ក្រុមហ៊ុន​ចិន​២​ចុះ​ហត្ថលេខា​សាងសង់​ផ្លូវ​រថភ្លើង​ពី​កោះកុង​ទៅ​ព្រះវិហារ

ក្រុមហ៊ុន​ឯកជន​ចំនួន ២ របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ បាន​ចុះ​ហត្ថលេខា​ដើម្បី​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។

0:00 / 0:00

ផ្លូវ​រថភ្លើង​ថ្មី​នេះ​នឹង​សាងសង់​ឆ្លង​កាត់​ខេត្ត​ចំនួន ៥។ ស្រប​ពេល​នេះ​ដែរ ក្រុមហ៊ុន​ចិន គ្រោង​សាងសង់​រោងចក្រ​ស្លដែក​ដ៏​ធំ​មួយ​ទៀត នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស។

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង ដែល​ស្រប​ពេល​នេះ​ក្រុមហ៊ុន​ចិន គ្រោង​សាងសង់​កំពង់ផែ​សមុទ្រ​មួយ​ទៀត ដើម្បី​ដឹក​ជញ្ជូន​នាំ​ចេញ​ផលិត​ផល​ដែកថែប​ពី​កម្ពុជា ទៅ​បរទេស។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ចិន បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​នោះ គឺ​ចំណាយ​រយៈពេល​ចំនួន​ជាង ៤​ឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៣ ទៅ ដែល​មាន​ស្ថានីយ​រថភ្លើង​ចំនួន ១១​កន្លែង។ ចំណែក​កំពង់ផែ​ថ្មី​ដែល​នឹង​សាងសង់​នៅ​ខេត្ត​កោះកុង នោះ មាន​សមត្ថភាព​ផ្ទុក​ទម្ងន់​បាន​ជាង ៥០​លាន​តោន​ក្នុង ១​ឆ្នាំៗ។

ប្រភព​ពី​មន្ត្រី​ក្រុមហ៊ុន​ចិន បាន​ឲ្យ​ដឹង​ដឹង​ថា ក្រុមហ៊ុន​ចិន ទាំង​២ ដែល​មាន​ឈ្មោះ ឆាយណា រ៉េលវ៉េ ហ្គ្រុប (China Railway Group) និង​ក្រុមហ៊ុន​ឈ្មោះ ខេមបូឌា អាយរ៉ុន អែន ស្ទៀល ម៉ាញនីង អ៊ិនដាស់ស្រ្ទី ហ្គ្រុប (Cambodia Iron & Steel Mining Industry Group) គ្រោង​សាងសង់​រោងចក្រ​ស្លដែក​ថែប និង​ដែក​ធម្មតា នៅ​ខេត្ត​ព្រះវិហារ។

ជា​រួម​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​នោះ និង​គម្រោង​សាងសង់​កំពង់ផែ​ថ្មី​នៅ​ខេត្ត​កោះកុង ព្រម​ទាំង​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ខេត្ត​ព្រះវិហារ នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ៩.៦០០​លាន​ដុល្លារ​អាមេរិក។

ដោយ​ឡែក​ការ​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ខេត្ត​ព្រះវិហារ​នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ជាង ១.៦០០​លាន​ដុល្លារ​អាមេរិក នៅ​លើ​ផ្ទៃដី​សរុប​ជាង ១.៣០០​គីឡូម៉ែត្រ​ក្រឡា នៅ​ក្នុង​ចំណោម​ទុន​សរុប​ជាង ៩.៦០០​លាន​ដុល្លារ​អាមេរិក​នោះ។ រោងចក្រ​ស្ល​ដែក​នេះ​មាន​សមត្ថភាព​ផលិត​ដែក​ថែប​នៅ​កម្ពុជា ចំនួន​ជាង ១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​រយៈពេល ៣​ឆ្នាំ​ដំបូង។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ដែល​បាន​មក​ធ្វើ​ជា​អធិបតី​នៃ​ការ​ចុះ​ហត្ថលេខា​នេះ បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ទុន​នេះ គឺ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា យ៉ាង​សម្បើម។

លោក ត្រាំ អ៊ីវតឹក៖ «យើង​ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុមហ៊ុន China Iron នេះ ដែល​ម្យ៉ាង​បាន​មក​ស្រាវជ្រាវ​ដើម្បី​មក​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ ហើយ​បាន​អញ្ជើញ​ក្រុមហ៊ុន China Railway Group នេះ​ដើម្បី​មក​សហការ​គ្នា​សម្រាប់​ការ​វិនិយោគ។ ធ្វើ​ម៉េច​ឲ្យ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ការ​ដឹក​ជញ្ជូន​ហ្នឹង ធ្វើ​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព»

ជាមួយ​គ្នា​នេះ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​ចិន លោក ជូ ម៉េងប៊ូ (Zhou Meng Bo) បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការ​វិនិយោគ​ទុន​នេះ គឺ​ជា​ការ​ពង្រឹង​ចំណង​ទាក់ទង​យ៉ាង​រឹងមាំ​រវាង​កម្ពុជា និង​ចិន៖ «បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ផ្លូវ​ដែក​នោះ​បាន​ឆ្លង​កាត់ លើក​ស្ទួយ​កម្រិត​ជីវភាព​ប្រជាជន ព្រម​ទាំង​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ផ្លូវ​ដែក»។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ទុន​នេះ គប្បី​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​ផល​ប្រយោជន៍​ពិត​ប្រាកដ​ដល់​កម្ពុជា៖ «ហើយ​ឲ្យ​មាន​គុណភាព​ជា​គោល​បំណង​របស់​យើង។ ខ្ញុំ​មិន​ទាន់​ជឿ​ថា ទឹក​ប្រាក់​ដល់​រាប់​ពាន់​នេះ ជា​ទឹក​ប្រាក់​ពិត​ប្រាកដ ដែល​ត្រូវ​យក​មក​សាងសង់​អ្វី​ជា​សំណង់​តាម​ការ​អះអាង​នេះ​នៅ​ឡើយ​នោះ​ទេ»

នេះ​គឺ​ជា​ការ​វិនិយោគ​ទុន​របស់​ក្រុមហ៊ុន​ចិន ១០០% នៅ​កម្ពុជា ដោយ​គ្មាន​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។