កុមារ​ភាគ​ច្រើន​នៅ​ភូមិ​បណ្ដែត​ទឹក​នៃ​បឹង​ទន្លេសាប​ឈប់​រៀន​ត្រឹម​ថ្នាក់​បឋម​សិក្សា

អង្គការ​ស្បៀង​អាហារ​ពិភពលោក និង​អង្គការ​បេសកកម្ម​មេត្តា​ករុណា កំពុង​ជួយ​ឧបត្ថម្ភ​ស្បៀង​អាហារ​សម្ភារៈ​សិក្សា និង​សម្លៀកបំពាក់​ផង ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​សិស្ស​ដែល​រស់នៅ​ភូមិ​បណ្ដែត​ទឹក (ពាម​តាអ៊ួ) នៃ​បឹង​ទន្លេសាប ស្រុក​ពួក ដើម្បី​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​គ្រប់​គ្រាន់ និង​ទៅ​រៀន​បាន​ទៀង​ទាត់។
ដោយ ហង្ស សាវយុត
2012-12-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាលា​បឋម​សិក្សា​បណ្ដែត​ទឹក ៣០៥
២៧-ធ្នូ-២០១២៖ សាលា​បឋម​សិក្សា​បណ្ដែត​ទឹក ជា​ជំនួយ​របស់​អង្គការ​បេសកកម្ម​មេត្តា​ករុណា នៅ​ក្នុង​បឹង​ទន្លេសាប ភូមិ​ពាម​តាអ៊ួ ឃុំ​កែវពណ៌ ចម្ងាយ​ប្រមាណ​ជិត ១០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ពី​ទី​រួម​ស្រុក​ពួក។
RFA/Hang Savyouth

ការ​ផ្តល់​ស្បៀង​អាហារ និង​សម្ភារៈ​សិក្សា​នោះ នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា​មាន​កុមារ​ជា​ច្រើន​នៅ​តំបន់​នោះ​តែង​បោះ​បង់​ចោល​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​បឋម​សិក្សា ដោយ​សារ​តែ​ជួប​ប្រទះ​លើ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ។

តើ​ក្នុង​ភូមិ​បណ្ដែត​ទឹក​នៃ​បឹង​ទន្លេសាប នោះ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្វះ​ធនធាន​មនុស្ស​យ៉ាង​ណា?

ពាម​តាអ៊ួ គឺ​ជា​ឈ្មោះ​ភូមិ​បណ្ដែត​ទឹក​មួយ​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​កែវពណ៌ ចម្ងាយ​ប្រមាណ​ជិត ១០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ពី​ទី​រួម​ស្រុក​ពួក។ ជា​រៀង​រាល់ថ្ងៃ កុមារ​ជាច្រើន​តែង​នាំ​គ្នា​អុំ​ទូក​តូចៗ​ចាក​ចេញ​ពី​ផ្ទះ កាត់​ផ្ទៃ​ទឹក​ទន្លេ​ឆ្ពោះ​ទៅ​កាន់​សាលា​រៀន​បណ្ដែត​ទឹក​មួយ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជួយ​សាង​សង់​ឱ្យ។

ការ​រៀន​សូត្រ​របស់​កុមារ​នៅ​ទី​នោះ​មិន​ទៀង​ទាត់​ដូច​កុមារ​ដទៃ​ទៀត ដែល​រស់​នៅ​លើ​តំបន់​ដី​គោក​ទេ។ ថ្ងៃ​ខ្លះ ពួក​គេ​បាន​មក​ចូល​រៀន​ច្រើន និង​ថ្ងៃ​ខ្លះ​ទៀត ពួក​គេ​មួយ​ចំនួន​បាន​ខក​ខាន​ដោយ​សារ​តែ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ។

