ចិន ផ្តល់​ឧទ្ធម្ភាគចក្រ ១២​គ្រឿង​ដល់​កម្ពុជា

នាយ​ទាហាន​ជាន់​ខ្ពស់​ចិន និង​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រគល់​សម្ភារៈ​យោធា​ចិន មួយ​ចំនួន​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២៣ ខែ​មករា នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។ សម្ភារៈ​យោធា​ទាំង​នោះ រួម​មាន​ទាំង​យន្តហោះ​មួយ​ចំនួន​ផង។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន ទទួល​បន្ទុក​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការពារ​ជាតិ តំណាង​ភាគី​កម្ពុជា បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​នោះ។

សម្ភារៈ​យោធា​សំខាន់ៗ​ទាំង​នោះ​ត្រូវ​បាន​ភាគី​ចិន បាន​សម្រេច​ផ្តល់​ឲ្យ​តាម​សំណើ​ភាគី​កម្ពុជា សម្រាប់​បំពាក់​ដល់​កង​កម្លាំង​យោធា​កម្ពុជា ក្នុង​ការ​បណ្តុះ​បណ្ដាល និង​ហ្វឹកហ្វឺន​ដើម្បី​បង្កើន​សមត្ថភាព​យោធា និង​បាន​ផ្តល់​សម្ភារៈ​ត្រែ​ទ័ព​សម្រាប់​ព្រះរាជ​ពិធី​ព្រះបរមសព នៃ​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ខាងមុខនេះ។

ដោយ​ឡែក ភាគី​យោធា​ចិន ក៏​បាន​សម្រេច​ផ្តល់​ឲ្យ​កម្ពុជា នូវ​ឧទ្ធម្ភាគចក្រ​ចំនួន ១២​គ្រឿង ក្រោម​ជំនួយ​កម្ចី​សម្បទាន​របស់​ចិន ស្មើ​នឹង​តម្លៃ ១៩០​លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ​ការ​សង្គ្រោះ​បន្ទាន់ និង​ការពារ​បូរណភាព​ដែនដី ដែន​ទឹក និង​ដែន​អាកាស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី ដែល​បាន​ចូល​រួម​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​ការពារ​ជាតិ ថា ជំនួយ​ទាំង​នោះ គឺ​នៅ​ចំ​ពេល​ដែល​កម្ពុជា កំពុង​តែ​ខ្វះខាត និង​តាម​សំណើ​របស់​កម្ពុជា៖ «គឺ​យើង​នៅ​ខ្វះ​មធ្យោបាយ​ដើម្បី​ហៅ​ថា​ប្រើប្រាស់​សម្រាប់​សង្គ្រោះ​ក្តី ក៏​ដូច​ជា​បង្ក្រាប​នូវ​រាល់​បទ​ល្មើស​ខ្លះ​នៅ​ក្នុង​ទី​ឆ្ងាយៗ ដូច្នេះ​យើង​ខ្វះ​មធ្យោបាយ។ ដូច្នេះ រាជ​រដ្ឋាភិបាល​បាន​រៀបចំ ហើយ​ហ្នឹង គឺ​ហៅ​ថា គិតគូរ​ហៅ​ថា​បំពាក់​ឧបករណ៍​ទាំង​នេះ គឺ​មក​ខាង​កងទ័ព ដើម្បី​បំពេញ​កិច្ច​ការងារ​ទាំង​នោះ ជាពិសេស គឺ​ថា​សម្រាប់​មធ្យោបាយ​មួយ​សម្រាប់​គ្រោះ​អាសន្ន មាន​ការ​ជួយ​សង្គ្រោះ គឺ​ជាពិសេស គឺ​រឿង​ហ្នឹង»

ជាមួយ​គ្នា​នេះ នាយ​រង​សេនាធិការ​កងទ័ព​រំដោះ​ប្រជាជន​ចិន លោក​ឧត្តមសេនីយ៍ឯក​ផ្កាយ​២ លោក ឆី ចៀនគួ (Qi Jianguo) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ភាគី​យោធា​ចិន ជួយ​កម្ពុជា នៅ​ពេល​ណា​ដែល​កម្ពុជា កំពុង​តែ​ត្រូវ​ការ​ឲ្យ​ចិន ជួយ​នៅ​គ្រា​លំបាក៖ «យើង​សម្រេច​ចិត្ត​ក្នុង​ការ​ផ្តល់​ឧទ្ធម្ភាគចក្រ​នោះ គឺ​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ដល់​ប្រទេស​កម្ពុជា ដូច​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​អម្បាញ់មិញ​បាន​មាន​ប្រសាសន៍​ហើយ​ថា នៅ​ពេល​ណា​ប្រទេស​កម្ពុជា មាន​គ្រោះ​ធម្មជាតិ យើង​អាច​ប្រើ​ឧទ្ធម្ភាគចក្រ​នោះ​ទៅ​សង្គ្រោះ»

ទាក់​ទង​នឹង​វត្តមាន​នៃ​នាយ​រង​សេនាធិការ​កងទ័ព​រំដោះ​ប្រជាជន​ចិន នៅ​កម្ពុជា នេះ អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន លោក សីនហ្សូ អាប៊េ (Shinzo Abe) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សមាជិក​អាស៊ាន (Asean) មួយ​ចំនួន ដូច​ជា​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដូច្នេះ​ចិន មក​កម្ពុជា ដើម្បី​បង្កើន​ទំនាក់​ទំនង​ដែរ៖ «ទោះ​បី​ជា​ជប៉ុន មិន​ចូល​មក​ក៏ដោយ ប៉ុន្តែ​មាន​ចិន ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​នៅ​ក្នុង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដូច​ជា​រឿង​នយោបាយ​ការ​បរទេស។ ចិន បង្ហាញ​អំពី​វត្តមាន​ខ្លួន​ចូល​មក​កម្ពុជា ហើយ​ពង្រឹង​កងទ័ព​របស់​ខ្លួន»

ជំនួយ​សម្ភារៈ​យោធា​របស់​ចិន នៅ​ពេល​នេះ គឺ​ក្រោយ​ពី​ភាគី​យោធា​ចិន បាន​ផ្តល់​ឲ្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នូវ​រថយន្ត​យោធា​ចិន ចំនួន ២៥៧​គ្រឿង និង​សម្លៀកបំពាក់​យោធា​ចំនួន ១០​ម៉ឺន​កំប្លេ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១០ កន្លង​ទៅ តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

ក្រោយ​មក​ទៀត ភាគី​ចិន បាន​ដឹក​ជំនួយ​សម្ភារៈ​សង្គ្រោះ​បន្ទាន់​តាម​ជើង​យន្តហោះ​ចំនួន ២​ជើង មក​ឲ្យ​កម្ពុជា នូវ​សម្ភារៈ​ដែល​តម្លៃ ៨​លាន​ដុល្លារ​អាមេរិក មាន​ដូច​ជា ថ្នាំ​ពេទ្យ បរិក្ខារ​ពេទ្យ មុង ភួយ កន្សែង​ពោះ​គោ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជាដើម។

ជំនួយ​ទាំង​នោះ គឺ​សម្រាប់​សង្គ្រោះ​បន្ទាន់​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់ ចំនួន ១​លាន ៥​សែន​នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​១៩ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។