សាលា​រាជធានី​ភ្នំពេញ​ប្រារព្ធ​ខួប​ទី​២៥​នៃ​ស៊ីធីណេត ដោយ​ជិះ​កង់​ហែ​ជា​ក្បួន

សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​ចូល​រួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​បង្កើត​ស៊ីធីណេត (CITYNET) ដោយ​ជិះ​កង់​ហែ​ជា​ក្បួន​ក្នុង​រាជធានី​នេះ។
ដោយ សុ ជីវី
2012-07-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជិះ​កង់​ហែ​ជា​ក្បួន ៣០៥
២៨-កក្កដា-២០១២៖ សកម្មភាព​អ្នក​ជិះ​កង់​ហែ​ជា​ក្បួន ដើម្បី​ប្រារព្ធ​ខួប​ទី​២៥ នៃ​ស៊ីធីណេត (CITYNET)។
RFA/Mom Sophon

ការ​ជិះ​កង់​ជា​ក្បួន​ពី​សំណាក់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ សិស្ស​និស្សិត និង​អ្នក​ស្ម័គ្រចិត្ត​ជិះ​កង់​សម្អាត​ក្រុង សរុប​ប្រមាណ​៣០០​នាក់​នោះ មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង ដោយ​ចេញ​ដំណើរ​ពី​សាលា​រាជធានី​ភ្នំពេញ កាត់​តាម​មហា​វិថី​នានា ឆ្ពោះ​ទៅ​វិមាន​ឯករាជ្យ សួន​ច្បារ​សម្ដេច​សង្ឃរាជ ជួន ណាត ខាង​មុខ​ព្រះ​បរម​រាជវាំង និង​រមណីយដ្ឋាន​វត្ត​ភ្នំ។

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា ជំរុញ​អោយ​ពលរដ្ឋ​នៅ​ទីក្រុង ចាប់​ផ្ដើម​ងាក​មក​ជិះ​កង់ ដែល​ជា​ប្រភេទ​យាន​ជំនិះ​ងាយៗ ដើម្បី​ចូល​រួម​ក្នុង​ការ​សម្អាត​ទីក្រុង និង​ការ​រក្សា​បរិស្ថាន​ល្អ។

ថ្លែង​បើក​កម្ម​វិធី​ជិះ​កង់​នៅ​ថ្ងៃ​រំលឹក​ខួប​២៥​ឆ្នាំ នៃ​ការ​បង្កើត​បណ្ដាញ​ថ្នាក់​តំបន់​នៃ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ដើម្បី​ការ​គ្រប់គ្រង​ការ​តាំង​លំនៅឋាន​ក្នុង​ក្រុង នៅ​អាស៊ី​ប៉ាស៊ីហ្វិក ស៊ីធីណេត លោក កែប ជុតិមា បាន​អោយ​ដឹង​ថា ការ​ជិះ​កង់​គឺ​រក្សា​បាន​សុខភាព និង​ធ្វើ​បរិស្ថាន​បាន​ស្អាត ដែល​ពលរដ្ឋ​កម្ពុជា​គួរ​ចាប់​អារម្មណ៍​ជិះ​កង់​អោយ​បាន​កាន់​តែ​ច្រើន។

លោក កែប ជុតិមា៖ «នេះ​ជា​កីឡា​ប្រភេទ​ម្យ៉ាង ដែល​ផ្តល់​សុខមាលភាព​អោយ​យើង។ ហើយ​ការ​ជិះ​កង់​នេះ ក៏​ជា​ការ​រួម​ចំណែក​ដើម្បី​បណ្ដុះ​នូវ​គំនិត​មួយ ក្នុង​ការ​ប្រើប្រាស់​កង់​ក្នុង​រាជធានី​ភ្នំពេញ ដែល​យើង​ឃើញ​ថា មធ្យោបាយ​នានា​កាន់​តែ​ច្រើន​ទៅៗ ហើយ​កាន់​តែ​ស្មុគស្មាញ​ទៅៗ»

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ ស៊ីធីណេត កាល​ពី​ឆ្នាំ​២០០២ គម្រោង​​ដែល​ជា​តម្រូវ​ចាំ​បាច់​សម្រាប់​ទីក្រុង​នេះ​គឺ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ សុខុមាលភាព​សាធារណៈ និង​អនាម័យ។

ប្រធាន​គម្រោង ចាំ​អង្កាល់ ឬlet's do it លោក ជី សីលា ដែល​បាន​ដឹកនាំ​អ្នក​រួម​ការងារ​ចូលរួម​ជិះ​កង់​មាន​ប្រសាសន៍​ថា បន្ថែម​ពី​លើ​ការ​ជិះ​កង់ ដើម្បី​ថែ​រក្សា​បរិស្ថាន ក្រុម​របស់​លោក​បាន​ចូល​រួម​សម្អាត​ទី​ក្រុង តាម​រយៈ​ការ​ជិះ​កង់​រើស​សំរាម នៅ​ចុង​សប្ដាហ៍។ លោក ជី សីលា សាទរ​ចំពោះ​ការ​ជំរុញ​អោយ​ពលរដ្ឋ​ងាក​មក​ជិះ​កង់​នៅ​ក្នុង​ក្រុង​នេះ។

