តុលាការ​កាត់​ទោស​ស្ត្រី​ចិន​ហែក​​​ព្រះ​ឆាយាល័ក្ខណ៍​ឲ្យ​ជាប់​គុក​១​ឆ្នាំ

ប្រធាន​ផ្នែក​ផលិតកម្ម​នៃ​រោងចក្រ ថប វឺល (Top World) ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​យក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​មហា​វីរក្សត្រ កាត់​នឹង​កន្ត្រៃ ហើយ​ត្រូវ​កម្មករ​ប្រមាណ​ជាង ២​ពាន់​នាក់​បាន​ប្រតិកម្ម និង​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី​២២ តុលា។

0:00 / 0:00

នៅ​ថ្ងៃ​ប្រកាស​សាលក្រម​នៃ​មេការ​រោងចក្រ​កាត់ដេរ ថប វឺល នេះ​ដែរ កម្មករ​នៃ​រោងចក្រ​ចំនួន​ពីរ​ដែល​មាន​កម្មករ​ជាង ៤​ពាន់​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​មេការ​របស់​ខ្លួន​ហើយ ទាមទារ​ឲ្យ​មេការ​នោះ​ដើរ​ដង្ហែ​ជា​ក្បួន​ចំពោះ​សាធារណជន ដើម្បី​សុំ​ខមាទោស​ចំពោះ​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះ​មហាក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាត់​ទោស​អ្នកស្រី វ៉ាង សៀវជីវ មេការ​ជនជាតិ​ចិន នៃ​រោងចក្រ ថប វឺល នៅ​ថ្ងៃ​ទី​២៣ តុលា ដោយ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ ក្រៅ​ពី​នេះ​សាលក្រម​ក៏​បាន​តម្រូវ​ឲ្យ​មេការ​ចិន រូប​នេះ បង់​ប្រាក់​ចំនួន ២,៥​លាន​រៀល និង​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ដោយ​ឡែក​រឿងរ៉ាវ​ទាក់ទង​នឹង​រដ្ឋប្បវេណី​វិញ ចៅក្រម លោក សេង នាង បាន​ឲ្យ​អ្នកស្រី វ៉ាង សៀវជីវ ចរចា​ពី​សំណង​ជំងឺ​ចិត្ត​ជាមួយ​កម្មករ​ គឺ​អ្នកស្រី ស៊ាង សេងលី ជា​ដើម​បណ្ដឹង។

នៅ​ពេល​បើក​សវនាការ​មុន​ប្រកាស​សាលក្រម អ្នកស្រី ស៊ាង សេងលី បាន​ទាមទារ​ឲ្យ​មេការ​រូប​នេះ​សង់​ជំងឺ​ចិត្ត​នូវ​ទឹក​ប្រាក់​ចំនួន ៦​លាន​រៀល។ ប៉ុន្តែ​ក្រោយ​ការ​សម្របសម្រួល​ពី​សំណាក់​ចៅក្រម ដោយ​សុំ​ឲ្យ​ភាគី​ដើម​ចោទ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ នូវ​ការ​ទាមទារ​របស់​ខ្លួន អ្នកស្រី ស៊ាង សេងលី បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​លាន​រៀល​វិញ។

រោងចក្រ ថប វឺល ស្ថិត​នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

កម្មករ​បណ្ដើរ​មេការ​ជន​ជាតិ​ចិន (រូប​កាន់​រូបថត) នៃ​រោងចក្រ ស៊ុនឡុង ហ្គាមិន ដែល​មិន​ប្រាប់​ឈ្មោះ ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​សុំ​ខមាទោស​អតីត​ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១២។
កម្មករ​បណ្ដើរ​មេការ​ជន​ជាតិ​ចិន (រូប​កាន់​រូបថត) នៃ​រោងចក្រ ស៊ុនឡុង ហ្គាមិន ដែល​មិន​ប្រាប់​ឈ្មោះ ឲ្យ​ដើរ​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​សុំ​ខមាទោស​អតីត​ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១២។ (RFA/Vichey Anandh)

