សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បង្កើត​ក្រុម​ស៊ើប​អង្កេត​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ចំនួន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​ឯករាជ្យ​មួយ ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​កង​រាជ​អាវុធហត្ថ​ឈ្មោះ អ៊ិន រតនា។

0:00 / 0:00

ការ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ នៅ​បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​ទៅ​ធ្វើការ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ចំពោះ​ឃាតកម្ម​នេះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ លោក​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​កម្មករ​ក្រុមហ៊ុន​វារីអគ្គិសនី និង​កម្មករ​ស៊ី​ឈ្នួល​គេ​កាប់​ឈើ​នៅ​កន្លែង​កើត​ហេតុ​នៅ​ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉េអិម និង​មាន​ទាហាន​ជា​ច្រើន​នាក់​បាន​តាម​ឃាត់​រថយន្ត​លោក ឈុត វុទ្ធី និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) មិន​មាន​តែ​ពីរ​នាក់​ទេ។

លោក ចាន់ សុវ៉េត បាន​បញ្ជាក់​អំពី​ភាព​មិន​ប្រក្រតី​នៅ​ទី​កន្លែង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដូច្នេះ៖ «សកម្មភាព​បទល្មើស​នៅ​កន្លែង​កើត​ហេតុ​នេះ ខាង​មន្រ្តី​កង​រាជ​អាវុធហត្ថ​ចុះ​ទៅ​ស៊ើប​អង្កេត​មើល​ទៅ​នៅ​ឆក​ល្វែង​ច្រើន​ណាស់។ នៅ​កន្លែង​ខ្លះ​ទៀត​មិន​បាន​រៀបចំ​គូរ​ប្លង់​ឲ្យ​បាន​ច្បាស់លាស់ មិន​កំណត់​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ភស្តុតាង​នៅ​កន្លែង​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ផ្លាស់ប្ដូរ ដូចជា​សព​មន្ត្រី​ប៉េអិម អ៊ិន រតនា នោះ គេ​លើក​ទៅ​កន្លែង​ផ្សេង ក្រោយ​មក​គេ​លើក​មក​កន្លែង​ដើម​វិញ។ ការ​ពិនិត្យ​ទៅ​លើ​រថយន្ត​នៅ​កន្លែង​ខ្លះ​ទៀត យើង​មើល​ឃើញ​ថា នៅ​ឆក​ល្វែង​ច្រើន​ណាស់»

លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​ស្វិតស្វាញ​នៅ​ពេល​កន្លង​មក​នោះ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ ១២ និង ២០​នាទី ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។

កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​ស្តីពី​ករណី​​បាញ់​ប្រហារ​លោក ឈុត វុទ្ធី ផ្ញើ​ទៅ​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

របាយការណ៍​នោះ​បាន​សរសេរ​ថា លោក ឈុត វុទ្ធី បាន​ធ្វើ​ដំណើរ​ជាមួយ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប​ទៀត។ នៅ​ពេល​មក​ដល់​ចំណុច​វាល៣ ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខែត្រ​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នោះ លោក ឈុត វុទ្ធី បាន​ជួប​ជាមួយ​កម្លាំង​អាវុធហត្ថ​ចំនួន​ពីរ​រូប មាន​ឈ្មោះ អ៊ិន រតនា និង​ឈ្មោះ សូ សុភាព ដែល​អ្នក​ទាំង​ពីរ​មាន​បេសកកម្ម​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​កោះកុង ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។

ប៉ុន្តែ​នៅ​ពេល​លោក ឈុត វុទ្ធី និង​កម្លាំង​អាវុធហត្ថ​បាន​ជួប​គ្នា។ លោក ឈុត វុទ្ធី បាន​ជេរ​ប្រមាថ​កង​កម្លាំង​អាវុធហត្ថ នៅ​ពេល​នោះ​លោក អ៊ិន រតនា បាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់​មក​បាញ់​សម្លាប់​ខ្លួន​ឯង​ចំនួន ២​គ្រាប់។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បដិសេធ​របាយការណ៍​អង្កេត​មួយ​នេះ ដែល​ពួកគេ​បាន​លើក​ឡើង​ថា របាយការណ៍​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទាំង​ស្រុង​នោះ​ឡើយ ជា​ពិសេស​ចំណុច​ដែល​បាន​និយាយ​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​ឈ្មោះ អ៊ិន រតនា បាន​ធ្វើ​អត្តឃាត​ដោយ​បាញ់​ខ្លួន​ឯង​ចំនួន ២​គ្រាប់ ដោយ​កាំភ្លើង​វែង ប្រភេទ អាកា ៤៧។

