៃ គឺ​មាន់​ហ្នឹង​ក៏​ត្រូវ​ឲ្យ​ឡើង​ថ្លៃ​ដែរ បើ​កាលណា​ចុះ​ថ្លៃ គឺ​ប្រជាពលរដ្ឋ​ចង​ក វា​អត់​អាច​ទៅ​មុខ​រួច​ទេ»

កសិករ​ឃុំ​ដំណាក់អំពិល សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ថា គាត់​ទិញ​កូន​មាន់ ២.៥០០​ក្បាល ទើប​ញាស់​បាន​៣​ថ្ងៃ មក​ចិញ្ចឹម។ ទិញ​ក្នុង​១​ក្បាល ថ្លៃ ០,៧​ដុល្លារ។ ចំណី​កូន​មាន់​ទម្ងន់ ៣០​គីឡូក្រាម ១​ការ៉ុង ថ្លៃ ១៧,៧០​ដុល្លារ។ ចំណី​មាន់​ធំ ថោក​ជាង​បន្តិច ទិញ​១​ការ៉ុង ថ្លៃ​តែ ១៧,៣០ ឬ ១៧,៤០​ដុល្លារ​ទេ។ ក្នុង​១​ថ្ងៃ វា​ស៊ី​ចំណី​៣​ដង ពី​៥ ទៅ​៨ ការ៉ុង។

កសិករ​នោះ​បន្ត​ថា គាត់​ចិញ្ចឹម​មាន់​យក​សាច់​នេះ លំបាក​ខ្លាំង​ជាង​ចិញ្ចឹម​មាន់​ស្រែ។ ប៉ុន្តែ​វា​រហ័ស​ឲ្យ​ផល​ជាង​មាន់​ស្រែ។

គាត់​ថា ការចិញ្ចឹម​មាន់​យក​សាច់​នេះ ត្រូវ​ដាក់​វ៉ាក់សាំង​បំប៉ន​វា រាល់​អាទិត្យ​ទៀត។ ការចិញ្ចឹម​មាន់​យក​សាច់ ត្រូវ​កំណត់​តែ ៣០​ថ្ងៃ ត្រូវ​ចាប់​លក់។ បើ​លើស​ថ្ងៃ​កំណត់​ចាប់​លក់ អ្នក​ចិញ្ចឹម​ត្រូវ​ខាត ដោយ​តម្លៃ​មាន់​ធំ​ពេក វា​ធ្លាក់​ថ្លៃ ហើយ​វា​ស៊ី​ចំណី​ច្រើន និង​ឆាប់​ងាប់ ដោយសារ​វា​ទ្រាំ​កម្ដៅ​ថ្ងៃ​មិន​បាន​យូរ ម្យ៉ាង​ទៀត វា​ស្រក​គីឡូ​ផង​ដែរ ហេតុនេះ ពេល​ដល់​ថ្ងៃ​កំណត់​លក់ ទោះ​បី​ខាង​ក្រុមហ៊ុន ឲ្យ​តម្លៃ​ប៉ុន្មាន ក៏​អ្នក​ចិញ្ចឹម​មាន់​សាច់​ត្រូវ​តែ​លក់​ចេញ។ បើ​មិន​ដូច្នេះ​ទេ ខាត​ទាំង​ស្រុង ដោយ​ទីផ្សារ​ទិញ​មាន់ គេ​អាច​លក់​ឲ្យ​ក្រុមហ៊ុន​១​គត់។ បើ​អ្នក​ចិញ្ចឹម​មាន់​ចង់​លក់​ឲ្យ​អ្នក​ផ្សេង នោះ​ក្រុមហ៊ុន​នឹង​មិន​បន្ត​លក់​កូន​មាន់​ឲ្យ​ចិញ្ចឹម​ទៀត​ទេ។

