បច្ចុប្បន្នមានក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា បានទទួលកិច្ចព្រមព្រៀងបញ្ជាទិញអង្ករពីប្រទេសចិន រួចហើយ ដែលតាមការប៉ាន់ស្មាន កម្ពុជាគ្រោងនឹងនាំចេញអង្ករទៅប្រទេសចិន ប្រមាណ ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
ប្រធានក្រុមហ៊ុននាំចេញអង្ករ ឡូរ៉ង់ (Loran Import Export Co., Ltd) លោក ឧកញ៉ា លឹម ប៊ុនហេង មានប្រសាសន៍នៅថ្ងៃទី២៧ កញ្ញា ថា ការនាំចេញអង្ករទៅប្រទេសចិន មិនមានលក្ខណៈស្មុគស្មាញដូចមុនទេ ដោយសារមានការពិភាក្សាគ្នាជាមួយផ្នែកបច្ចេកទេសនាំចេញអង្ករដូចជាផ្នែកអនាម័យ កាំកុងត្រូល និងផ្នែកគយ បានព្រមព្រៀងគ្នាក្នុងការធ្វើពាណិជ្ជកម្មអង្កររវាងកម្ពុជា និងចិន។
លោកបញ្ជាក់ទៀតថា ការនាំចេញអង្ករទៅប្រទេសចិន មានផលចំណេញច្រើនជាងការនាំចេញទៅប្រទេសផ្សេងៗទៀត ដូចជាសហភាពអឺរ៉ុប ដោយសារទីតាំងនៅជិតហើយចំណេញរយៈពេលនាំចេញ។
លោកមានប្រសាសន៍បន្តថា មានក្រុមហ៊ុនចិនមួយចំនួន ក៏បានមកវិនិយោគនាំចេញអង្ករពីប្រទេសកម្ពុជាដែរ ដោយលោកបញ្ជាក់ថា និន្នាការបែបនេះនឹងផ្ដល់ផលចំណេញច្រើនដល់កម្ពុជា តាមរយៈការបង្កើតការងារ និងបង្កើតតម្លៃបន្ថែមផ្សេងៗ ហើយការចាប់ដៃគូវិនិយោគវិស័យនាំចេញអង្ករជាមួយចិននេះ ជាសក្ដានុពលមួយសំខាន់របស់អ្នកវិនិយោគអង្ករនៅប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធិ ធ្លាប់មានប្រសាសន៍ថា ប្រទេសកម្ពុជា គ្រោងនឹងនាំចេញអង្ករទៅប្រទេសចិន ប្រមាណ ៣០ម៉ឺនតោនរៀងរាល់ឆ្នាំ បន្ទាប់ពីបានជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីពាណិជ្ជកម្មចិន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកន្លងមក ហើយក្រុមហ៊ុនចិនពីរ កំពុងវិនិយោគសាងសង់រោងម៉ាស៊ីនកិនស្រូវទំនើប នៅខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។
បញ្ហានេះ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចលោក ហេង ឌីណា មានប្រសាសន៍ថា ការវិនិយោគរបស់ប្រទេសចិន នឹងផ្ដល់ផលវិជ្ជមានសម្រាប់អភិវឌ្ឍផ្នែកនាំចេញអង្ករ ដោយសារតែប្រទេសកម្ពុជា មានសក្ដានុពលខ្លាំងលើកកម្ពស់ផ្នែកនាំចេញអង្ករនេះ និងទីផ្សាររបស់ប្រទេសចិន មាននិន្នាការតម្រូវអង្ករកាន់តែកើនឡើង។
របាយការណ៍អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ប្រចាំឆ្នាំ២០១២ បានបង្ហាញថា ផលិតកម្មស្រូវរបស់ប្រទេសចិន មានបរិមាណសរុបប្រមាណជាង ២០២លានតោន នៅឆ្នាំ២០១២ កើនឡើងប្រមាណជិត ១% ធៀបនឹងឆ្នាំ២០១១។
បើទោះប្រទេសចិន ផលិតស្រូវ ប៉ុន្តែប្រទេសចិន បាននាំចូលអង្ករមានកំណើនកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតាមការប៉ាន់ស្មានដោយអង្គការស្បៀងអាហារ និងកសិកម្ម មានចំនួន ១,៦លានតោន នៅក្នុងឆ្នាំ២០១២ ដែលលើសពីឆ្នាំ២០១១ ប្រមាណមួយលានតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។