នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីប្រាសាទព្រះវិហារ កុមារខ្មែរម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត ស្ថិតក្នុងអាការៈពុលធ្ងន់ធ្ងរ បន្ទាប់ពីពួកគេបានទិញស្ករគ្រាប់យកមកចែកគ្នាហូប កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ។
បុរសឈ្មោះ ផាន់ រ៉ន អាយុ៤៩ឆ្នាំបានអះអាងកាលពីព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ថាកុមារទាំង៤គឺជាចៅប្រុសនិងកូនស្រីក្រោមការមើលថែរបស់គាត់និងប្រពន្ធជារៀងរាល់ថ្ងៃ ។
បុរសដដែលបានអះអាងថា ចៅប្រុសរបស់គាត់ឈ្មោះ ធឿន ធៀន អាយុ៥ឆ្នាំបានស្លាប់បន្ទាប់ពីហូបស្ករគ្រាប់ ឯកូនស្រីឈ្មោះ រ៉ន ម៉ៅ អាយុ១៤ឆ្នាំ និងចៅ២នាក់ទៀតបានពុលបន្តគ្នា បន្ទាប់ពីកូនស្រីបានទិញស្ករគ្រាប់ចំនួន៨គ្រាប់ពីតូបលក់ដូរនៅក្នុងភូមិមកចែកឲ្យក្មួយៗ ។
លោក ផាន់ រ៉ន បានឲ្យដឹងថា ៖ «ទិញស្ករគ្រាប់ចំនួន៨គ្រាប់ ១គ្រាប់ ១០០ ។ មីងហ្នឹងបានចែកឲ្យម្នាក់១គ្រាប់នៅសល់៤គ្រាប់ទុកនៅនឹងកាត៉ាប ខ្ញុំអត់ដឹងទេ ។ ដល់ហើយយាយរៀបចំឲ្យហូបបាយ ឃើញមុខចៅស្វាយ សង្ស័យថាខ្យល់គរ ដល់ពេលនេះទៅកោសខ្យល់ ដល់ពេលកោសខ្យល់ទៅ យាយមកពីជើងថា ផឹកថ្នាំសាកមើលក្រែងគ្នាពុល ពេទ្យក៏ព្យួរស៊ីរ៉ូមទៅ ដាច់ខ្យល់ ។ ខ្ញុំមើលអាចៅឯណេះឡើងបន្តទៀត មុខដូចគ្នាទៀត ទាំងអស់មានគ្នា៤នាក់» ។
ប្រធានមណ្ឌលសុខភាពភូមិស្រអែម អ្នកស្រី ដួង ផាត បានមានប្រសាសន៍ថាកុមារម្នាក់ដែលស្លាប់បាត់បង់ជីវិតក្នុងចំណោមកុមារ៣នាក់ផ្សេងទៀត គឺមានស្នាមឡើងខ្មៅពេញខ្លួនដោយបាត់បង់ជាតិឈាមក្រហម ហើយតាមការសាកសួរក្រុមគ្រួសារថាបណ្ដាលមកពីពួកគេញ៉ាំស្ករគ្រាប់ ។
អ្នកស្រី ដួង ផាត បានមានប្រសាសន៍ថា ៖ «ក្មេងដែលចូលមកដល់ប្រកាច់អត់ដឹងខ្លួនស្រេច ស្វាយឡើងខ្មៅ ពួកខ្ញុំមកដល់ដាក់ស៊ីរ៉ូមទៅខុស ដកឈាមចេញមកឡើងខ្មៅ ខ្មៅទាំងត្របកភ្នែក គ្រាប់ភ្នែក ខ្មៅទាំងអស់ ។ សង្ស័យថាមកពីស្ករគ្រាប់ ស្ករគ្រាប់មូលៗ មានដោតជ័រសម្រាប់កាន់...» ។
