ឌីសគំនូរជីវចលអប់រំកុមារនេះ គេបានចែកជូនបណ្ដាញសង្គមស៊ីវិលពាក់ព័ន្ធ ប៉ូលិស និងអ្នកសារព័ត៌មាន ក្នុងគោលដៅទប់ស្កាត់ការជួញដូរ និងការរំលោភបំពានរាងកាយកុមារក្នុងតំបន់អាស៊ីអាគ្នេយ៍។
បណ្ដាញការពារកុមារអន្តរជាតិ ដែលមានប្រទេសកម្ពុជា ថៃ វៀតណាម ហ្វីលីពីន និងប្រទេសអង់គ្លេស បានជួបពិភាក្សាគ្នាដើម្បីជួយសង្គ្រោះកុមារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យជៀសផុតពីអំពើជួញដូរ និងការរំលោភបំពានរាងកាយ។
អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អ្នកស្រី លេសសី សនឌីសាន់ (Lesley M.Saunderson) មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីការការពារកុមារក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃព្រហស្បតិ៍ ទី១ មីនា ថា ស្ថានទូតអង់គ្លេសបានរៀបចំពេលវេលាឲ្យសមាជិកបណ្ដាញការពារកុមារអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា(ICPN) បានជួបជុំ និងជជែកគ្នាពីសារសំខាន់ៗដ៏មានប្រសិទ្ធភាពអំពីហានិភ័យកុមារ យុវជន និងមនុស្សពេញវ័យ។ ជាងនេះទៅទៀត ក៏ជាឱកាសសម្ពោធខ្សែភាពយន្តគំនូរជីវចលអប់រំកុមារដែលផលិតឡើងដោយមជ្ឈមណ្ឌលការពារការរំលោភបំពានកុមារនៅតាមប្រព័ន្ធអ៊ីនធឺណិត របស់ចក្រភពអង់គ្លេស ដែលទើបបានបកប្រែជាភាសាខ្មែរ។
អ្នកស្រី លេសសី សនឌីសាន់៖ «នេះជាឱកាសមួយល្អសម្រាប់ធ្វើការមួយនៅក្នុងតំបន់ដើម្បីជួយកុមារនៅក្នុងតំបន់ ដូចជានៅក្នុងប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ជាការរួមគំនិតគ្នាមួយរៀបចំសិក្ខាសាលានេះឡើងដើម្បីជួយសង្គ្រោះដល់កុមារ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចូលរួមបើកសម្ពោធគំនូរជីវចលអប់រំកុមារបានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់បណ្ដាញការពារកុមារដែលបានរិះរកវិធីរួមចំណែកទប់ស្កាត់អំពើជួញដូរ និងការរំលោភបំពានកុមារ។
លោកបានថ្លែងថា ទន្ទឹមដែលកម្ពុជា បានធ្វើ និងអនុវត្តច្បាប់អំពើជួញដូរមនុស្ស និងការពារអនីតិជន និងច្បាប់ជាច្រើនទៀតក្នុងគោលដៅការពារកុមារនោះ។ លោកស្នើឲ្យក្រុមហ៊ុនសាជីវកម្ម ផ្នែកឯកជនផ្សេងទៀតចូលរួមក្នុងសកម្មភាពការពារកុមារនេះដែរ។
លោក ស ខេង៖ «ខ្ញុំមានសេចក្ដីសោមន្យរីករាយ និងការប្រកាសដាក់ឲ្យប្រើប្រាស់នូវវីដេអូគំនូរជីវចលថ្មីលើកទី២ ដែលត្រូវបានបញ្ចូលសំឡេងជាភាសាខ្មែរសម្រាប់ការប្រើប្រាស់នៅកម្ពុជា និងធ្វើឲ្យកុមារអាចស្វែងយល់អំពីគ្រោះថ្នាក់នានា និងវិធីសាស្ត្រការពារខ្លួន»។
គំនូរជីវចលនិយាយអំពីបញ្ហាជួញដូរកុមារ ការរំលោភបំពានផ្លូវភេទលើកុមារក្នុងសហគមន៍ដែលត្រូវបានគេចែកចាយនោះ មានរយៈពេលជិត ១០នាទី ហើយបានបកប្រែជាភាសាខ្មែរ ដែលនិយាយអំពីក្មេងប្រុសក្មេងស្រី ឈ្មោះ ម៉ៃ និង តាំ។
អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អ្នកស្រី លេសសី សនឌីសាន់ មានជំនឿថា គំនូរជីវចលនេះ ជាសារមួយសំខាន់ដល់កុមារឲ្យគេចេះប្រយ័ត្នប្រយែងខ្លួន៖ «គឺបានន័យថា កុមារទាំងឡាយគួរតែមានកម្លាំងចិត្តនិយាយអ្វីដែលគេធ្វើចំពោះខ្លួន ហើយគាត់គួរតែប្រាប់អ្នកដែលគាត់ទុកចិត្តម្នាក់ទៀតឲ្យគាត់មានកម្លាំងចិត្តដើម្បីនិយាយចេញមកប្រាប់អ្នកដទៃនៅពេលមានអ្នកបំពារបំពានលើរូបគាត់»។
នេះជាកិច្ចជំនួបលើកទី៣ ដែលបណ្ដាញការពារកុមារអន្តរជាតិ មានកម្ពុជា ថៃ វៀតណាម ហ្វីលីពីន និងប្រទេសអង់គ្លេស ជាសមាជិកបានជួបជុំគ្នា។ ហើយគំនូរជីវចលនេះ ត្រូវបានបកប្រែពីភាសាអង់គ្លេសមកភាសាថៃ និងបកប្រែជាភាសាខ្មែរ បន្ទាប់មកគេគ្រោងបកប្រែជាភាសាវៀតណាម ទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