កសិដ្ឋាន​មាន់១

កសិករ​ដដែល​នោះ​រៀបរាប់​ដូច្នេះ​ថា ៖ «ខាត​តែ​១​វគ្គ មិន​ស្មើ​ចំណេញ ២​វគ្គ​ទេ។ ហើយ​យើង​ខ្ចី​លុយ​គេ ចងការ​លុយ​គេ​យក​មក​ធ្វើ​រោង ចុះ​បើ​ធ្វើ​រោង​មាន់​ហើយ ចិញ្ចឹម​មាន់​ខាត​ទៀត អ៊ីចឹង​លុយ​ការ​គេ​ក៏​កើន លុយ​ប្រាក់​ចំណេញ​របស់​គាត់​ក៏​អត់​មាន ទូទាំង​ស្រុក​អង្គស្នួល​ហ្នឹង គឺ​អត់​មាន​អ្នកណា​មួយ​ចំណេញ​ដោយសារ​ការ​ចិញ្ចឹម​មាន់​ហ្នឹង​ទេ។ ខេត្ត​កំពង់ស្ពឺ ក៏​អ៊ីចឹង​ដែរ នាំ​គ្នា​ត្អូញត្អែរ​គ្រប់គ្រាន់​ទាំង​អស់​រាប់​រយ​រោង»

កសិករ​ភូមិ​ព្រៃ​សំរោង ឃុំ​ដំណាក់អំពិល ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លក់​ចំណី​ធ្វើ​ជា​រវល់​មិន​មក​ទិញ​មាន់ ធ្វើ​ឲ្យ​លើស​ថ្ងៃ​កំណត់​លក់ នាំ​ឲ្យ​មាន់​ងាប់​និង​ស្រក​គីឡូ។ កសិករ​នឹង​ខាត​ថ្លៃ​ទិញ​ចំណី រួម​ទាំង​ខាត​ប្រាក់​ចំណេញ​ផង​ដែរ ៖ «ក្នុង​មួយ​ថ្ងៃ​អស់​ជិត ១០​បាវ​ដែរ ចូល ២០០​ដុល្លារ ទិញ​ឲ្យ​វា​ស៊ី ចុះ​ទម្រាំ​ដល់ ៤០​ថ្ងៃ​អស់​ប៉ុន្មាន​ពាន់ មិន​ដឹង​បាន​ដើម​ឬ​អត់ ចាំ​មើល​មើល៍ បើ​អត់​បាន​មាន​តែ​ផ្អាក​ទេ ព្រោះ​អី​គេ​ឡើង​ថ្លៃ​ច្រើន​ពេក​ចំណី។ បើ​បាន​ចំណី​ឡើង ហើយ​សាច់​ឡើង​ខ្ពស់ វា​គ្រាន់​បាន​ចំណេញ​ខ្លះ​ដែរ ឥឡូវ​ចុះ​ថោក​ទៀត មិន​ដឹង​យ៉ាង​ម៉េច​ទៀត​ចាំ​មើល»

កសិករ​សុំ​មិន​ប្រាប់​ឈ្មោះ នៅ​ឃុំ​ដំណាក់​អំពិល​ដែរ ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ជួប​ការលំបាក​ខ្លាំង នៅ​ពេល​ដែល​ដាក់​ដើម​ទន់ ចិញ្ចឹម​មាន់ ច្រើន​ក្បាល។ គាត់​ថា ស្ទើរ​គ្រប់​ភូមិ​និង​គ្រប់​គ្រួសារ​បាន​ចង​ក្រង​គ្នា​ចិញ្ចឹម​មាន់ ខ្លះ​បញ្ចាំ​ដី ខ្លះ​បញ្ចាំ​ផ្ទះ ខ្លះ​លក់​ស្រែ យក​ដើម​ទន់ មក​ធ្វើ​ដើម ចិញ្ចឹម​មាន់។ គាត់​ថា គ្រាន់តែ​ធ្វើ​រោង​ចិញ្ចឹម​មាន់ ត្រូវ​ចំណាយ ៥ ទៅ ៦​ពាន់​ដុល្លារ ទើប​ត្រូវ​តាម​ស្តង់ដារ​ក្រុមហ៊ុន​ដាក់​មាន់ ១០​ក្បាល ប្រើ​ទំហំ​រោង ១​ម៉ែត្រ​ការ៉េ។