អ្នកស្រី ឈួន សុវណ្ណា គឺ​ជា​គ្រូ​បង្រៀន​ថ្នាក់​ទី៤ ម្នាក់​ក្នុង​ចំណោម​គ្រូ​ជាច្រើន​នាក់​ទៀត​នៃ​សាលា​បឋម​សិក្សា​បណ្ដែត​ទឹក​នៅ​ភូមិ​ពាម​តាអ៊ួ នោះ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា នៅ​ភូមិ​បណ្ដែត​ទឹក​នេះ កុមារ​ជាច្រើន​បាន​ចូល​មក​រៀន​សូត្រ​មិន​បាន​ទៀង​ទាត់​ដូច​កុមារ​ដទៃ​ទៀត​ដែល​រស់នៅ​លើ​ដី​គោក​ទេ។ មូល​ហេតុ​ដែល​កុមារ​មិន​បាន​មក​រៀន​ទៀត​ទាត់ ដោយ​សារ​តែ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មិន​មាន​ភាព​ងាយ​ស្រួល។ ពួក​គេ​ត្រូវ​ទៅ​សាលា​រៀន ដោយ​នាំ​គ្នា​អុំ​ទូក ក៏ប៉ុន្តែ​ថ្ងៃ​ខ្លះ​ដែល​ពុំ​មាន​ទូក គឺ​ពួក​គេ​ក៏​មិន​បាន​ទៅ​រៀន​ដែរ។

អ្នកស្រី ឈួន សុវណ្ណា៖ «សិស្ស​យើង​មាន​ផល​លំបាក គឺ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​មក​រៀន បាត់​ឃើញៗ​បាត់​ទៅ។ ណា​មួយ​គ្នា​វា​ក្រីក្រ​ច្រើន មក​រៀន​ទាល់​តែ​មាន​ទូក បាន​មក​បាន។ ពី​ដើម​ឆ្នាំ​មក វា​មាន​សិស្ស​អាច​បោះ​បង់​អត់​មក​រៀន ស៊ើប​សួរ​ទៅ គឺ​ភាគ​ច្រើន​គាត់​អត់​មធ្យោបាយ ម្យ៉ាង​ទៀត​មាន​សិស្ស​ខ្លះ​ខ្ជិល​រៀន​បណ្ដោយ»

ការ​ខក​ខាន​ទៅ​រៀន​មិន​ទៀង​ទាត់​របស់​កុមារ​នៅ​តំបន់​នោះ មាន​មូល​ហេតុ​ជាច្រើន ដូច​ជា ពួក​គេ​ត្រូវ​ចេញ​ទៅ​នេសាទ​តាម​ឪពុក​ម្តាយ និង​ការ​ចល័ត​ផ្ទះ​ទៅ​តាម​ទឹក ហើយ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ គឺ​ឆ្ងាយ​ពី​សាលា​រៀន​ជាដើម។ វា​មិន​មែន​ជា​ការ​ងាយ​ទេ​ដែល​កុមារ​តូចៗ​នាំ​គ្នា​ជិះ​កូន​ទូក ហើយ​អុំ​ទៅ​សាលា​រៀន​ជា​រៀង​រាល់​ថ្ងៃ​នោះ។ ពេល​ខ្លះ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ដោយ​សារ​លិច​ទូក។

អ្នកស្រី អ៊ា លាន គឺ​ជា​អ្នក​ភូមិ​ពាម​តាអ៊ួ បាន​មាន​ប្រសាសន៍​ថា គាត់​មាន​កូន​ស្រី​ម្នាក់​ដែល​ចូល​រៀន​នៅ​សាលា​នោះ។ ក៏ប៉ុន្តែ​ថ្ងៃ​ខ្លះ កូន​របស់​គាត់​មិន​បាន​ទៅ​សាលា​រៀន​ទេ ដោយ​សារ​តែ​មិន​មាន​ទូក​សម្រាប់​ធ្វើ​ដំណើរ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា គាត់​តែង​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​ដែល​កូន​របស់​គាត់​អុំ​ទូក​ទៅ​សាលា​រៀន​ម្ដងៗ ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់៖ «ថ្ងៃ​ណា​ទៅ អត់​មាន​ទូក គឺ​ទូក​វា​មាន​តិច ដល់​ពេល​រវល់​ទៅ​រក​ស៊ី​ដែរ។ ព្រួយ​ខ្លាច​ខ្យល់​ប៉ះ​ណា​ខ្យល់​រលក​លិច​ទូក តាម​ផ្លូវ​លិច​ទទឹក​សៀវភៅ ទទឹក​ក្ដារ​អស់។ អុំ​ទៅ​ខ្លួន​ឯង តូចៗ​ហ្នឹង»

