ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ហ្សូ យ៉ុងកាង តំណាងគណបក្សកុម្មុយនិស្តចិន ដែលកំពុងទស្សនកិច្ចនៅប្រទេសកម្ពុជា បានជួបគ្នាកាលពីថ្ងៃសៅរ៍ ហើយបានសន្យាថានឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អរវាងគណបក្សទាំងពីរ។
លោក ហ្សូ នឹងចេញពីប្រទេសកម្ពុជាវិញនៅថ្ងៃអាទិត្យ។
ប្រមុខដឹកនាំនៃប្រទេសកម្ពុជាតែងសរសើរថា ចិនជាប្រទេសមួយផ្ដល់ជំនួយឲ្យកម្ពុជាច្រើន ហើយមិនមានដាក់ចំណងច្រើនដូចប្រទេសដទៃទៀតទេ។ ក៏ប៉ុន្តែប្រទេសដទៃទៀតមានសហរដ្ឋអាមេរិកជាដើម ធ្លាប់បានអំពាវនាវឲ្យប្រទេសកម្ពុជារក្សាឯករាជភាពនៃនយោបាយក្រៅប្រទេសរបស់ខ្លួន និងឲ្យជៀសវាងការពឹងផ្អែកហួសហេតុពេកទៅលើប្រទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០១០ អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានរំលឹកថា ជាការឆ្លាតវៃមួយដែលប្រទេសកម្ពុជាចងមិត្តឲ្យបានច្រើនជាមួយប្រទេសក្រៅ។ ប៉ុន្តែកម្ពុជាត្រូវធ្វើឲ្យមានតុល្យភាព មិនត្រូវពឹងផ្អែកទៅលើប្រទេសណាមួយខ្លាំងពេកនោះទេ។ អ្នកស្រីមានប្រសាសន៍ថា ក្រុងភ្នំពេញគួរបើកកិច្ចពិភាក្សាជាមួយក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីការព្រួយបារម្ភនានា ដែលថាគោលនយោបាយរបស់ប្រទេសចិនកំពុងតែបន្ទុកបង្អាក់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងកំពុងធ្វើឲ្យខូចខាតបរិស្ថាននៃប្រទេសកម្ពុជា។
អ្នកស្រី គ្លីនតុន បានលើកឡើងច្បាស់អំពីការសង់ទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គ និងផលអាក្រក់ពីទំនប់នេះមកលើវិស័យកសិកម្មនៅប្រទេសកម្ពុជា៕