លោកស្រី ហូ នូន សមាជិកសភានិងជាតំណាងរដ្ឋាភិបាលឡើងការពារច្បាប់ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីស្មុំកូនអន្តរប្រទេសនេះធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្នុងការរកគ្រួសារល្អឲ្យកុមារដើម្បីឧត្តមប្រយោជន៍របស់កុមារ។
លោកស្រីបញ្ជាក់ថា ស្មុំកូនអន្តរប្រទេសជាជម្រើសចុងក្រោយបំផុត បន្ទាប់ពីបានខិតខំអស់លទ្ធភាពក្នុងការស្វែងរកគ្រួសារអចិន្ត្រៃយ៍ឲ្យកុមារនៅក្នុងប្រទេស។ មានន័យថា តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងធ្វើឲ្យប្រទេសកម្ពុជាពង្រឹងពង្រីកសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាភាគីនៃអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងទៅនឹងស្មុំកូនអន្តរប្រទេសនិងប្រទេសនានាដែលមានកិច្ចសហប្រតិបត្តិការស្មុំកូនពីកម្ពុជាដើម្បីទប់ស្កាត់ការជួញដូរកុមារ។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំងអស់បានគាំទ្រទាំងស្រុងចំពោះការអនុម័តច្បាប់ស្មុំកូនអន្តរប្រទេសរបស់រដ្ឋសភាកម្ពុជានាពេលនេះ។ ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើការតាមដានបណ្តាប្រទេសដែលបានស្មុំកុមារពីកម្ពុជាយកទៅចិញ្ចឹមនេះឲ្យបានដិតដល់។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «ច្បាប់ហ្នឹងមានប្រយោជន៍ពីព្រោះជួយសម្រួលដល់កូនខ្មែរយើងដែលគ្រួសារទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសសុំយកទៅចិញ្ចឹម»។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចាត់ទុកច្បាប់ស្មុំកូនដែលរដ្ឋសភាបានអនុម័តនេះថា មានសារសំខាន់បំផុតដល់កុមារក្រីក្រកម្ពុជាដែលត្រូវបានសប្បុរសជននៅក្រៅប្រទេសមកស្មុំយកទៅចិញ្ចឹម ព្រោះកុមារអាចទទួលបានការសិក្សាខ្ពស់។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «ច្បាប់នេះល្អ វានៅតែបញ្ហាការអនុវត្តទេ ធ្វើម៉េចអនុវត្តកុំឲ្យមានប៉ះពាល់ដល់បញ្ហាពុករលួយ បញ្ហាអីហ្នឹងណា៎»។
លោកស្រី សាខឿន សុវត្ថឌី អគ្គនាយករងផ្នែកច្បាប់ក្រសួងកិច្ចការនារី បានចាត់ទុកច្បាប់ស្មុំកូនអន្តរប្រទេសនេះថាមានប្រយោជន៍ដល់កុមារកម្ពុជា។
លោកស្រី សាខឿន សុវត្ថឌី បានថ្លែងថា ៖ «កាលណាមានច្បាប់ហ្នឹងយើងរៀបចំស្រួលបួលទាក់ទងនឹងការស្មុំកូនរបស់ប្រជាជនខ្មែរយើងចេញទៅបរទេស»។
សម្រាប់លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា បានសាទរទៅនឹងរដ្ឋសភាដែលបានអនុម័តច្បាប់ស្មុំកូននេះ ៖ «បន្ទាប់ពីច្បាប់ហ្នឹងអនុម័តទៅ យ៉ាងហោចណាស់ក៏ធ្វើឲ្យភ្នាក់ងារកណ្ដាលឬឈ្នួញហ្នឹង វាពិបាកនៅក្នុងការស្មុំកូន»។
សេចក្តីព្រាងច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ដែលត្រូវបានរដ្ឋសភាកម្ពុជាធ្វើការអនុម័តនេះ ចែកចេញជា១០ជំពូកនិង៥៨មាត្រា។ កន្លងមកមានរបាយការណ៍បានលើកឡើងថា ការស្មុំកូនពីកម្ពុជាទៅចិញ្ចឹមនៅបរទេសនេះមានកើតបាតុភាពមិនប្រកតីមួយចំនួន ដោយមានការចោទប្រកាន់ថាមានការលក់ដូរ មានអំពើពុករលួយ និងនាំឲ្យប្រទេសមួយចំនួនបានហាមមិនឲ្យមានការសុំកូនពីកម្ពុជាយកទៅចិញ្ចឹមតទៅទៀត៕