ប្រធាន​ក្រុម​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​លោក​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​កន្លែង​កើត​ហេតុ​ដែរ​នោះ មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

លោក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​ឲ្យ​មាន​តម្លាភាព និង​ទទួល​យក​បាន​ទាំង​អស់​គ្នា ពីព្រោះ​របាយការណ៍​ស៊ើប​អង្កេត​របស់​កង​រាជ​អាវុធហត្ថ​ខែត្រ​កោះកុង មិន​អាច​ទទួល​យក​បាន​ឡើយ៖ «សមត្ថកិច្ច​ប៉េអិម​ថា រតនា ហ្នឹង​បាញ់​សម្លាប់​ខ្លួន​ឯង នេះ​ជា​រឿង​ស្រពិចស្រពិល។ យើង​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត ព្រោះ​កន្លង​មក​អ្នក​ដែល​បាញ់​សម្លាប់​ខ្លួន​ឯង​មិន​ដែល​ពីរ​គ្រាប់​ទេ អ្នក​សម្លាប់​ខ្លួន​ឯង​ច្រើន​តែ​បាញ​នៅ​កន្លែង​សៀតផ្កា និង​នៅ​ក្រោម​ចង្កា តែ​ចំពោះ​លោក រតនា គឺ​ពីរ​គ្រាប់ គឺ​នៅ​ក្រោម​ដោះ​ស្ដាំ និង​លើ​ដោះ​ស្ដាំ។ បើ​សិន​ជា​លោក​រតនា សម្លាប់​ខ្លួន​ឯង ហេតុ​អី​បាន​ជា​មិត្តភ័ក្ដិ​របស់​គាត់​នៅ​កន្លែង​កើត​ហេតុ​មិន​ឃាត់? យើង​កំពុង​រក​ព័ត៌មាន​ថា លោក រតនា សម្លាប់​ខ្លួន​ឯង ឬ​គេ​បាញ់​ប្រហារ​គាត់?»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មេសា។

មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខែត្រ​កោះកុង លោក ថុង ណារ៉ុង មាន​ប្រសាសន៍​ថា អង្គភាព​របស់​លោក​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​នៅ​ឡើយ ហើយ​របាយការណ៍​ចេញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា នោះ គ្រាន់​តែ​ជា​របាយការណ៍​បឋម​ទេ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត​ចំពោះ​ការ​បន្ត​ស៊ើប​អង្កេត​នេះ​ទេ។ លោក​បញ្ជាក់​ថា មន្ត្រី​កង​រាជ​អាវុធ​ឈ្មោះ សូ សុភាព នោះ នៅ​ក្នុង​អង្គភាព​កង​រាជ​អាវុធហត្ថ​ខែត្រ​នៅ​ឡើយ។

លោក ថុង ណារ៉ុង៖ «ខាង​អង្គការ​ពិនិត្យ​ឃើញ​យ៉ាង​ណា ជា​រឿង​របស់​គាត់ ហើយ​ខាង​ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ដឹង​ការ​ពិត»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ លោក ចាន់ សុវ៉េត បាន​ពន្យល់​ថា ជា​ការ​បាញ់​សម្លាប់​ដើម្បី​បំបិទ​មាត់ និង​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ការពារ​ព្រៃ​ឈើ​ដទៃ​ទៀត និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម។

