អាជ្ញាធរ​មិន​ឲ្យ​ដុត​ផាវ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​មក​ដល់​នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​គំរាម​ចាត់​វិធានការ​ក្ដៅ...។

0:00 / 0:00

សេចក្ដី​ណែ​នាំ​របស់​សាលា​ក្រុង​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា បាន​ប្រកាស​ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ជា​ពិសេស​អាជីវករ និង​ពល​រដ្ឋ​រស់​នៅ​ទី​ក្រុង​ភ្នំពេញ មិន​ឲ្យ​លក់ ចែក​ចាយ និង​ដុត​ផាវ​ជា​ដាច់​ខាត ក្នុង​ថ្ងៃ​បុណ្យ​ចូល​ចិន វៀតណាម ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​សង្គម។

បទ​បញ្ជា​នេះ​ចុះ​ហត្ថ​លេខា​ដោយ​លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ជំរុញ​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​ការ​ធ្វើ​ចរាចរ​ផាវ កាំជ្រួច និង​គ្រឿង​ផ្ទុះ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀត​ណាម នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ។

លោក កើត ឆែ នាយ​រង​ខុទ្ទកាល័យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា សេចក្ដី​ណែ​នាំ​ពី​ការ​ទប់​ស្កាត់​គ្រឿង​ផ្ទុះ​ដូច​ជា​ដុត​ផាវ ឬ​កាំជ្រួច នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន មន្ត្រី​ទទួល​ខុស​ត្រូវ​តាម​មូលដ្ឋាន​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​ស្រី ច័ន្ទ សំណាង ចៅ​សង្កាត់​ឫស្សី​កែវ មាន​ប្រសាសន៍​ថា បម្រាម​មិន​ឲ្យ​លក់ និង​ដុត​គ្រឿង​ផ្ទុះ​ផ្សេងៗ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ខាង​មុខ​នេះ ក្រុម​ប្រឹក្សា​សង្កាត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មូលដ្ឋាន បាន​ចុះ​ណែ​នាំ​ពល​រដ្ឋ និង​អាជីវករ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត។

លោក​ស្រី​បន្ត​ថា បម្រាម​មិន​ឲ្យ​លក់ និង​ដុត​គ្រឿង​ផ្ទុះ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម របស់​អាជ្ញាធរ​ក្រុង ប្រយោជន៍​ដើម្បី​ទប់​ស្កាត់​បទ​ល្មើស និង​មហន្តរាយ​ផង​ទាំង​ពួង ដែល​អាច​នឹង​កើត​មាន​ក្នុង​ពិធី​នេះ មាន​ដូច​ជា​បទ​ល្មើស​ឆក់ប្លន់ ឬ​អគ្គីភ័យ​ជា​ដើម។

លោក​ស្រី ច័ន្ទ សំណាង ចៅ​សង្កាត់​ឫស្សីកែវ មាន​ប្រសាសន៍​ថា ៖ «ជា​គោក​ការណ៍​នៅ​ក្នុង​មូលដ្ឋាន​របស់​នាង​ខ្ញុំ​ហ្នឹង ខាង​សណ្ដាប់​ធ្នាប់ ឬ​ខាង​គណៈកម្មការ​រៀបចំ​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​ពិធី​បុណ្យ​តែង​តែ​ជម្រាប​ជូន​ជា​មួយ​ប្រជា​ពល​រដ្ឋ​ទូទៅ​ថា មិន​ឲ្យ​ដុត​ផាវ ឬ​បញ្ចេញ​សំឡេង​អី​ដែល​នាំ​ឲ្យ​រំខាន មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ»

