វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​សិទ្ធិ​កុមារ​នៅ​ខេត្ត​ក្រចេះ

មនុស្ស​ជាង ៥០​នាក់ បាន​ចូល​រួម​វគ្គ​បណ្តុះបណ្ដាល​ស្តីពី​សិទ្ធិ​កុមារ​សម្រាប់​មិត្ត​អប់រំ​មិត្ត នៅ​អនុវិទ្យាល័យ​កន្ទួត ស្រុក​ក្រចេះ ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី ២០ ឧសភា ។

0:00 / 0:00

វគ្គ​បណ្តុះបណ្ដាល​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​អង្គការ កាដុក ក្រោម​ការគាំទ្រ​ថវិកា​របស់​អង្គការ​អូស្រ្តាលី សង្រ្គោះ​កុមារ ហៅ​ថា ស្កា និង​អង្គការ កូយកា ដែល​បាន​កំណត់​យក​កុមារ ៦០០​នាក់ ដែល​កំព្រា និង​ងាយ​រងគ្រោះ​ក្នុង​ឆ្នាំ​ដំបូង សម្រាប់​គោល​ដៅ ហើយ​បាន​ជ្រើសរើស ក្រុម​មិត្ត​អប់រំ​មិត្ត ចំនួន ៣៤​នាក់ ជាជន​បង្គោល មក​ពី១៧​ឃុំ ក្នុង​ស្រុក​ក្រចេះ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​ដំបូង ។

នាយិកា​នៃ​អង្គការ កាដុក គឺ​អ្នកស្រី ងួន សុផានី បាន​ផ្ដល់​សម្ភាសន៍​ពេល​សម្រាក​ថា ការបើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង គឺ​អង្គការ​អ្នកស្រី​សង្កេត​ឃើញ​កុមារ​នៅ​ជន​បទ​ងាយ​រងគ្រោះ ដោយសារ​ការរំលោភ​សិទ្ធិ​ផ្សេងៗ ដូច​ជា​សិទ្ធិ​រស់រាន សិទ្ធិ​ចូលរួម​ក្នុង​ការអភិវឌ្ឍ សិទ្ធិ​ការពារ និង​សិទ្ធិ​អប់រំ​មិត្ត ។

អ្នកស្រី ងួន សុផានី មាន​ប្រសាសន៍​ថា ៖ «អង្គការ​បាន​មើល​ឃើញ​ថា កុមារ​នៅ​តាម​មូលដ្ឋាន វា​ងាយ​ក្នុង​ការរងគ្រោះ ។ កាលណា​ពួក​គេ​មិន​បាន​យល់​អំពី​សិទ្ធិ គេ​អត់​បាន​ជួយ​ខ្លួនឯង ហើយ​គេ​អត់​បាន​ជួយ​មិត្ត​គ្នា​គេ ក៏​ដូចជា​គេ​អត់​បាន​ជួយ​គ្រួសារ និង​សង្គម​ផង​ដែរ ។ បញ្ហា​នេះ​ហើយ​បាន​ជា​យើង​លើក​គម្រោង​នេះ ដើម្បី​ធ្វើ​ការ​អប់រំ​ឲ្យ​បាន​យល់ ឲ្យ​ពួកគេ​បាន​ជួយ​ខ្លួន​គេ»

កុមារី ចន្នី អាយុ ១៤​ឆ្នាំ មក​ពី​សាលា​ជួរ​ក្រូច ឃុំ​ថ្ម​អណ្ដើក ដែល​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នោះ​ដែរ បាន​ផ្ដល់​សម្ភាសន៍​ថា គ្រួសារ​កុមារី​បែក​ខ្ញែក​គ្នា​រប៉ាត់​រប៉ាយ ដោយសារ​តែ​ភាពក្រីក្រ ហើយ​មាន​ចិត្ត​រីករាយ​ណាស់​នៅ​ពេល​ដែល​អង្គការ​ជ្រើសរើស​មក​បណ្ដុះបណ្ដាល​ជា​កុមារ​បង្គោល​សម្រាប់​មិត្ត​អប់រំ​មិត្ត ។

កុមារី ចន្នី រៀបរាប់​ដូច្នេះ​ថា ៖ «អត់​ចេះ​ស្រលាញ់​គ្នា និយាយ​ជេរ​គ្នា វ៉ៃ​គ្នា អត់​ចេះ​ជួយ​គ្នា ហើយ​ខ្លះ​គេច​ពី​សាលា ខ្លាច​គ្រូ ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អង្គការ​ជ្រើសរើស​យក​មិត្ត​អប់រំ​មិត្ត ទៅ​បង្រៀន​គេ​បន្ត​ទៀត ។ ពេល​ធ្វើ​ខុស​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ»

នាយិកា​នៃ​អង្គការ​កាដុក បាន​ឲ្យ​ដឹង​បន្ថែម​ថា ដោយសារ​តែ​ការ​អប់រំ​មិន​ដិត​ដល់ ទើប​កុមារ​មួយ​ចំនួន​ងាយ​ត្រូវ​គេ​អូស​ទាញ​យក​ទៅ​ជួញ​ដូរ​ផ្លូវ​ភេទ ឬ​ជួញ​ដូរ​ពលកម្ម​ជា​ដើម ។

អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ក្រចេះ គឺ​លោក យូ គឹមឡាយ ដែល​ចូល​រួម​ក្នុង​វគ្គ​នោះ​ដែរ បាន​ជម្រាប​ថា កម្មវិធី​នេះ​មាន​សារសំខាន់​ក្នុង​ការជួយ​លើក​ស្ទួយ​ដល់​កុមារ ដែល​មាន​ផល​លំបាក ដូច​ជា​មាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​អាហារ និង​សម្ភារៈ​សម្រាប់​ការសិក្សា​ជា​ដើម ។

លោក យូ គឹមឡាយ មាន​ប្រសាសន៍​ថា ៖ «ជា​ថ្នាក់​ដឹក​នាំ​គាត់​មាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​គាត់​ខ្លាច​ក្រែងលោ​វា​អត់​ចំ​គោលដៅ តែ​ដល់​ពេល​អង្គការ​គាត់​ធ្វើ​ទៅ ឃើញ​ថា​ចំ​គោលដៅ​របស់​គាត់ ដូច្នេះ​ខាង​ប្រធាន​មន្ទីរ​ក៏​គាត់​សប្បាយ​ចិត្ត​ដែរ ដោយសារ​ការជ្រើសរើស​ហ្នឹង​ត្រឹម​ត្រូវ​ល្អ»

នាយិកា​នៃ​អង្គការ​កាដុក គឺ​អ្នកស្រី ងួន សុផានី បាន​ឲ្យ​ដឹង​ថា អង្គការ​សង្គ្រោះ​កុមារ​អូស្រ្តាលី និង​អង្គការ​កូយកា បាន​ផ្ដល់​ប្រាក់​គាំទ្រ​គម្រោង​សាក​ល្បង​ប្រមាណ​ជាង ១​សែន​ដុល្លារ​នៅ​ឆ្នាំ​ដំបូង​ដើម្បី​ពង្រឹង​សិទ្ធិ​កុមារ​តាម​មូលដ្ឋាន ក្នុង​ស្រុក​ក្រចេះ និង​ស្រុក​ព្រែកប្រសព្វ ៕