តាមគ្រូពេទ្យបានអះអាងថាកុមារ៣នាក់ត្រូវបានសង្រ្គោះរួចផុតពីគ្រោះថ្នាក់ ហើយពេទ្យបានប្រមូលយកស្ករគ្រាប់ចំនួន៤គ្រាប់ដើម្បីពិសោធ ថាតើស្ករគ្រាប់ទាំងនោះពិតជាមានជាតិពុលឬយ៉ាងណា ? ក៏ប៉ុន្តែទោះជាយ៉ាងណាគ្រូពេទ្យមិនអាចអះអាងពីលទ្ធផលនៃការពិសោធបានទេ ដោយសារតែទីនោះគ្មានឧបករណ៍ពិសោធន៍ ។
ចំណែកប្រធានប៉ុស្តិ៍នគរបាលឃុំកន្ទួត លោកអនុសេនីយ៍ត្រី ជប់ សុំ បានមានប្រសាសន៍ថាសមត្ថកិច្ចបានទៅពិនិត្យមើលស្ករគ្រាប់តាមការអះអាងរបស់ក្រុមគ្រួសារកុមាររងគ្រោះ ហើយដឹងថាជាផលិតផលរបស់ប្រទេសវៀតណាម យីហោ DUYEN THAM ។
លោកអនុសេនីយ៍ត្រី ជប់ សុំ បានបញ្ជាក់ថា ៖ «យើងបានដកហូតមកហើយ ។ ខ្ញុំមិនដឹងអីទេអក្សរហ្នឹង ប៉ុន្តែឲ្យគ្រូពេទ្យមើលមិញថាផលិតនៅប្រទេសវៀតណាម អក្សរវៀតណាមតែម្ដង ។ ស្ករគ្រាប់ទាំងអស់៥ថង់ ប៉ុន្តែគេលក់អស់មួយថង់កន្លះហើយ នៅសល់៣ថង់កន្លះទៀត» ។
មន្រ្តីប៉ូលិសនិយាយថាគេបានដកហូតយកស្ករគ្រាប់ទាំងនោះពីតូបលក់ដូរអស់ហើយ សម្រាប់ធ្វើការពិសោធ ។
ទោះយ៉ាងណាពុំមានការពន្យល់ឲ្យបានច្បាស់អំពីបញ្ហាថាតើមានសារធាតុអ្វីនៅក្នុងគ្រាប់ស្ករដែលបណ្តាលឲ្យពុលនោះនៅឡើយទេ ដោយប៉ូលិសគ្រាន់តែរកឃើញថា ស្ករគ្រាប់នោះគឺផុតអាយុកាលប្រើប្រាស់ទៅហើយ ។
ក្រុមគ្រូពេទ្យប្រចាំតំបន់បាននិយាយថានេះជាការពុលចំណីអាហារលើកដំបូងនៅក្នុងតំបន់របស់គេ រហូតដល់កុមារម្នាក់ស្លាប់ដែលគេពុំធ្លាប់ជួបប្រទះហេតុការណ៍នេះពីមុនមកទេ ៕
អ្នករត់តាក់ស៊ីនៅបន្ទាយមានជ័យប្ដឹងក្រុមហ៊ុនពីបទធ្វើឲ្យខូចខាតរថយន្ត
ពលរដ្ឋនៅកំពង់ឆ្នាំងត្រេកអរចំពោះការបង្រ្កាបវង់ល្បែង
បដិមាព្រះវិស្ណុនិងព្រះនាងលក្សី្មត្រូវគេប្រទះឃើញនៅកំពង់ចាម
កម្មការិនីម្នាក់ត្រូវគេសង្ស័យថាស្លាប់ដោយសារខំធ្វើការខ្លាំងពេក
អំពើហិង្សានិងការរំលោភផ្លូវភេទកើនឡើងក្នុងឆ្នាំ២០០៩
អ្នកភូមិនៅស្រុកកណ្ដាលស្ទឹងរង់ចាំលទ្ធផលពីការចរចាតម្លៃអគ្គិសនី
អាជ្ញាធរខែត្រកណ្ដាលរារាំងការតវ៉ាពីបញ្ហាភ្លើងឡើងថ្លៃ
ប៉ូលិសប៉ុស្តិ៍នៅអន្លង់វែងរងការចោទថាអនុវត្តច្បាប់មិនសមរម្យ
អ្នកភូមិស្នើសុំធ្វើស្រែលើដីដែលអាជ្ញាធរហាមឃាត់ឡើងវិញ
ស្រ្ដីម្នាក់អះអាងថាជាម្ដាយបង្កើតរបស់កុមារីដែលត្រូវម្ដាយចិញ្ចឹមធ្វើបាប
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.