រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្មុំ​កូន​អន្តរ​ប្រទេស

2009-10-24

រដ្ឋ​សភា​ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្មុំ​កូន​អន្តរ​ប្រទេស​កាល​ពី​ថ្ងៃ​២៣ តុលា ដើម្បី​រៀបចំ​ឲ្យ​មាន​បែបបទ​ត្រឹម​ត្រូវ​ក្នុង​ការ​យក​កុមារ​កម្ពុជា​ទៅ​ចិញ្ចឹម​និង​ចៀសវាង​ការ​យក​កុមារ​ទៅ​ចិញ្ចឹម​ក្នុង​គោល​បំណង​ផ្សេង។

AFP Photo

កុមារី​ខ្មែរ​ញញឹម​នៅ​មុខ​ព្រះបរមរាជវាំង​នា​ទីក្រុង​ភ្នំពេញ, ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០០៧។

លោកស្រី ហូ នូន សមាជិក​សភា​និង​ជា​តំណាង​រដ្ឋាភិបាល​ឡើង​ការពារ​ច្បាប់ មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​មនុស្ស​ធម៌​ក្នុង​ការ​រក​គ្រួសារ​ល្អ​ឲ្យ​កុមារ​ដើម្បី​ឧត្តម​ប្រយោជន៍​របស់​កុមារ។

លោកស្រី​បញ្ជាក់​ថា ស្មុំ​កូន​អន្តរ​ប្រទេស​ជា​ជម្រើស​ចុង​ក្រោយ​បំផុត បន្ទាប់​ពី​បាន​ខិតខំ​អស់​លទ្ធភាព​ក្នុង​ការ​ស្វែងរក​គ្រួសារ​អចិន្ត្រៃយ៍​ឲ្យ​កុមារ​នៅ​ក្នុង​ប្រទេស។ មាន​ន័យ​ថា តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ពង្រឹង​ពង្រីក​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​ភាគី​នៃ​អនុ​សញ្ញា​ក្រុង​ឡាអេ ស្តីពី​ការ​ការពារ​កុមារ​និង​សហ​ប្រតិបត្តិការ​ទាក់ទង​ទៅ​នឹង​ស្មុំ​កូន​អន្តរ​ប្រទេស​និង​ប្រទេស​នានា​ដែល​មាន​កិច្ច​សហ​ប្រតិបត្តិការ​ស្មុំ​កូន​ពី​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​កុមារ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ទាំង​អស់​បាន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្មុំ​កូន​អន្តរ​ប្រទេស​របស់​រដ្ឋ​សភា​កម្ពុជា​នា​ពេល​នេះ។ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​ធ្វើការ​តាមដាន​បណ្តា​ប្រទេស​ដែល​បាន​ស្មុំ​កុមារ​ពី​កម្ពុជា​យក​ទៅ​ចិញ្ចឹម​នេះ​ឲ្យ​បាន​ដិតដល់។

លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ៖ «ច្បាប់​ហ្នឹង​មាន​ប្រយោជន៍​ពីព្រោះ​ជួយ​សម្រួល​ដល់​កូន​ខ្មែរ​យើង​ដែល​គ្រួសារ​ទាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​ក្រៅ​ប្រទេស​សុំ​យក​ទៅ​ចិញ្ចឹម»

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចាត់ទុក​ច្បាប់​ស្មុំ​កូន​ដែល​រដ្ឋ​សភា​បាន​អនុម័ត​នេះ​ថា មាន​សារសំខាន់​បំផុត​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ដែល​ត្រូវ​បាន​សប្បុរស​ជន​នៅ​ក្រៅ​ប្រទេស​មក​ស្មុំ​យក​ទៅ​ចិញ្ចឹម ព្រោះ​កុមារ​អាច​ទទួល​បាន​ការ​សិក្សា​ខ្ពស់។

លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ៖ «ច្បាប់​នេះ​ល្អ វា​នៅតែ​បញ្ហា​ការ​អនុវត្ត​ទេ ធ្វើ​ម៉េច​អនុវត្ត​កុំ​ឲ្យ​មាន​ប៉ះពាល់​ដល់​បញ្ហា​ពុក​រលួយ បញ្ហា​អី​ហ្នឹង​ណា៎»

លោក​ស្រី សាខឿន សុវត្ថឌី អគ្គ​នាយក​រង​ផ្នែក​ច្បាប់​ក្រសួង​កិច្ចការ​នារី បាន​ចាត់​ទុក​ច្បាប់​ស្មុំ​កូន​អន្តរ​ប្រទេស​នេះ​ថា​មាន​ប្រយោជន៍​ដល់​កុមារ​កម្ពុជា។

លោក​ស្រី សាខឿន សុវត្ថឌី បាន​ថ្លែង​ថា ៖ «កាល​ណា​មាន​ច្បាប់​ហ្នឹង​យើង​រៀបចំ​ស្រួល​បួល​ទាក់ទង​នឹង​ការ​ស្មុំ​កូន​របស់​ប្រជាជន​ខ្មែរ​យើង​ចេញ​ទៅ​បរទេស»

សម្រាប់​លោក យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា បាន​សាទរ​ទៅ​នឹង​រដ្ឋ​សភា​ដែល​បាន​អនុម័ត​ច្បាប់​ស្មុំ​កូន​នេះ ៖ «បន្ទាប់​ពី​ច្បាប់​ហ្នឹង​អនុម័ត​ទៅ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​ភ្នាក់ងារ​កណ្ដាល​ឬ​ឈ្នួញ​ហ្នឹង វា​ពិបាក​នៅ​ក្នុង​ការ​ស្មុំ​កូន»

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ស្មុំ​កូន​អន្តរ​ប្រទេស ដែល​ត្រូវ​បាន​រដ្ឋ​សភា​កម្ពុជា​ធ្វើការ​អនុម័ត​នេះ ចែក​ចេញ​ជា​១០​ជំពូក​និង​៥៨​មាត្រា។ កន្លង​មក​មាន​របាយការណ៍​បាន​លើក​ឡើង​ថា ការ​ស្មុំ​កូន​ពី​កម្ពុជា​ទៅ​ចិញ្ចឹម​នៅ​បរទេស​នេះ​មាន​កើត​បាតុភាព​មិន​ប្រកតី​មួយចំនួន ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​លក់​ដូរ មាន​អំពើ​ពុក​រលួយ និង​នាំ​ឲ្យ​ប្រទេស​មួយចំនួន​បាន​ហាម​មិន​ឲ្យ​មាន​ការ​សុំ​កូន​ពី​កម្ពុជា​យក​ទៅ​ចិញ្ចឹម​ត​ទៅ​ទៀត៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

នាយក​រដ្ឋមន្ត្រី​សម្រេច​យក​សម័យ​ប្រជុំ​ថ្ងៃ​១១ ធ្នូ ដើម្បី​ឆ្លង​សេចក្ដី​ព្រាង​ច្បាប់​អំពើ​ពុក​រលួយ

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