លោក ចាន់ សុវ៉េត បាន​អះអាង​ថា មូលហេតុ​សំខាន់​ចំពោះ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នេះ ដោយសារ​តែ​គេ​ចង់​បិទ​បាំង​អំពី​សកម្មភាព​បទល្មើស​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ​នៅ​កន្លែង​កើត​ហេតុ៖ «ក្រុមហ៊ុន​ហ្នឹង​ដេញ​ថ្លៃ​បាន​ពី​ចិន​មក ហើយ​ក្រុមហ៊ុន​ហ្នឹង​ជិត​ផុត​កុងត្រា​ហើយ ហើយ​ក្រុមហ៊ុន​ហ្នឹង​ដូច​គេ​និយាយ​ពី​ខាង​ប្រជាពលរដ្ឋ ជា​ក្រុមហ៊ុន​របស់​អ្នក​មាន​អំណាច មាន​ស័ក្ដិ មាន​យស»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប​ទៀត​នេះ នៅ​មាន​សាក្សី​រស់​ចំនួន​ពីរ​រូប​ទៀត​ដែល​ដឹង​អំពី​ស្ថានភាព​មុន​ពេល​កើតហេតុ​ពិត​ប្រាកដ គឺ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី កញ្ញា ផន បុប្ឆា និង​កញ្ញា អូលេស្យា ផ្លូឃី (Olesia Plokhii) ជន​ជាតិ​កាណាដា។ ប៉ុន្តែ​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក អ្នក​កាសែត​ទាំង​ពីរ​នាក់ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ និង​ឃាតកម្ម​នេះ។

អត្ថ​បទ​របស់កាសែត ឌឹ ខេមបូឌា ដេលី ចេញ​ផ្សាយ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​មេសា បាន​សរសេរ​ថា អ្នក​កាសែត​ទាំង​ពីរ​នាក់​មិន​ដឹង​ថា អ្នក​ណា​ជា​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ទេ។ ប៉ុន្តែ​ពួក​គេ​បញ្ជាក់​ថា លោក ឈុត វុទ្ធី និង​កងរាជអាវុធហត្ថ​ឈ្មោះ អ៊ិន រតនា នោះ​​មិន​ទាន់​ស្លាប់​ភ្លាមៗ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​ទាហាន និង​ប៉េអឹម មិន​បាន​ជួយ​សង្គ្រោះ​ទេ ដោយ​ទុកឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិត រតនា នៅ​កន្លែង​កើត​ហេតុ​រហូត​ដល់​ស្លាប់ ទោះ​បី​ជា​ស្ត្រី​អ្នក​កាសែត​បាន​ស្នើ​សុំ​យក​ពួកគាត់​ទៅ​ពេទ្យ​ក៏ដោយ។ ក្រុម​ទាហាន​ទាំង​នោះ​បាន​ឃាត់​មិន​ឲ្យ​ស្ត្រី​អ្នក​កាសែត​ទាំង​ពីរ​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​ឡើយ។ ក្នុង​ពេល​នោះ ស្ត្រី​អ្នក​កាសែត​ក៏​បាន​ស្តាប់​ឮ​ក្រុម​ទាហាន​និយាយ​គ្នា​ថា "មិន​បាច់​និយាយ​ច្រើន​ទេ សម្លាប់​អ្នក​ទាំង​ពីរ​ចោល​ទៅ"

អត្ថបទ​កាសែត​ដដែល​បាន​រៀបរាប់​អំពី​រឿង​រ៉ាវ​កើត​ឡើង​ជា​ច្រើន​ទៀត​នៅ​មុន​ពេល​កើត​ហេតុ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី។ នៅ​ក្នុង​សារ​រំលែក​ទុក្ខ​នោះ បាន​សរសេរ​ថា លោក ឈុត វុទ្ធី ជា​ស្ថាបនិក និង​ជា​នាយក​នៃ​ក្រុម​ការពារ​ធនធាន​ធម្មជាតិ (NRPG) និង​ជា​សកម្មជន​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃ​ឈើ​កម្ពុជា និង​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់។ លោក​គឺ​ជា​អ្នក​គាំទ្រ​ដ៏​សកម្ម​មួយ​រូប​នៃ​បណ្ដាញ​សហគមន៍​ផ្សេងៗ អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម និង​សហគមន៍​មូលដ្ឋាន​នានា ដែល​តស៊ូ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស។

ក្នុង​នាម​ជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​បំផុត​ចំពោះ​ការ​បាញ់​សម្លាប់​សកម្មជន​រូប​នេះ។ នៅ​ក្នុង​ហេតុការណ៍​សោកនាដកម្ម​នេះ មន្ត្រី​កង​រាជ​អាវុធហត្ថ​មួយ​រូប​ក៏​ត្រូវ​គេ​បាញ់​សម្លាប់​ដែរ។ អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់ សូម​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ចំពោះ​ករណី​នេះ និង​ចាប់​ឃាតក​ពិត​ប្រាកដ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។