លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញក្រោយដំណើរវិលត្រឡប់ពីប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រាក់ហិរញ្ញប្បទានទាំងនោះគឺដើម្បីក៏សាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងធារាសាស្ត្រ។
លោក ហោ ណាំហុង បានបញ្ជាក់ថា ៖ «២៦០លានដុល្លារក្នុងក្របខ័ណ្ឌឆ្នាំ២០០៨ សម្រាប់គម្រោង៥។ គម្រោងទី១ គឺការកសាង ទី១ គឺផ្លូវ៦២ ពីកំពង់ធំទៅត្បែងមានជ័យ ផ្លូវទី២ គឺផ្លូវលេខ៨ ពីអន្លង់វែងទៅម៉ឺនជ័យ។ គម្រោងទី២ គឺប្រព័ន្ធទឹកនៅខេត្តបាត់ដំបង។ គម្រោងទី៣ គឺកសាងផ្លូវជាតិលេខ៧៦ ពីសែនមនោរម្យទៅដាក់ដាំ។ គម្រោងទី៤ គឺរៀបចំការគ្រប់គ្រងទឹកជំនន់នៅកំពង់ត្របែក ខេត្តព្រៃវែង។ ឯគម្រោងទី៥ គឺការកសាងប្រព័ន្ធអគ្គិសនីនៅជុំវិញទីក្រុងភ្នំពេញសម្រាប់ប្រជាជនយើងដែលមានជីវភាពទន់ខ្សោយ...»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងទៀតថា ប្រាក់ដែលនៅសល់ពីគម្រោងចំនួន៣០លានដុល្លារទៀតនោះ គឺយកទៅសាងសង់ស្ពានជ្រោយចង្វាមួយបន្ថែមទៀត។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ទៀតថា ប្រាក់ហិរញ្ញប្បទានដែលរដ្ឋាភិបាលបានស្នើសុំរដ្ឋាភិបាលចិនសម្រាប់គម្រោងឆ្នាំ២០០៩នេះ គឺចំនួន៥៩៣លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍគម្រោងចំនួន១១។
លោកបានថ្លែងទៀតថា ក្នុងដំណើរទៅខេត្តស៊ីជួន (Sichuan) របស់ប្រទេសចិននោះ ប្រទេសចិនបានឲ្យប្រាក់ហិរញ្ញប្បទានចំនួន១០០លានយុនបន្ថែមទៀត ដែល៥០លានយុនយកការប្រាក់ទាប និង៥០លានយុនទៀតជាជំនួយឥតសំណង។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹងទៀតថា លេខាបក្សកុម្មុយនីសចិននៃខេត្តស៊ីជួនក៏បានផ្តល់ម៉ាស៊ីនបូមទឹកចំនួន៥០គ្រឿង ត្រាក់ទ័រចំនួន៣០គ្រឿង និងរថយន្តធុនធំចំនួន១០គ្រឿង ហើយក៏មានផ្តល់អាហារូបករណ៍សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទៅរៀននៅប្រទេសចិនដែរ៕
