ក្រសួងទេសចរណ៍កម្ពុជា មានផែនការទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកទស្សនាកម្ពុជា កើនដល់ចំនួនជាង ១លាននាក់ នៅឆ្នាំ២០២០ នៅគ្រាដែលភ្ញៀវទេសចរចិន មកទស្សនាកម្ពុជា ចំនួនជាង ២៦ម៉ឺននាក់ នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ កំពុងតែអនុវត្តន៍ផែនការ ទាក់ទាញភ្ញៀវទេសចរចិន ឲ្យមកទស្សនាកម្ពុជាចំនួនជាង ៦០ម៉ឺននាក់ នៅឆ្នាំ២០១៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលដល់ប្រទេស ពលរដ្ឋខ្មែរ ក្នុងវិស័យទេសចរណ៍ និងឱកាសការងារ។ ចិនជាប្រទេសមួយធំជាងគេ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ី ដែលមានប្រជាជនជិត ១ពាន់ ៤០០លាននាក់។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ ក្រសួងទេសចរណ៍ បានរៀបចំការផ្សព្វផ្សាយដ៏ធំមួយ ស្ដីពីការ អភិវឌ្ឍទេសចរណ៍ និងជំនាញទេសចរណ៍អាស៊ាន នៅសណ្ឋាគារភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា វិស័យទេសចរណ៍នៅកម្ពុជា ប្រៀបបាននិងមាសបៃតង ដោយសារតែកម្ពុជាមានសក្ដានុពលទេសចរណ៍យ៉ាងច្រើនដូចជា កន្លែងទេសចរធម្មជាតិ នៅភាគឦសានភ្នំក្រវ៉ាញ តំបន់ឆ្នេរសមុទ្រ និងរៀបចំឲ្យមានទីក្រុងស្អាត និងសេវាល្អ ៖ «ខាងមុខនេះ ចិននឹងមានការហោះហើរច្រើន ពីព្រោះយើងផ្សព្វផ្សាយច្រើនទៅ ...យើងធ្វើអ្វី ត្រូវគិតដល់ទីផ្សារចិន តាំងពីសៀវភៅបោះពុម្ពជាភាសាចិនតាំងពីវិបសាយជាភាសាចិន។ កាលណាមានទីផ្សារមួយសំខាន់ យើងត្រូវគិតអំពីយុទ្ធសាស្ត្រទីផ្សារហ្នឹង ...រៀបចំខ្លួនប្រាណឲ្យល្អ»។
ការអភិវឌ្ឍទេសចរណ៍នេះ នៅគ្រាប្រទេសនានានៅតំបន់អាស៊ាន កំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់ ឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥ ធ្វើឲ្យតំបន់អាស៊ានក្លាយជាតំបន់ទេសចរណ៍លំដាប់ពិភពលោក និងមានការកក់ក្ដៅ និងសេវាល្អ។
ក្រសួងទេសចរណ៍ បានចាត់ទុកប្រទេសចិន ជាទីផ្សារទេសចរណ៍ដ៏ធំមួយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីសហភាពអឺរ៉ុប។
ទាក់ទងនិងវិស័យទេសចរណ៍នេះ ប្រធានផ្នែកសេវា និងសហប្រតិបត្តិការបច្ចេកទេសទេសចរណ៍ពិភពលោក ហៅកាត់ថា យូអ៊ិនដាប់ប៊ឺលយូធីអូ (UNWTO) លោក ហាស់ វ៉ាម៉ា (Harsh Varma) បានមានប្រសាសន៍ថា នៅពេលណាភ្ញៀវទេសចរមកកម្ពុជា ពួកគេសម្លឹងមកខេត្តសៀមរាប ជាទឹកដីអង្គរ ៖ «អង្គរវត្ត គឺជារតនសម្បត្តិដ៏មហាសាល និងដ៏កម្រ សម្រាប់វិស័យទេសចរណ៍ នៅប្រទេសកម្ពុជា បន្ថែមលើនេះទៀត ភ្ញៀវទេសចរនានា និងភ្នាក់ងារទេសចរនានា មើលឃើញថា ប្រទេសកម្ពុជា មានអ្វីៗជាច្រើនទៀត ក្រៅពីអង្គរវត្ត»។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងរយៈពេល៣ខែ ដើម្បីឆ្នាំ២០១២ កន្លែងទៅនេះ កម្ពុជាបានទទួលទេសចរបរទេសចំនួនជិត ១លាននាក់ ប្រៀបធៀបរយៈពេលដូចគ្នានេះនៅឆ្នាំ២០១១ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦៧ម៉ឺននាក់។
រយៈពេលពេញឆ្នាំ២០១១ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុប ២លាន ៨សែន នាក់។ និងឆ្នាំ២០១២ នេះកម្ពុជានិងទទួលបានទេសចរអន្តរជាតិចំនួន ៣លាន ២សែននាក់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
