ទីប្រឹក្សាផ្ទាល់របស់អតីតព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា ចិនបានបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ហើយកម្ពុជាអាចរក្សាទំនាក់ទំនងល្អនេះបានដោយសារតែអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។ បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្វើឡើងក្នុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ហ៊ូ ជីនតាវ រយៈពេលបួនថ្ងៃ។ លោក ហ៊ូ ជិនតាវ (Hu Jintao) នៅថ្ងៃសៅរ៍នេះ បានឯកភាពផ្ដល់ជំនួយប្រមាណពី ៣០០លាន ទៅ ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល ៥ឆ្នាំ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីយកមកចំណាយលើគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់ និងស្ពាន។
លោកក៏បានសន្យាថា ចិននឹងផ្តល់ជំនួយឥតសំណងចំនួន ៣២លានដុល្លារអាមេរិក និងកម្ចីសម្បទានចំនួន ២៥លានដុល្លារអាមេរិក សម្រាប់ជាអំណោយ ឬកាដូក្នុងទស្សនកិច្ចនេះ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ នៅថ្ងៃសៅរ៍ ចាត់ទុកថា ទស្សនកិច្ចប្រធានាធិបតីចិន ធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីធានាថា កម្ពុជាជាប្រធានអាស៊ាន នឹងមិនលើកយកជម្លោះព្រំដែនផ្ទៃសមុទ្រចិនមកពិភាក្សាជាលក្ខណៈពហុភាគីក្នុងកិច្ចប្រជុំអាស៊ាននៅដើមខែមេសាខាងមុខនេះ។
បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមទៀតថា ឥទ្ធិពលចិននៅកម្ពុជាជំរុញឲ្យក្រុមហ៊ុនចិនមួយចំនួនមិនគោរពច្បាប់ និងបានបង្កឲ្យប៉ះពាល់ដល់បរិស្ថាន ហើយវិនិយោគចិនទទួលបានផលប្រយោជន៍ច្រើនជាងកម្ពុជា។
លោកបន្តថា ចិនធ្លាប់បានជួយកម្ពុជាឲ្យជួបវិបត្តិវាលពិឃាដម្ដងរួចទៅហើយ ហើយបច្ចុប្បន្នជំនួយចិនបានផ្តល់ឱកាសឲ្យរដ្ឋាភិបាលដឹកនាំដោយគ្មានតម្លាភាព ៖ "ឃើញតែចំណេញខាងសេដ្ឋកិច្ច ប៉ុន្តែវាផលប៉ះពាល់ទ្រព្យសម្បត្តិធម្មជាតិច្រើនដែរ ដីធ្លី និងកាប់ឈើ"។
កាលពីថ្ងៃសុក្រ ទី៣០ មីនា សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ឃាត់ខ្លួន និងក្រោយមកដោះលែងពលរដ្ឋខេត្តកោះកុងប្រមាណ ៤០នាក់ ដែលមានគម្រោងដាក់ញាតិទៅប្រធានាធិបតីចិន តាមរយៈស្ថានទូតចិន ប្រឆាំងនិងក្រុមហ៊ុនចិនឈ្មោះ Union Development Group។ សមត្ថកិច្ចបានបង្ខំប្រជាពលរដ្ឋមកពីឃុំកោះស្ដេច ស្រុកបុទុមសាគរ និងគីរីសាគរជិត ៤០នាក់ ឲ្យជិះរថយន្តក្រុងទៅខេត្តកោះកុងវិញ និងបានរារាំងមិនឲ្យយកញ្ញតិទៅដាក់នៅស្ថានទូតចិន។
ពលរដ្ឋបានឲ្យដឹងថា មានគម្រោងយកញត្តិដាក់ជូនប្រធានាធិបតីចិន ដើម្បីជួយអន្តរាគមន៍បញ្ហាករណីដីធ្លី របស់ពួកគេ ដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍន៍នៅតំបន់នោះ និងគ្មានសំណងសមរម្យ។
ដូចដែលអ្នកវិភាគបានលើកឡើង កម្ពុជាបានផ្ដល់កាដូទៅឲ្យចិនវិញ បានការសន្យាថា នឹងមិនលើកយកបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ឲ្យក្លាយជាបញ្ហាអន្តរជាតិទេដោយទុកបញ្ហានេះ សម្រាប់ការដោះស្រាយក្នុងក្របខ័ណ្ឌរវាងអាស៊ាន និងចិន។
ជុំវិញការចោទប្រកាន់នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលបន្ថែមទៀតថា ឥទ្ធិពលចិននៅកម្ពុជាមានផលវិជ្ជមានជាងអវិជ្ជមាន ៖ "ខ្ញុំមិនភ័យទេពីឥទ្ធិពល ពីព្រោះបញ្ហាទាំងអស់នេះ វាឋិតនៅលើច្បាប់នៅស្រុកខ្មែរ ការពារស្រុកខ្មែរ និងសេដ្ឋកិច្ចខ្មែរ។ អ្វីដែលខ្ញុំព្រួយបារម្ភ ពេលមានចន្លោះច្បាប់ខ្មែរ ដែលធ្វើឲ្យក្រុមហ៊ុនមានឥទ្ធិពលហួសកម្រិត"។
ព្រះអង្គម្ចាស់ក៏ជំទាស់ទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Hillary Clinton ដែលបានសំណូមពរឲ្យកម្ពុជាកុំពឹងផ្អែកប្រទេសតែមួយខ្លាំងពេក ប៉ុន្តែត្រូវរក្សាទំនាក់ទំនងជាមួយប្រទេសដទៃទៀតក្នុងពិភពលោក សម្រាប់កិច្ចអភិវឌ្ឍរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានដកស្រង់សំដីលោក ហ៊ូ ជីនតាវ ថា ក្រុមគ្រួសាររាជវង្សបានបង្កើតឲ្យមានទំនាក់ទំនងចិន និងកម្ពុជា។ លោកបន្តថា ព្រះមហាក្សត្រ ព្រះបាទ សីហមុនី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាទំនងទំនងទាំងពីរនេះ។ លោកបន្ថែមទៀតថា ចិនរីករាយដែលមើលឃើញកម្ពុជាមានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ច៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