នៅ​ថ្ងៃ​ទី​២៣ តុលា នោះ​ដែរ កម្មករ​រោងចក្រ ស៊ុន ឡុង ហ្គាមិន (Sunn Lung Garment) ស្ថិត​នៅ​ភូមិ​ដំណាក់៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រហែល ៧០០​នាក់ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​មេការ​ជនជាតិ​ចិន​របស់​ខ្លួន ហើយ​កម្មករ​ទាំង​នោះ​បាន​ឲ្យ​ស្ត្រី​មេការ​រូប​នេះ​កាន់​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះមហាក្សត្រ​ដើរ​ដង្ហែ​ពី​រោងចក្រ ដែល​មាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ ឆ្ពោះ​ទៅ​កាន់​ព្រះ​បរម​រាជវាំង ដើម្បី​សុំ​ខមាទោស​ចំពោះ​ព្រះ​បរម​សព​នៃ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​ស្ត្រី​មេការ​ដែល​មិន​ប្រាប់​ឈ្មោះ​រូប​នេះ បាន​យក​រូប​ថត​នៃ​ដួង​ព្រះចន្ទ្រ​របស់​កម្មករ ទៅ​ហែក​ចោល។

កាល​ពី​ថ្ងៃ​ទី​២១ តុលា ដែល​ត្រូវ​នឹង​ថ្ងៃ ៦​កើត ខែ​អស្សុជ ឆ្នាំ​រោង ចត្វាស័ក ពលរដ្ឋ​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​នាំ​គ្នា​ទៅ​មើល​ដួងព្រះចន្ទ្រ ដែល​មាន​ពពក​បាំង​មួយ​ចំហៀង ហើយ​ថា​រូប​នោះ​ស្រដៀង​នឹង​ព្រះ​ភក្ត្រ​នៃ​អតីត​ព្រះ​មហាក្សត្រ។ ជាមួយ​គ្នា​នេះ រូប​ព្រះ​ខែ​នោះ​ត្រូវ​គេ​ថត​យក​មក​លក់​ឲ្យ​ពលរដ្ឋ។

កម្មការិនី​ឈ្មោះ ពេជ្រ សាខន ឲ្យ​ដឹង​ថា អ្នកស្រី​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​អ្នកស្រី​ឃើញ​មេការ​របស់​អ្នកស្រី​ហែក​រូប​នោះ។

ទោះ​យ៉ាង​ណា​រឿង​រ៉ាវ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​មេការ​រូប​នោះ​បាន​ទៅ​ដល់​មុខ​ព្រះ​បរម​រាជវាំង ថ្វាយ​បង្គំ​សុំ​ខមាទោស​ចំពោះ​ព្រះ​បរម​សព​នៃ​អតីត​ព្រះ​មហាក្សត្រ។

ស្រប​គ្នា​នេះ​នៅ​ឯ​ខេត្ត​កណ្ដាល ឯ​ណោះ​វិញ កម្មករ​រោងចក្រ ញូអាឃីត ស្ថិត​នៅ​ភូមិ​ត្រពាំង ឃុំ​ពើក ស្រុក​អង្គស្នួល ប្រមាណ​ជាង ៣​ពាន់​នាក់ ​ក៏​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​មេការ​របស់​ពួក​គាត់​ដែរ ដោយសារ​មេការ​ឈ្មោះ ស៊ែង រូប​នោះ​បាន​យក​រូប​ព្រះចន្ទ្រ​របស់​កម្មករ​ដែល​គេ​ថត​បាន​យក​ទៅ​ហែក​ចោល។

អធិការ​រង​ស្រុក​អង្គស្នួល ទទួល​បន្ទុក​ការងារ​សន្តិសុខ លោក រ៉េត ជា ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចូល​សម្របសម្រួល និង​យក​អ្នកស្រី ស៊ែង ដល់​អធិការ​ស្រុក និង​រៀបចំ​ឲ្យ​ស្រ្តី​រូប​នោះ ថ្វាយ​បង្គំ​ព្រះ​ឆាយាល័ក្ខណ៍ ដែល​គេ​ដាក់​តាំង​នៅ​មុខ​សាលា​ស្រុក ទើប​កម្មករ​ទាំង​នោះ​បាន​រំសាយ​ការ​ខឹង​ក្រោធ​របស់​ពួក​គាត់។

ទាក់ទង​នឹង​ការ​ប្រតិកម្ម​របស់​កម្មករ​ដែល​បាន​កើត​ឡើង​ចំនួន​បី​ករណី​នៅ​ថ្ងៃ​បន្ទាប់ៗ គ្នា​នេះ ត្រូវ​គេ​ជឿ​ថា ឥទ្ធិពល និង​ប្រជាប្រិយភាព​នៃ​ព្រះ​មហាក្សត្រ ហាក់​មិន​បាន​ថមថយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។