កសិករ​ត្រូវ​ចិញ្ចឹម​តាំង​ពី​កូន​មាន់​ទើប​ញាស់ ៣​ថ្ងៃ រហូត​ដល់​មាន់​ធំ​ទម្រាំ​ក្រុមហ៊ុន​មក​ទិញ។ ក្រុម​គាត់​ត្រូវ​ចំណាយ​អស់ ១​ម៉ឺន​ដុល្លារ​សម្រាប់​មាន់ ៤.០០០​ក្បាល មិន​គិត​ថ្លៃ​សង់​រោង។ នៅ​ពេល​លក់​មាន់​វិញ បច្ចុប្បន្ន​ក្រុមហ៊ុន​ទិញ ១​គីឡូក្រាម តែ ៧០០០​រៀល។ ម្យ៉ាង​ទៀត រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​មាន​ការនាំ​ចូល​សត្វ​រស់​វិញ ទើប​កសិករ​ខ្វះ​ទីផ្សារ​លក់​ចេញ ខាត​គ្រប់​គ្នា ៖ «ប្រជាជន​យ៉ាប់​ចិញ្ចឹម ចិញ្ចឹម​អត់​ចំណេញ។ សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ ធ្វើម៉េច​ឲ្យ​ទប់ស្កាត់​មាន់​ពី​ក្រៅ​កុំ​ឲ្យ​ចូល ហើយ​ឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​អាច​ចិញ្ចឹម​ប្រពន្ធ​កូន​អាច​រស់​បាន»

ពាក់ព័ន្ធ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា លោក Wittaya Kreang Kriwit មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​មិន​អាច​បញ្ចុះ​តម្លៃ​ចំណី​បាន​ទេ ដោយ​ដី​សម្រាប់​ដាំ​កសិកម្ម​នៅ​ដដែល រីឯ​កសិផល​ជា​វត្ថុ​ធាតុ​ដើម​ឡើង​ថ្លៃ ព្រោះ​តែ​គេ​យក​ទៅ​ផលិត​ប្រេង​អេតាណុល។

លោក​ថា ក្រុមហ៊ុន​មិន​ចង់​យឺត​យ៉ាវ​ទិញ​មាន់​ទេ។ ប៉ុន្តែ​ការ​បណ្តោយ​ឲ្យ​នាំ​ចូល​មាន់​រស់​និង​មាន់​ក្លាសេ​ច្រើន ចូល​មក​ក្នុង​ប្រទេស​កម្ពុជា លើស​តម្រូវការ​ទីផ្សារ ទើប​មាន់​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ។

លោក​ថា បច្ចុប្បន្ន កូន​មាន់​នៅ​ខែ​តុលា ១​ក្បាល ថ្លៃ ០,៦០​ដុល្លារ។ ក្រុមហ៊ុន​ស៊ីភី​កម្ពុជា ព្រួយ​បារម្ភ​នៅ​ពេល​ដែល​កសិករ​ផ្អាក​ចិញ្ចឹម​សត្វ​លើ​គោក ដូច​ជា​មាន់ ទា ជ្រូក​ជា​ដើម បើ​កសិករ​ដួល​រលំ ក្រុមហ៊ុន​ដំណើរការ​មិន​ល្អ​ដែរ។ នេះ​បើ​តាមរយៈ​អ្នក​បក​ប្រែ អះអាង​ដូច្នេះ ៖ «តម្លៃ​មាន់​នៅ​ទីផ្សារ​តម្លៃ​ទាប​ហ្នឹង កត្តា​សំខាន់​ត្រង់​ថា ការ​នាំ​ចូល​កូន​មាន់​ដែល​អត់​ត្រឹម​ត្រូវ​តាម​ច្បាប់​ទម្លាប់​ចូល​ពី​ខាង​ក្រៅ។ ទី​២​ទៀត មាន​នាំ​ចូល​នូវ​មាន់​ក្លាសេ ចូល​មក ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​តម្លៃ​នៅ​លើ​ទីផ្សារ​សម្រាប់​អតិថិជន ដែល​គាត់​អ្នក​ចិញ្ចឹម​នៅ​ក្នុង​ស្រុក»

វីទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​មន្ត្រី​ក្រសួង​កសិកម្ម​ចង់​ដឹង​ចំនួន​សត្វ​រស់​និង​សាច់​ក្លាសេ​ដែល​រដ្ឋ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំចូល​ក្នុង ១​ថ្ងៃ​ប៉ុន្មាន មាន​កំណត់​ឬ​អត់ ប៉ុន្តែ​មន្រ្តី​ទាំង​នោះ​មមាញឹក​ក្នុង​កិច្ច​ប្រជុំ។

ប្រធាន​អង្គការ​បណ្តុះបណ្តាល​ធនធាន​សហគមន៍​ដែល​ឃ្លាំ​មើល​ការ​ចិញ្ចឹម​សត្វ​របស់​កសិករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល លោក ធី រស្មី ឲ្យ​ដឹង​ថា បញ្ហា​កសិករ​កំពុង​ជួប​ប្រទះ គឺ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ។

លោក​សំណូមពរ​ថា រដ្ឋាភិបាល​ថ្មី មេត្តា​កំណត់​ការនាំចូល​សត្វ​រស់។ ប្រសិន​បើ​ការ​ចិញ្ចឹម​ក្នុង​ស្រុក​សម្រាប់​ទីផ្សារ​បាន ៥០% រដ្ឋ​គួរ​តែ​អនុញ្ញាត​ឲ្យ​នាំ​ចូល​តែ ៥០% នោះ​ទើប​អាច​គ្រប់គ្រង​ការជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ជនបទ​បាន។ ប្រសិន​បើ​រដ្ឋ​បណ្តោយ​ត​ទៅ​ទៀត ទំាង​កសិករ​ទាំង​ក្រុមហ៊ុន​វិនិយោគ​គេ​ឈប់​មក​វិនិយោគ​នាំ​ឲ្យ​កើត​មាន កង្វះ​ការងារ​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា។

លោក ធី រស្មី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពីព្រោះ​ថា រដ្ឋាភិបាល​នឹង​ដឹង​ច្បាស់​នូវ​តម្រូវការ​ក្នុង​ស្រុក អ៊ីចឹង​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់ ធ្វើ​ម៉េច​បរិមាណ​នាំ​ចូល​ប៉ុណ្ណា ដែល​អាច​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​បាន ពីព្រោះ​ថា រដ្ឋាភិបាល​ប្រសិន​បើក​សេរី​ពិត​មែន ក៏​ប៉ុន្តែ​យើង​អាច​មាន​លទ្ធភាព​កំណត់​បរិមាណ​បាន។ អ៊ីចឹង​ហើយ នេះ​ជា​ចំណុច​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​អាច​រស់​បាន​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជ្រូក ចិញ្ចឹម​មាន់​ទា​ហ្នឹង»

ជំទប់​ទី​២ ឃុំ​ដំណាក់អំពិល លោក ធុច ធីម មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​មាន ៨​ភូមិ បាន​ចិញ្ចឹម​មាន់​យក​សាច់​នេះ នៅ​តែ ២​ភូមិ​ដែល​នៅ​ជាប់​ថ្នល់​ជាតិ​លេខ​៤ គេ​មិន​ចិញ្ចឹម​មាន់​ទេ។

លោក​ថា កសិករ​លក់​ដី​ស្រែ​ឲ្យ​ចិន ស្ទើរ​អស់​ហើយ មាន​តែ​របរ​ចិញ្ចឹម​មាន់​យក​សាច់ មួយ​មុខ​គត់​ដែល​ជា​សេដ្ឋកិច្ច​ចិញ្ចឹម​គ្រួសារ។ ប្រសិន​បើ​ការ​លក់​ដូរ ចេះ​តែ​ខាត ហើយ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​អ្នក​ប្រឈម​មុខ​គ្រោះ​ថ្នាក់​ខ្លាំង គឺ​ប្រជាជន​កម្ពុជា៕