លោក ជី សីលា៖ «អីចឹង ពួក​ខ្ញុំ​ជិះ​កង់​ហ្នឹង គឺ​ប្រាប់​ថា ពួក​ខ្ញុំ​ឈប់​ចោល​សំរាម អោយ​យើង​ទទួល​ខុស​ត្រូវ​លើ​សំរាម​ខ្លួន​ឯង។ យើង​គួរ​ធ្វើ​ការងារ​ហ្នឹង​អោយ​បាន​ច្រើន យើង​សង្ឃឹម​ថា ពលរដ្ឋ​យើង​ចាប់​ផ្ដើម​គិត​ពី​សុខភាព គិត​ពី​បរិស្ថាន​អីចឹង​ទៅ។ ជិះ​កង់​អោយ​បាន​កាន់​តែ​ច្រើន និយាយ​ទៅ​វា​ជួយ​ដល់​សេដ្ឋកិច្ច​យើង​ទៀត ព្រោះ​យើង​អត់​មាន​ចាយ​លុយ​ច្រើន​ទេ។ ក្រោយ​ទៀត​ទៅ​ប្រហែល​សាលា​ក្រុង ឬ​ខាង​រាជ​រដ្ឋាភិបាល​ចាប់​ផ្ដើម​គិត​ដល់​សុវត្ថិភាព ប្រហែល​យើង​អាច​ធ្វើ​ផ្លូវ​ជិះ​កង់​ជាមួយ​ដើរ​ហ្នឹង អោយ​កាន់​តែ​ធំ អីចឹង​មនុស្ស​គាត់​ជិះ​តាម​អោយ​កាន់​តែ​ច្រើន ប្រជាជន​យើង​សុខភាព​កាន់​តែ​ល្អ»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គិមអេង មាន​ប្រសាសន៍​ថា ដើម្បី​អោយ​ពលរដ្ឋ​កាន់​តែ​ច្រើន​ងាក​ទៅ​ប្រើ​ប្រាស់​យាន​ជំនិះ​ដែល​ងាយៗ និង​មាន​សារប្រយោជន៍​សម្រាប់​បរិស្ថាន សាលា​រាជធានី​ត្រូវ​គិតគូរ​គម្រោង​ប្លង់​មេ សម្រាប់​ទីក្រុង​ទាំង​មូល ដោយ​បង្កើត​អោយ​មាន​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ការ​អប់រំ​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ប្រើប្រាស់​យាន​យន្ត​ជាដើម។

លោក យ៉ង់ គិមអេង៖ «នៅ​តាម​បណ្ដា​ប្រទេស​អឺរ៉ុប មួយ​ចំនួន​ដែល​គេ​ធ្វើ​បាន គេ​មាន​បែង​ចែក​ផ្លូវ​សម្រាប់​កង់ ផ្លូវ​អី ត្រឹមត្រូវ​អីចឹង​ទៅ។ ហើយ​១​ទៀត គឺ​ត្រូវ​តែ​ចាប់​ផ្ដើម​ចលនា​អោយ​ប្រជាពលរដ្ឋ​ហ្នឹង ត្រូវ​តែ​ធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​យើង​អត់​ដែល​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​ជិះ​កង់​មក​ធ្វើ​ការ​ទេ។ សូម្បី​តែ​ផ្ទះ​របស់​គាត់​នៅ​ជិត​ការិយាល័យ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជិះ​ឡាន​ទំនើប ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ ដើម្បី​បង្ហាញ​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ក្នុង​នោះ​ដែរ​ក៏​ត្រូវ​អោយ​ចេះ​គោរព​សិទ្ធិ​អ្នក​ជិះ​កង់ អ្នក​ថ្មើរជើង​អី​ហ្នឹង»

នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ជិត​២លាន​នាក់ មាន​យាន​ជំនិះ​ដែល​ចុះ​បញ្ជី​ផ្លូវ​ការ គឺ​មាន​ចំនួន​ជិត​៧សែន​គ្រឿង (៦៧០.០៨១​គ្រឿង) ក្នុង​នោះ​ភាគ​ច្រើន​ជា​ម៉ូតូ។ ក្រៅ​ពី​នោះ​មាន​ពលរដ្ឋ​តិច​តួច​បំផុត​ដែល​ជិះ​កង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Independent Source

To make the environment better is to preserve all trees and natural resources. Trees are being cut every day and natural resources are almost completely eradicated, what else can we make the environment better? Of course, ridding bicycles are not enough; the government needs to do a lot more than just encourage people ridding bicycles.

Jul 30, 2012 01:00 AM

អាវ៉ា វីរ៉ា

លោក ជុតិមាជម្រុញឲ្យជិះកង់ ប៉ុន្តែរាល់គម្រោងសាងសង់ ឬកែលំអរផ្លូវរបស់សាលារាជធានី ពុំដែលគិតពីសុវត្ថិភាពអ្នកជិះកង់ និងថ្មើរជើងទេ

Jul 29, 2012 12:07 PM

ហូ ទន់

ពី កោះកុង

ត្រូវហើយ!អស់លោកជិះកង់ចុះទុកផ្លូវឱ្យទូលាយស្រួល
ឡានខ្ញុំបើកទៅមិនពិបាកឈប់ច្រើនហើយអស់សាំងក៍តិច។

Jul 28, 2012 05:07 PM