គ្រូ​ប្រដៅ​សាសនា​គ្រិស្ត៖ ឌុច ជា​មនុស្ស​ល្អ​និង​ស្មោះ​ត្រង់

2009-09-16

គ្រូ​ប្រដៅ​សាសនា​ព្រះ​យេស៊ូ​គ្រិស្ត​មួយ​រូប និយាយ​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​ថា ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង គឺ​ជា​មនុស្ស​ឈ្មោះ ហង់ ពិន ដែល​ល្អ​រួស​រាយ​និង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដែល​លោក​ធ្លាប់​ស្គាល់។

AFP PHOTO/POOL/Mak REMISSA

ឌុច បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ថ្ងៃ​ទី ៣០ ខែ​មីនា ២០០៩ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ទីក្រុង​ភ្នំពេញ។

ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​ដោយ​សាក្សី​មួយ​រូប​ឈ្មោះ​លោក គ្រីស្តូហ័្វរ ឡាប៉ែល (Christopher LaPel) កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៩ នៅ​ក្នុង​អង្គ​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម នៅ​ពេល​ដែល​ផ្តល់​សក្ខី​កម្ម​អំពី​អត្ត​ចរិត​របស់​ជន​ជាប់​ចោទ កាំង ហ្កេក​អ៊ាវ ហៅ ឌុច ៖ «ខ្ញុំ​មិន​ដឹង​ថា គាត់​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ​នៅ​អតីត​កាល​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចូលរួម​គោរព​ទៅ​លើ​ព្រះ ខ្ញុំ​សង្កេត​ឃើញ​ថា គាត់​ជា​មនុស្ស​មួយ​រូប​ដែល​មាន​សីលធម៌ ហើយ​គោរព​ទៅ​លើ​ព្រះ ហើយ​គាត់​មាន​សន្តិភាព​និង​មាន​ភាព​រីករាយ​នៅ​ក្នុង​ចិត្ត ចំពោះ​អ្វី​ដែល​គាត់​បាន​គោរព​ទៅ​លើ​ព្រះ ហើយ​រស់​នៅ​ជាមួយ​ព្រះ។ គាត់​ជា​បុរស​ល្អ​មួយ​រូប»

លោក គ្រីស្តូហ្វ័រ ឡាប៉ែល បច្ចុប្បន្ន អាយុ ៥១​ឆ្នាំ កាន់​សញ្ជាតិ​អាមេរិកាំង​-ខ្មែរ បញ្ជាក់​ជូន​អង្គ​សវនាការ​ថា លោក​ជា​គ្រូ​ប្រដៅ​សាសនា​ព្រះ​គ្រិស្ត​មួយ​រូប​របស់ កាំង ហ្កេក​អ៊ាវ ហៅ ឌុច កាល​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ ៖ «ខ្ញុំ​ជា​គ្រូ​បង្រៀន​របស់​គាត់ តាំង​ពី​ពេល​ដែល​ខ្ញុំ​ជួប​គាត់ នៅ​ក្នុង​ឆ្នាំ​១៩៩៥​មក។ គាត់​នៅ​ពេល​នោះ​ក្លាយ​ទៅ​ជា​អ្នក​គោរព​សាសនា​របស់​យើង​ខ្ញុំ ហើយ​បន្ទាប់​មក​ខ្ញុំ​ប្រាព្ធ​ពិធី​ជ្រមុជ​ទឹក​ជូន​គាត់ នៅ​ក្នុង​ខែ​មករា ថ្ងៃ​ទី​៦ ឆ្នាំ​១៩៩៦»

លោក គ្រីស្តូហ្វ័រ ឡាប៉ែល ថ្លែង​ទៀត​ថា ឪពុក​ម្តាយ​និង​ប្អូន​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​មិត្ត​ភក្តិ​របស់​លោក​ត្រូវ​បាន​សម្លាប់​នៅ​គុក​ទួល​ស្លែង​ក្នុង​របប​នេះ​ដែរ។ នៅ​ពេល​សួរ​ថា តើ​លោក​អាច​អត់​ឱន​ឲ្យ ឌុច ដែរ​ឬ​ទេ លោក គ្រីស្តូហ្វ័រ ឡាប៉ែល ថ្លែង​ថា លោក​ស្អប់​អំពើ​បាប ប៉ុន្តែ​លោក​មិន​ស្អប់​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ទេ។ លោក​អាច​អត់​ឱន​ឲ្យ​បាន។

នៅ​ក្នុង​ការ​សន្និដ្ឋាន​តប​សក្ខី​កម្ម​របស់​លោក គ្រីស្តូហ័្វរ ឡាប៉ែល ជន​ជាប់​ចោទ ឌុច មិន​បាន​តវ៉ា​អ្វី​ទេ ដោយ​គ្រាន់​តែ​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ​យេស៊ូ​គ្រិស្ត ជា​ម្ចាស់​ប៉ុណ្ណោះ។

ឌុច ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​សូម​អរគុណ​ព្រះ​ជា​ម្ចាស់​ដែល​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​បាន​ជួប​លោកគ្រូ គ្រីស្តូហ្វ័រ ឡាប៉ែល ដែល​ជា​គ្រូ​របស់​ខ្ញុំ ឯ​ចំណែក​ជំនឿ​របស់​ខ្ញុំ​ចំពោះ​ព្រះ​ជា​ម្ចាស់​យ៉ាង​ម៉េច ខ្ញុំ​នឹង​ដាក់​ខ្លួន​ជូន​អង្គ​ជំនុំ​ជម្រះ សួរ​បញ្ជាក់​ខ្ញុំ​ថែម​ទៀត​នៅ​ពេល​ណា​ដែល​អង្គ​ជំនុំ​ជម្រះ​លោក​ត្រូវការ។ សូម​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់»

លោក គ្រីស្តូហ្វ័រ ឡាប៉ែល ថ្លែង​ថា ក្រោយ​ការ​បែក​គ្នា លោក​មាន​ឱកាស​បាន​ជួប ឌុច នៅ​ពន្ធនាគារ​សាលាក្តី​ខ្មែរ​ក្រហម​ទៀត ដើម្បី​រៀបចំ​ពិធី​គោរព​សាសនា។ លោក​បន្ត​ថា ជន​ជាប់​ចោទ ឌុច បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​អ្វី ដែល​គាត់​បាន​ធ្វើ​កន្លង​មក។

ជន​រង​គ្រោះ​នៅ​គុក​ទួលស្លែង​មួយ​រូប គឺ​លោក ជុំ ម៉ី បាន​ថ្លែង​ថា ជន​ជាប់​ចោទ ឌុច មិន​មែន​ជា​មនុស្ស​ស្លូត​ទេ ព្រោះ​ជន​ជាប់​ចោទ​រូប​នេះ បាន​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