កម្ពុជា​បណ្ដេញ​ចិន​តៃវ៉ាន់​និង​ចិន​ដី​គោក​៥០​នាក់​និង​ស្វែង​រក​ចាប់​មេខ្លោង

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​បណ្ដេញ​ជន​ជាតិ ចិន​តៃវ៉ាន់ និង​ចិន​ដីគោក សរុប ៥០​នាក់ ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​ពី​កម្ពុជា ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​របស់​ចិន ផ្អែក​តាម​គោល​នយោបាយ​ចិន​តែ​មួយ។

0:00 / 0:00

អគ្គ​ស្នងការ​ដ្ឋាន នគរបាល​ជាតិ​កម្ពុជា កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​​ជន​ជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក មួយ​ចំនួន​ទៀត ក្រោម​បទ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ពី​ប្រទេស​កម្ពុជា ក្រោយ​ពេល​បាន​រក​ឃើញ​បណ្ដាញ​ជម្រិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​ដ៏​ធំ​មួយ នៅ​ប្រទេស​កម្ពុជា។

ការ​ស៊ើប​អង្កេត​នៅ​តែ​បន្ត​នោះ គឺ​ក្រោយ​ពេល​ដែល​នគរបាល​ជាតិ​កម្ពុជា បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក សរុប​ចំនួន ៥០​នាក់ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រោម​បទ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន ជន​ជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក​គ្នា​ឯង នៅ​ប្រទេស​កម្ពុជា។

គេ​បាន​ទាក់​ទង​តាម​ប្រព័ន្ធ អ៊ីនធឺណិត ទៅ​គ្រួសារ​របស់​ជន​រង​គ្រោះ នៅ​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ ឲ្យ​ផ្ញើ​ប្រាក់​មក​ចូល​ធនាគារ​របស់​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ។

ជន​សង្ស័យ​ទាំង ៥០​នាក់ នោះ មាន​ជន​ជាតិ​ចិន​តៃវ៉ាន់ ចំនួន ៥​នាក់ និង​ជន​ជាតិ​ចិន​ដី​គោក ចំនួន ៤៥​នាក់។

រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​មហាផ្ទៃ ហាម​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ឡើយ។ ការ​បណ្ដេញ​ចេញ​ជា​បន្ទាន់​នោះ គឺ​ផ្អែក​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា។

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា លោក ឧត្តមសេនីយ៍ឯក សុខ ផល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២ ថា សមត្ថកិច្ច​កម្ពុជា នៅ​មិន​ទាន់​បិទ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នេះ​នៅ​ឡើយ​ទេ៖ «បទ​ល្មើស​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​យើង​អញ្ចឹង​មែន ប៉ុន្តែ​ជន​រង​គ្រោះ នៅ​ប្រទេស​ចិន​ដី​គោក និង​កោះ​តៃវ៉ាន់...សូម​បញ្ជាក់​ជូន​ដែរ ដោយ​សារ​តែ​សំណូមពរ​របស់​ប្រទេស​ចិន បញ្ជូន​ទៅ​ប្រទេស​ចិន ចិន​គាត់​រំលែក​ទៅ​តាម​គាត់​វិញ»

ទាក់​ទង​នឹង​ការ​ចាប់​បញ្ជូន​ជន​ជាតិ ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក​នោះ មេធាវី លោក សុខ សំអឿន ជា​ប្រធាន​ប្រតិបត្តិ នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ ងាយ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋកម្ម​លួច​លាក់ នៅ​កម្ពុជា​ក្រោម​លេស​ថា ជា​អ្នក​ទេសចរ៖ «បើ​សិន​ជា​យើង​កាត់​ក្តី​ដោយ​ខ្លួន​ឯង ជួន​កាល​វា​អស់​លុយ​អស់​កាក់​ថវិកា ពាក់​ព័ន្ធ​សាក្សី ឬ​សាក្សី​ផ្សេងៗ​ណា។ ទី​២ បើ​យើង​ធ្វើ​តាម​បត្យាប័ន សាមី​ខ្លួន​តុលាការ​របស់​គេ​កាត់​ក្តី​ទៅ ជា​រឿង​ល្អ​ម្យ៉ាង​ដែរ មិន​សូវ​ខាត​បង់​ថវិកា។ ជួន​កាល​គេ​មិន​សូវ​ទុក​ចិត្ត​ប្រព័ន្ធ​តុលាការ​យើង ឬ​ក៏​គេ​យល់​ថា នៅ​តុលាការ​គេ​មាន​យុត្តិធម៌​ជាង​អី​ជា​ដើម»

លោក ឧត្តមសេនីយ៍ឯក សុខ ផល បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​ទេ​នៅ​តំបន់​អាស៊ាន ដែល​ជន​ជាតិ​ចិន​តៃវ៉ាន់ និង​ចិន​ដី​គោក បាន​មក​ប្រព្រឹត្តិ​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ។ ពួក​នោះ​ក៏​ធ្វើ​សកម្មភាព​នៅ​ប្រទេស​ដទៃ​ទៀត​ដូច​ជា ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ថៃ (Thailand) និង វៀតណាម (Vietnam) ជាដើម។

គេ​បាន​កត់​សំគាល់​ថា ការ​បង្ក្រាប និង​ចាប់​ខ្លួន​ជន​ជាតិ​ចិន​តៃវ៉ាន់ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​ហើយ នៅ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ ក្រោយ​ពី​នគរបាល​ជាតិ​កម្ពុជា​បាន​ឆ្មក់​បង្ក្រាប​លើក​ដំបូង​ព្រមៗ​គ្នា នៅ​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ស្វាយរៀង ដោយ​សហការ​ជា​មួយ នគរបាល នៃ​ក្រសួង​សន្តិសុខ​ប្រទេស​ចិន។

ជា​លទ្ធផល ពេល​នោះ​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ក្រសួង​សន្តិសុខ​ប្រទេស​ចិន​នោះ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដី​គោក និង​ជន​ជាតិ​ចិន​តៃវ៉ាន់ សរុប​ចំនួន ១៨៧​នាក់ ក្រោម​បទ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន និង​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។