ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ផាន ហ្គងសៀ (Pan Guangxue) បានថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២៧ ខែមីនា នាស្ថានទូតចិន ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ មកកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ។
លោកបន្តថា ទស្សនកិច្ចនេះក៏មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ផ្ដល់ឲ្យកម្ពុជាផងដែរ។
ទោះយ៉ាងណា លោកឯកអគ្គរដ្ឋទូតចិន មិនទាន់បញ្ជាក់ពីចំនួនទឹកប្រាក់ដែលចិន ត្រៀមត្រូវផ្ដល់ឲ្យកម្ពុជា មានចំនួនប៉ុន្មាន និងពាក់ព័ន្ធបញ្ហាអ្វីទៀតនោះទេ។
សេចក្ដីជូនព័ត៌មានក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ ប្រធានាធិបតីចិន និងលោកជំទាវ លីវ យ៉ុងឈីង (Liu Yongjing) រយៈពេល ៤ថ្ងៃ មកកម្ពុជា ធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណាព្រះមហាក្សត្រសម្តេចព្រះបរមនាថ ព្រះបាទ នរោត្តម សីហមុនី។
បន្ថែមលើនេះ លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ទស្សនកិច្ចនេះលោក ហ៊ូ ជិនតាវ នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ ជួបជាមួយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទស្សនកិច្ចនេះ លោក ហ៊ូ ជិនតាវ និងលោក ហ៊ុន សែន នឹងមានចុះហត្ថលេខាលើឯកសារមួយចំនួននឹងមានចេញសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ។
លោក ផាន ហ្គងសៀ ឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ថា ទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ មិនមែនដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះទេ ប៉ុន្តែជាទស្សនកិច្ចផ្លូវរដ្ឋរវាងកម្ពុជា-ចិន តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរប៉ុណ្ណោះ។
ទស្សនកិច្ចរបស់លោក ហ៊ូ ជិនតាវ មកកម្ពុជា ធ្វើឡើងស្របគ្នាប្រទេសកម្ពុជា ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២។
កិច្ចប្រជុំកំពូលអាស៊ាននេះ ប្រទេសចិន មិនចង់ឲ្យកម្ពុជា លើកយករបៀបវារៈស្ដីពីជម្លោះសមុទ្រចិនភាគខាងត្បូងរវាងប្រទេសចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន មានដូចជាប្រទេសវៀតណាម ប្រ៊ុយណេ ហ្វីលីពីន និងម៉ាឡេស៊ី នោះទេ។
ត្រង់ចំណុចនេះ លោក ផាន ហ្គងសៀ ឯកអគ្គរដ្ឋទូតចិន បានឲ្យថា មិនចង់ឲ្យប្រទេសដទៃលូកដៃចូលក្នុងជម្លោះដែនកោះនេះទេ ប៉ុន្តែប្រទេសចិន ចង់ឲ្យភាគីជម្លោះចូលរួមអភិវឌ្ឍន៍តំបន់នោះរួមគ្នា។
តាមសំឡេងអ្នកបកប្រែភាសា លោក ផាន ហ្គងសៀ បញ្ជាក់ឲ្យដឹងក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៧ ខែមីនា ក្នុងស្ថានទូតចិនដូច្នេះ «បញ្ហាសមុទ្រចិន ខាងត្បូង គឺជាបញ្ហាសមុទ្រចិន ប្រទេសអាស៊ានខ្លះដែលពាក់ព័ន្ធ។ បញ្ហាសមុទ្រចិន ខាងត្បូងនេះប្រទេសចិន បានប្រកាន់ខ្ជាប់នូវគោលជំហរដែលយកភាពជាក់ស្ដែងជាការសំខាន់...»។
មានការកត់សម្គាល់ថា ជម្លោះសមុទ្រចិនខាងត្បូង ទំនងស្ថិតក្នុងរបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិន មកកម្ពុជា ក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០១២ នេះតទៅ។
រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីជំហររបស់ខ្លួន កាលពីថ្ងៃ២៦ ខែមីនា ឆ្នាំ២០១២ ថា ក្នុងឱកាសកម្ពុជា ជាប្រធានអាស៊ាន នឹងលើបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូងរវាងប្រទេសចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាននោះ ជារបៀបវារៈមកពិភាក្សាដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាចុងខែមីនា ឆ្នាំ២០១២ នេះទេ ដោយសារកម្ពុជា មិនចង់ឲ្យបញ្ហានេះកា្លយទៅជាបញ្ហាអន្តរជាតិនោះទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
