ចិន​យល់​ព្រម​​ផ្ដល់​កម្ចី​សម្បទាន​ជាង​៥០០​លាន​ដុល្លារ​ដល់​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រោយ​ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​១​សប្ដាហ៍​នៅ​ប្រទេស​អ៊ីរ៉ង់ (Iran) និង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
ដោយ សុខ សេរី
2012-09-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ចាប់​ដៃ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​មក​ពី​ចូល​រួម​កិច្ចប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់ និង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​៣ កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) បាន​យល់​ព្រម​ផ្ដល់​កម្ចី​សម្បទាន​ចំនួន​ជាង ៥០០​លាន​ដុល្លារ​អាមេរិក សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​មក​ចំណាយ​លើ​គម្រោង​ចំនួន ៧ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ។

បន្ថែម​លើ​នេះ​ទៀត លោក វិន ជាបាវ បាន​យល់​ព្រម​ផ្ដល់​កម្ចី​សម្បទាន​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​កម្ពុជា។

ការ​យល់​ព្រម​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១២។

រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្រ្តី លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា នៅ​ក្នុង​ចំណោម​គម្រោង​ទាំង ៧ នោះ គឺ​មាន​គម្រោង​ចំនួន ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រួច​ហើយ នៅ​សល់​គម្រោង​ចំនួន ៣​ទៀត នៅ​បន្ត​ធ្វើ​ការងារ​រវាង​មន្ត្រី​ក្រុម​ការងារ​កម្ពុជា និង​ចិន។

លោក អូន ព័ន្ធមុនីរ័ត្ន៖ «សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឆ្នាំ​២០១២ ដែល​កម្ពុជា​យើង​បាន​រៀបចំ​ជា​បញ្ជី​អាទិភាព ហើយ​បាន​ដាក់​ស្នើ​សុំ​ហិរញ្ញប្បទាន​សម្បទាន​ពី​ភាគី​ចិន ក្នុង​ទំហំ​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ ...ចំពោះ​គម្រោង​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត គឺ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ចិន លោក​បាន​បញ្ជាក់​ថា បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ចិន ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​បន្ត​ធ្វើ​ការ​បញ្ចប់​លើ​កិច្ច​ព្រមព្រៀង​នេះ ហើយ​នឹង​អាច​ចុះ​ហត្ថលេខា​បាន​ជា​បន្ត​ទៀត​នៅ​ឆ្នាំ​នេះ»

ក្រៅ​ពី​នេះ នាយករដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ បាន​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១៥០​លាន​យន់ ស្មើ​នឹង​ជាង ២៥​លាន​ដុល្លារ​អាមេរិក ជូន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទាក់ទង​នឹង​ប្រាក់​កម្ចី​ដ៏​សន្ធឹកសន្ធាប់​នេះ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​របស់​ប្រទេស​ចិន មក​លើ​ប្រទេស​កម្ពុជា កាន់​តែ​ខ្លាំង​ជាង​ប្រទេស​មហា​អំណាច​ដទៃ​ទៀត។

លោក សុន ឆ័យ៖ «យើង​ជំពាក់​លុយ​ចិន ត្រូវ​តែ​ចិន​មាន​ការ​ទទួល​ខុស​ត្រូវ​ផង​ដែរ​ក្នុង​ការ​សាងសង់​សំណង់​របស់​យើង​ឲ្យ​មាន​គុណភាព ហើយ​ត្រូវ​តែ​ឲ្យ​មាន​តំលៃ​សមរម្យ កុំ​ឲ្យ​ធ្វើ​ដោយ​រំលោភ​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដោយ​មិន​មាន​ការ​ដេញ​ថ្លៃ​ត្រឹមត្រូវ ហើយ​បំប៉ោង​តំលៃ​សាងសង់។ ចំណុច​ទី​២ គឺ​ប្រទេស​កម្ពុជា មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​ការ​ជំពាក់​បុល ជាពិសេស​ជាមួយ​ប្រទេស​ចិន ហួស​ហេតុ ធ្ងន់ធ្ងរ​ហួស​សមត្ថភាព ដែល​យើង​អាច​សង​ប្រទេស​នេះ​បាន​នោះ​ទេ។ ជំពាក់​រុំក្បិន​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិន​អាច​រួប​ផុត​ពី​ភាព​ក្រីក្រ ហើយ​ស្ថិត​ក្នុង​ឥទ្ធិពល​នយោបាយ​របស់​ចិន»

កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​សុំ​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ សំរាប់​រយៈពេល ៥​ឆ្នាំ ដើម្បី​យក​មក​ចំណាយ​លើ​ការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន និង​ប្រព័ន្ធ​ធារាសាស្ត្រ ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​កម្ពុជា លោក ញឹម វណ្ណដា បាន​ប្រកាស​ថា រដ្ឋាភិបាល​កំពុង​ត្រៀម​វិធានការ​ចាំបាច់​នានា ដើម្បី​សង្គ្រោះ​បន្ទាន់ នៅ​គ្រា​ដែល​មាន​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១២ នេះ ក្នុង​នោះ​រដ្ឋាភិបាល​ត្រៀម​ស្បៀង​អាហារ​ចំនួន ១,​៦​សែន​តោន។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​ជា​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ឈ្មោះ ឌីឡុង (Dilong) មក​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នោះ គឺ​មាន​តំលៃ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​បន្ត​ថា ក្រុមហ៊ុន​នេះ​មាន​សមត្ថភាព​ផលិត​ដែក​ចំនួន​ជាង ៣​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​ជំនាញ​ខាង​សាងសង់​សួន​ឧស្សាហកម្ម រោងចក្រ​អគ្គិសនី និង​ផលិត​ដែក​ថែប​ជាដើម។

ការ​យល់​ព្រម​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​នាយក​ក្រុមហ៊ុន​ចិន​នោះ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កន្លង​ទៅ​នេះ នៅ​ប្រទេស​ចិន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ចិន​នោះ សុំ​ពាក្យ និង​ឯកសារ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ីឌីស៊ី (CDC)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

The Government of loan. No loan no salary.

Sep 05, 2012 01:19 AM

អ្នក​អាន​អនាមិក

well done the cambodian government. we get the big loan from china 500 millions dollars per year. that is the great achievement. but the government does not explain how they are going to generate the money to pay back that loan. who will pay it back and how?????? why can't we stand by ourselves to develop the country?

Sep 04, 2012 08:15 AM

អ្នក​អាន​អនាមិក

well done the cambodian government. we get the big loan from china 500 millions dollars per year. that is the great achievement. but the government does not explain how they are going to generate the money to pay back that loan. who will pay it back and how?????? why can't we stand by ourselves to develop the country?

Sep 04, 2012 08:08 AM

អ្នក​អាន​អនាមិក

ពី Peuv

Hun Sen may have been duped by those economic advisers who are sycophants who like cajoling and teasing their boss. I am absolutely sure Hun Sen due to his lack of formal education did not have any idea about costs and benefits of foreign loan are from the Chinese. What we all know for sure is that Hun Sen was excited when he was told about the 500 million dollar loan from the Chinese. What Hun Sen does not know is how Khmers will pay off the loan. Hun Sen is excited and so are the Chinese. The loan collateral is the land concession or the whole country Cambodia.

Sep 04, 2012 12:19 AM

កូនខ្មែរ

ពី ភ្នំពេញ

ខ្ចីយូរៗទៅអត់អីសងមានតែលក់ដីសង។
មានអ្នកណាសង មានតែកូនខ្មែរជំនាន់ក្រោយហើយដែលជា​កូន​បំណុល​។​ អភិវឌ្ឍន៍តាំងពីបាតដៃទទេររហូតជំពាក់រុំកហើយនៅគ្រាន់ទៀត។

Sep 04, 2012 12:02 AM

មើល​មតិ​ទាំង​អស់.