រដ្ឋាភិបាល​ចេញ​សារាចរ​ណែនាំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ

រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារាចរ​ស្ដីពី​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ។

សារាចរ​ណែនាំ​ចុះ​ថ្ងៃ​ទី​១៥ ខែ​តុលា ប្រកាស​ថា ទិវា​កាន់​ទុក្ខ​ជា​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​ក្នុង​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​មាន​រយៈពេល ៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១២។ ក្នុង​រយៈ​ពេល​កាន់​ទុក្ខ​នេះ គ្រប់​ស្ថាប័ន​រដ្ឋ និង​ឯកជន ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម ១ ភាគ ៣ នៃ​ដង​ទង់ជាតិ ចាប់​ពី​លើ​មក​ក្រោម។ គ្រប់​ស្ថាប័ន​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ព្រម​ទាំង​កន្លែង​កម្សាន្ត ត្រូវ​ផ្អាក​ការ​ផ្សាយ​នូវ​ទស្សនីយភាព ការ​សម្ដែង និង​ប្រគំ​តន្ត្រី​ផ្សេងៗ ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង​ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ។

គ្រប់​ស្ថានទូត និង​ស្ថាន​កុងស៊ុល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្រៅ​ប្រទេស ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ព្រះ​ឆាយាល័ក្ខណ៍​នៃ​ព្រះ​មហា​វីរក្សត្រ និង​សៀវភៅ​សម្រាប់​ចុះ​មរណទុក្ខ។ ប្រជារាស្ត្រ​គ្រប់​រូប​ពាក់​សញ្ញា​កាន់​មរណទុក្ខ។

រាជ​រដ្ឋាភិបាល​ប្រកាស​ផង​ដែរ​ថា ព្រះ​បរម​សព​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ នឹង​ត្រូវ​តម្កល់​ទុក​ក្នុង​រយៈពេល​យ៉ាង​តិច​ជាង ៣​ខែ នៅ​ឯ​ព្រះ​បរម​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ។ ក្នុង​រយៈពេល ៣​ខែ​នេះ មន្ត្រី​រាជការ និង​ប្រជារាស្ត្រ​ខ្មែរ រួម​ទាំង​ភ្ញៀវ​ជនជាតិ​បរទេស​ទាំង​អស់​អាច​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។