បច្ចុប្បន្ន នៅ​ក្នុង​ភូមិ​បណ្ដែត​ទឹក (ពាម​តាអ៊ួ) មាន​សិស្ស​ចំនួន​ប្រមាណ​ជាង ២៤០​នាក់ ចាប់​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី៦ នៃ​សាលា​បឋម​សិក្សា​ដែល​តែង​នាំ​គ្នា​អុំ​ទូក​ទៅ​រៀន។ ក៏ប៉ុន្តែ​ចំ​នួន​នេះ​បាន​ថយ​ចុះ​បន្តិច​ម្តងៗ ដោយ​សារ​ការ​មក​រៀន​មិន​ទៀត​ទាត់ និង​សិស្ស​ខ្លះ​ទៀត​​បាន​បោះ​បង់​ចោល​ការ​សិក្សា​តែ​ម្ដង។

លោក រឿន ខាន ជា​នាយក​សាលា​បឋម​សិក្សា​ពាម​តាអ៊ួ បាន​មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បណ្ដែត​ទឹក​ពាម​តាអ៊ួ គឺ​មាន​ជីវភាព​ក្រីក្រ។ ពួក​គេ​បាន​ទីពឹង​តែ​លើ​មុខ​របរ​នេសាទ​ត្រី​មួយ​មុខ​គត់។ ដោយ​សារ​តែ​ឪពុក​ម្តាយ​មាន​ជីវភាព​ដុនដាប គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ​របស់​កុមារ​មួយ​ចំនួន គឺ​មិន​សូវ​ចូល​សាលា​ទៀត​ទាត់​ទេ។

លោក រឿន ខាន៖ «ដោយ​សារ​ឪពុក​ម្តាយ គាត់​មាន​ជីវភាព​ក្រីក្រ ទីមួយ​គាត់​ត្រូវ​ការ​កម្លាំង​មនុស្ស​ឱ្យ​បាន​ច្រើន ជាពិសេស​គឺ​កូន​របស់​គាត់​ហ្នឹង។ កាល​ណា​គាត់​មាន​កម្លាំង​ច្រើន គាត់​អាច​រក​បាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ដូច្នេះ​ដល់​ពេល​កូន​ធំ​គ្រាន់​ថា​អាច​ល្មម​ប្រើ​បាន​ហើយ គ្រួសារ​មួយ​ចំនួន​អូស​កូន​ហ្នឹង​ទៅ​ប្រើ ដើម្បី​ឱ្យ​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​របស់​គាត់»

នៅ​ពាម​តាអ៊ួ ត្រូវ​គេ​ដឹង​ថា ភាគ​ច្រើន​នៃ​សិស្ស​សាលា បាន​បោះ​បង់​ចោល​ការ​សិក្សា​ត្រឹម​ថ្នាក់​បឋម​សិក្សា​ជា​បន្ត​បន្ទាប់ រហូត​ដល់​ថ្នាក់​ទី៦។ មាន​សិស្ស​ប្រហែល​ជា ៥៥% ប៉ុណ្ណោះ ដែល​នៅ​តស៊ូ​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ ដោយ​ចាក​ចេញ​ពី​ភូមិ​របស់​ពួក​គេ ទៅ​ស្នាក់​នៅ​រៀន​សូត្រ​ឯ​ស្រុក​ពួក ក្នុង​១ឆ្នាំៗ។ រហូត​មក​ដល់​ពេល​នេះ សង្គម​រស់នៅ​ក្នុង​ភូមិ​ពាម​តាអ៊ួ គឺ​ខ្វះ​ធនធាន​ពលរដ្ឋ​ដែល​ជា​អ្នក​ចេះ​ដឹង​ជ្រៅជ្រះ។ ជាច្រើន​ឆ្នាំ​មក​នេះ ភូមិ​ពាម​តាអ៊ួ មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ដែល​កើត​ចេញ​ពី​ភូមិ​នោះ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ពេញ​សិទ្ធិ​នៅ​ក្នុង​ទី​កំណើត​របស់​ពួក​គេ​នៅ​ឡើយ​ទេ។