លោក ឃឹម សុខុន មន្ត្រី​ប៉ូលិស​ការ​ពារ​សន្តិសុខ​ផ្សារ​គីឡូ​ម៉ែត្រ​លេខ​៦ មាន​ទីតាំង​ក្នុង​ខណ្ឌ​ឫស្សីកែវ បាន​ថ្លែង​ថា នៅ​មូលដ្ឋាន​នេះ បន្ទាប់​ពី​ទទួល​បទ​បញ្ជា​ពី​ថ្នាក់​លើ​រួច​មក សមត្ថកិច្ច​គ្រប់​ជំនាញ​បាន​ផ្សព្វ​ផ្សាយ​ដល់​ក្រុម​អាជីវករ ក៏​ដូច​ជា​ពលរដ្ឋ ហាម​មិន​ឲ្យ​លក់ និង​ដុត​ផាវ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ជា​ដាច់​ខាត។

លោក​មាន​ប្រសាសន៍​បន្ថែម ៖ «បាន​ណែ​នាំ​គាត់​ហើយ​មិន​ឲ្យ​លក់ ឬ​មាន​ដុត​មាន​អី​ទេ ព្រោះ​បទ​បញ្ជា​ពី​សាលា​ក្រុង​បាន​មាន​បទ​បញ្ជា​ថា ឲ្យ​យើង​ដើរ​ប្រាប់​នៅ​តាម​ផ្សារ​ទាំង​អស់ មិន​ឲ្យ​មាន​លក់​ផាវ មិន​ឲ្យ​មាន​ដុត​នៅ​តាម​ទីផ្សារ ឬ​នៅ​តាម​ផ្លូវ​ទី​សាធារណៈ​ទេ»

ឆ្លើយ​តប​ការ​អំពាវនាវ​នេះ បុរស​ជា​អាជីវករ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ​ឈ្មោះ រស់ សំអុន មាន​ប្រសាសន៍​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​លោក​មិន​បាន​ទទួល​យក​គ្រឿង​ផ្ទុះ​ដូច​ជា​ផាវ ឬ​កាំជ្រួច​ជា​ដើម យក​មក​លក់​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នេះ​ទេ ព្រោះ​លោក​យល់​ថា សម្ភារៈ​ទាំង​នេះ​អាច​បង្ក​ឲ្យ​កើត​មាន​អគ្គីភ័យ និង​បទ​ល្មើស​ផ្សេងៗ។

អាជីវករ​រូប​នេះ​ចង់​ឲ្យ​អាជីវករ​ដទៃ​ទៀត ត្រូវ​បញ្ឈប់​នាំ​ចូល​គ្រឿង​ផ្ទុះ មាន​ដូច​ជា​ផាវ ឬ​កាំជ្រួច មក​លក់​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ត​ទៅ​ទៀត ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់ ដែល​អាច​នឹង​កើត​មាន​ឡើង។

បុរស​ជា​អាជីវករ​ឈ្មោះ រស់ សំអុន មាន​ប្រសាសន៍​ដូច្នេះ ៖ «តម្លង់​ដល់​អ្នក​ជិត​ខាង ហើយ​ខ្លាច​ជា​ពិសេស គឺ​គ្រោះ​អគ្គីភ័យ»

ទោះ​ជា​បែប​នេះ​ក្តី សាធារណៈ​ជន​បាន​កត់​សម្គាល់​ថា បទបញ្ជា​របស់​អាជ្ញាធរ​ក្រុង ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​ទេ ព្រោះ​ឃើញ​មាន​ក្រុម​ហ៊ុន និង​គេហដ្ឋាន​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​មាន​ស្ដុកស្ដម្ភ​ជាប់​សែស្រឡាយ​កូន​ចៅ​ចិន​មួយ​ចំនួន​បាន​ដុត​ផាវ ឬ​កាំជ្រួច​កង​រំពង ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម យ៉ាង​អនាធិបតេយ្យ​ដដែល។

យ៉ាង​ណា​ក៏​ដោយ បទ​បញ្ជា​លោក កែប ជុតិមា ក៏​បាន​សង្កត់​ធ្ងន់​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម​ឆ្នាំ​នេះ បើ​មាន​នរណា​ម្នាក់​ប្រឆាំង​នឹង​សេចក្ដី​ណែ​នាំ បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ​ដូច​ជា​ដុត​ផាវ ដុត​កាំជ្រួច​ជា​ដើម នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន៕