ដោយឡែកនៅទីក្រុងភ្នំពេញនៅថ្ងៃដំបូងនៃពិធីចូលឆ្នាំចិនដែលមានរយៈពេល៣ថ្ងៃនេះ គេសង្កេតឃើញមិនសូវមានមនុស្សម្នាដើរលេងកម្សាន្តអ៊ូអរអ្វីឡើយ ពីព្រោះនៅថ្ងៃចូលឆ្នាំដំបូងនេះ គេចាត់ទុកថា ជាថ្ងៃតមមិនចេញក្រៅផ្ទះឡើយ តែបើគេដើរគឺគ្រាន់តែទៅកាន់ព្រះវិហារចិន ឬទៅកន្លែងអ្នកតាដើម្បីបន់ស្រន់សុំពរពីព្រះ ឬអ្នកតាឲ្យបានសេចក្តីសុខចម្រើននៅក្នុងឆ្នាំថ្មីនេះ។
ដោយមានទំនៀមទម្លាប់បែបនេះ ទើបនៅតាមព្រះវិហារចិននីមួយៗ ឬកន្លែងអ្នកតា គេឃើញមនុស្សប្រុសស្រីជាច្រើនបាននាំគ្នាទៅកាន់ទីនោះដោយនាំយកគ្រឿងសក្ការៈផ្សេងៗដូចជាផ្កាទៀន ធូបជាដើម ហើយអ្នកខ្លះទៀតទិញដើមអំពៅខ្មៅយកទៅថ្វាយអ្នកតា ពីព្រោះគេយល់ថា អ្នកតានិងផ្តល់លាបជ័យសិរីសួស្ដី ឲ្យគេរកស៊ីមានបាននៅក្នុងឆ្នាំថ្មីនេះ។
ក្រៅពីធ្វើការបន់ស្រន់បែបនេះ គេឃើញមានប្រជាពលរដ្ឋខ្មែរកាត់ចិនខ្លះទៀតបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តអារាមផងដែរ ពីព្រោះគេយល់ថា បើសែនព្រេនដូនតាកុងម៉ាតែម្យ៉ាងនោះគឺហាក់មិនអស់ចិត្តឡើយ។
ស្រ្តីខ្មែរកាត់ចិនមួយរូបឈ្មោះ ប៉ែន ហ៊ួន ដែលកំពុងតែយួរចានស្រាក់ដើរចេញពីវត្តមួយនៅទីក្រុងភ្នំពេញបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ ៖ «ទៅហ្នឹង ជូនដល់ដូនតាយើងដែលបានចែកឋានទៅ មិនមែនគ្រាន់តែសែនទេ រាល់ឆ្នាំទៅវត្តអ៊ីចឹងរហូត»។
នៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិននេះដែរ ដែលក្រៅពីឃើញមានអ្នកទៅវត្ដអារាម ឬទៅព្រះវិហារដើម្បីបន់ស្រន់នោះ គេក៏ឃើញមានការធ្វើពិធីលេងម៉ុងសាយនៅតាមផ្ទះអ្នកដែលមានធនធានឬតាមគ្រិះស្ថានសិក្សាឯកជន។ ការឡកម៉ុងសាយនេះ បើតាមការឲ្យដឹងពីប្រជាជនចិនថា គឺដើម្បីលើកជោគជតារាសីរបស់គេនៅក្នុងឆ្នាំថ្មី។
គួរជម្រាបជូនដែរថា នៅក្នុងពិធីចូលឆ្នាំចិននេះ គេឃើញសិស្សានុសិស្សភាគច្រើនបានឈប់សម្រាកទាំងនៅសាលារៀនឯកជននិងសាលារដ្ឋ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាក្រុងភ្នំពេញ លោក អ៊ំ ហឿង បានប្រាប់ឲ្យដឹងដែរថា តាមពិតទៅ សាលារៀនរដ្ឋគឺគ្មានច្បាប់អនុញ្ញាតឲ្យសិស្សឈប់រៀនក្នុងឱកាសចូលឆ្នាំចិននោះទេ ក៏ប៉ុន្តែមិនដឹងធ្វើដូចម្ដេចបើសិស្សបានឈប់ដោយខ្លួនឯង ពីព្រោះគេត្រូវទៅចូលរួមធ្វើបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសាររបស់គេ ៖ «គ្រូនៅពេញសាលាហ្នឹងអត់មានឲ្យឈប់ទេ តែវាឈប់។ យ៉ាងយូរ ៣ថ្ងៃអស់ហើយ»។
លោកបានឲ្យដឹងទៀតដែរថា សិស្សប្រមាណ ៥០%ភាគរយបានឈប់រៀនក្នុងពេលចូលឆ្នាំចិននេះ ហើយក្នុងនោះគឺសិស្សសាលាកម្រិតមធ្យមសិក្សាបានឈប់ច្រើនជាងគេ៕