លោក កែ វណ្ណី ជា​ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ពួក បាន​មាន​ប្រសាសន៍​ថា តំបន់​ដែល​សិស្ស​ទៅ​រៀន​មិន​បាន​ទៀត​ទាត់​នោះ គឺ​នៅ​ភូមិ​បណ្ដែត​ទឹក​ចំនួន ២​កន្លែង គឺ​ភូមិ​ពាម​តាអ៊ួ និង​ឃុំ​ពោធិទ្រាយ។ នៅ​ឯ​ឃុំ​ពោធិទ្រាយ គឺ​មាន​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​នៅ​ពាម​តាអ៊ួ ទៅ​ទៀត។ បញ្ហា​ចោទ​នានា ដូច​ជា​ខ្វះ​ទូក​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ឱ្យ​បាន​ទៀត​ទាត់​នោះ គឺ​ជា​កង្វល់​ដែល​មន្ត្រី​អប់រំ មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។ លោក​ប្រធាន​ការិយាល័យ​អប់រំ​បាន​ឱ្យ​ដឹង​ថា លោក​តែង​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​តាម​សហគមន៍ ដោយ​បញ្ចុះ​បញ្ចូល​ឪពុក​ម្តាយ ធ្វើ​យ៉ាង​ណា​ឱ្យ​បញ្ជូន​កូន​ទៅ​សាលា​រៀន​ឱ្យ​បាន​ទៀង​ទាត់។

អង្គការ​ស្បៀង​អាហារ​ពិភពលោក (វើល​ហ៊្វូត ប្រូក្រាម = World Food Program) និង​អង្គការ​បេសកកម្ម​មេត្តា​ករុណា កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​សិក្សា​របស់​សិស្ស​នៅ​តំបន់​ទាំង​នោះ ដោយ​បាន​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​អាហារ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ ផ្គត់ផ្គង់​ជា​សម្ភារៈ​សិក្សា និង​សម្លៀកបំពាក់​ឱ្យ​កុមារ​បាន​ទៅ​សាលា​រៀន​ទៀត​ទាត់។ បន្ថែម​លើ​នេះ​ទៀត នៅ​ពេល​ដែល​ក្រុម​កូនៗ​របស់​អ្នក​ភូមិ​ទីនោះ​មាន​វ័យ​ធំ ហើយ​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ ឬ​ក៏​វិទ្យាល័យ គឺ​អង្គការ​មួយ​ចំនួន​បាន​ជួយ​សង់​ជា​មជ្ឈមណ្ឌល ដើម្បី​ឱ្យ​បាន​ស្នាក់​នៅ និង​បន្ត​ការ​រៀន​សូត្រ​ក្នុង​ទី​រួម​ស្រុក​ពួក ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទីរួមស្រុកពួកមានចំងាយប្រមាណជា១៥គីឡូមែត្រពីទីរួមខេត្តសៀមរាប ខ្ញុំគិតថាលោកគួរសាកល្បងសុំគោលការពីអភិបាលខេត្ត​ជាកូនទូកតូចៗដល់កុមារទាំងនោះបានទេ?​ប្រសិនបើពួកគាត់មានស្បៀងអាហារតែគានមធ្យោបាយថ្វើដំណើរក៏ពួកគាត់មិនអាចទៅរៀនបានដែរ យើងត្រូវតែរកវីធីបញ្ជូនពត៍មាននេះឲ្យបានដល់សម្តេចតេជោ ខ្ញុំជឿជាក់ថាសម្តេចតេជោលោកមិនព្រងើយឡើយចំពោះស្ថានភាពរបស់កុមារទាំងនោះ​

Jan 24, 2013 06:34 AM