ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ ក្រោយពេលដែលមានអ្នករត់រ៉ឺម៉កកង់បីជាច្រើននាក់ បានប្ដឹងទៅសមាគមនោះឲ្យជួយអន្តរាគមន៍។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា ក្រុមអ្នករត់រ៉ឺម៉កកង់បី ឲ្យតែបានបញ្ជាយានកាត់តាមស្ពានអាកាស ត្រូវនគរបាលចរាចរណ៍ផ្លូវគោកចាប់ឃាត់ និងឲ្យបង់ប្រាក់ស្ទើររាល់ថ្ងៃ។
លោក វ៉ន ពៅ មានប្រសាសន៍ដូច្នេះ ៖ «សម្រាប់ស្ពានអាកាសឃើញថា អត់ទាន់មានស្លាកសញ្ញាច្បាស់លាស់ ដែលហាមឃាត់មិនឲ្យរ៉ឺម៉កទេសចរណ៍ឆ្លងកាត់នោះទេ។ ចំណុចនេះហើយគឺជាចំណុចដែលយើងអាចធ្វើការចរចាប៉ូលិសចំពោះបញ្ហារឿងហ្នឹង។ ចំណុចហ្នឹងដែរ ខ្ញុំសូមអំពាវនាវទៅអាជ្ញាធរ បើសិនជាផ្លូវណាហាមឃាត់ សូមមេត្តាដាក់ស្លាកឲ្យបានច្បាស់លាស់ ចៀសវាងការឆ្លៀតឱកាសរបស់មន្រ្តីប៉ូលិសខិលខូចនោះ តែងតែយកឱកាសនេះដើម្បីផាកពិន័យទៅលើម៉ូតូឌុប រថយន្តតាក់ស៊ី ឬរ៉ឺម៉កទេសចរណ៍ ដើម្បីយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន»។
លោក ពូន វុធិន អាយុ ៣៧ឆ្នាំ អ្នករត់រ៉ឺម៉កកង់បីពីចាក់អង្រែឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ បានឲ្យដឹងថា ប៉ូលិសចរាចរណ៍ចាប់ឃាត់ទុករ៉ឺម៉ក ដោយមិនបានប្រាប់ថា គាត់ខុសអីនោះទេ។ លោកថា លោកពុំមានឃើញស្លាកសញ្ញាហាមឃាត់រ៉ឺម៉កកង់បីឆ្លងកាត់ស្ពានអាកាសទេ តែប៉ូលិសឃាត់គាត់ថា ថ្នាក់លើមិនឲ្យរ៉ឺម៉កកង់បីបើកឆ្លងកាត់ស្ពានទេ។
លោក ពូន វុធិន បានឲ្យដឹងដូច្នេះ ៖ «(ប៉ូលិស)ថាវាខុសច្បាប់ ហើយខ្ញុំក៏តវ៉ាថា បើសិនជាខុសច្បាប់លុះត្រាណាតែមានប៉ូលិសចរាចរណ៍នៅឈរហ្នឹងមិនឲ្យយើងមក ឬក៏ដាក់ស្លាកសញ្ញាមួយ។ ឥឡូវគេចាក់សោកង់បីខ្ញុំនៅពេទ្យបាយ័ន។ វាខាតពេលវេលាខ្ញុំរកស៊ី។ គេឲ្យបង់លុយ ៥ពាន់រៀល»។
ប្រជាជនអ្នកធ្វើដំណើរដោយម៉ូតូឌុបគ្នា ៣នាក់ និងសមាគមប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅប៉ូលិសចរាចរណ៍កុំផាកពិន័យដោយមិនបានជូនដំណឹងមុនឲ្យបានច្រើនដងអំពីច្បាប់ចរាចរណ៍ថ្មី ដែលហាមឃាត់អ្នកជិះម៉ូតូដឹកគ្នា ៣នាក់នោះ។
មេប៉ូលិសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក ហេង ចាន់ធារី លោកជាប់ប្រជុំ មិនអាចផ្តល់ព័ត៌មានបានទេ។
ស្នងការរងទទួលបន្ទុកចរាចរណ៍ផ្លូវគោក លោក ឯល សំនៀង មានប្រសាសន៍ថា ចំពោះម៉ូតូកង់បីបើកបរឆ្លងកាត់ស្ពានអាកាស លោកមិនទាន់បានទទួលបញ្ជាហាមឃាត់ទេ។ ប៉ុន្តែអាចអាជ្ញាធរក្រុងភ្នំពេញ បញ្ជាត្រង់ទៅប៉ូលិសសណ្ដាប់ធ្នាប់ឲ្យបញ្ឈប់យានកង់បីបើកបរកាត់ស្ពានអាកាសនោះ។ ចំពោះការជិះម៉ូតូដឹកគ្នា ៣នាក់ លោកមិនធ្វើអត្ថាធិប្បាយទេ។
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក អ៊ឹង ជុង មានប្រសាសន៍ថា ក្រសួងខ្វះថវិកាក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍តាមផ្លូវសាធារណៈ ៖ «ធម្មតាយើងត្រូវតែដាក់ហើយ ប៉ុន្តែការងារថវិកាវាមានការខ្វះខាតខ្លះ»។
លោកបានបន្តថា ផ្លូវខ្លះកំពុងជួសជុលមានអ្នកលក់ដូរដាក់លក់តាមថ្នល់ និងតាមចិញ្ចើមផ្លូវ ក្រសួងនៅមិនទាន់បានដាក់ស្លាកសញ្ញាចរាចរណ៍នៅទីនោះដែរ៕
