មន្ត្រីជាន់ខ្ពស់ទីស្ដីការគណៈរដ្ឋមន្ត្រីពន្យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់នេះជាជំហានថ្មីមួយទៀត ដែលនាំកម្ពុជា ទៅកាន់នីតិរដ្ឋ ហើយទៅថ្ងៃអនាគតកម្ពុជា ធ្វើអ្វីក៏ដោយ ត្រូវស្ថិតនៅក្រោមច្បាប់ មិនមែនធ្វើអ្វីតាមតែនឹកឃើញនោះទេ។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រាទី៩ និងទី១០ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ធ្វើឡើងក្នុងគោលបំណងត្រួសត្រាយផ្លូវនាំឲ្យមានការគោរពច្បាប់ជាធំ។
លោកបន្តថា តាមច្បាប់ចាស់ ការផ្ដល់ការសុំច្បាប់សម្រាក ប្រាក់ផ្សេងៗ ក្រៅពីប្រាក់ខែជូនទៅមន្ត្រីរាជការស៊ីវិល ធ្វើឡើងតាមច្បាប់ដោយឡែក ប៉ុន្តែមិនមានច្បាប់ណាមួយនិយាយច្បាស់ពីរឿងនេះនៅឡើយ។ ទោះជាយ៉ាងណា បន្ទាប់ពីសេចក្ដីព្រាងថ្មីនេះសម្រេច រាល់ចំណាយទាំងនោះនឹងត្រូវចែងច្បាស់ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
លោក ផៃ ស៊ីផាន៖ «ត្រូវតែមានរបបមួយដែលចេញដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ។ កាលមុនអត់ច្បាស់ ឥឡូវគេដាក់ឲ្យច្បាស់ មានន័យថា នីតិរដ្ឋត្រូវធ្វើអ្វីៗឲ្យមានច្បាប់ មិនមែនធ្វើតាមការយល់ឃើញណាមួយឡើយ គឺយើងពង្រឹងនីតិរដ្ឋ និងការផ្ដល់សេវាកម្មទៅតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យ»។
លោក ផៃ ស៊ីផាន បន្តថា ច្បាប់នេះក៏ធ្វើឡើងដើម្បីឲ្យមានការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលឲ្យមានភាពរលូនទៀតផង។
ទោះយ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ ឲ្យដឹងថា លោកមិនទាន់បានទទួលសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ប៉ុន្តែលោកយល់ថា ការធ្វើវិសោធនកម្មច្បាប់ ឬបង្កើតច្បាប់ថ្មីណាមួយត្រូវធ្វើឡើងដើម្បីធានាឲ្យផលប្រយោជន៍សង្គមទាំងមូល និងប្រសើរជាងច្បាប់ចាស់ មិនមែនអនុម័តច្បាប់ដើម្បីកេងប្រយោជន៍ឲ្យបក្សពួកខ្លួនមួយក្រុមនោះទេ។
លោកបន្តថា មន្ត្រីរាជការស៊ីវិលបច្ចុប្បន្ន មានប្រាក់ខែចាយមិនគ្រប់ ដូចនេះការដោះស្រាយជីវភាពជូនពួកគាត់ជាកត្តាសំខាន់ និងចម្បងជាងគេបង្អស់។
លោក យឹម សុវណ្ណ បញ្ជាក់ថា មកពីប្រាក់ខែចាយមិនគ្រប់ទើប មន្ត្រីរាជការទាំងនោះប្រព្រឹត្តអំពើពុករលួយ ដើម្បីរស់ និងមិនគោរពច្បាប់ នាំឲ្យអ្នករងទុក្ខគឺពលរដ្ឋក្រីក្រ៖ «អនុម័តច្បាប់អីក៏អនុម័តទៅ ធ្វើឲ្យដើម្បីធានាឲ្យគាត់បានប្រាក់ខែយ៉ាងតិច ១លានរៀន ឬ ២៥០ដុល្លារ សម្រាប់ការរស់នៅរបស់គាត់។ អានេះជាគោលបំណងធំបំផុតរបស់យើង កុំពេលខ្លះគ្រាន់តែធ្វើទៅដើម្បីឲ្យល្អមើល ដល់អាធាតុពិតផលប្រយោជន៍ពិតរបស់គាត់ត្រឹមសាមសែសិបដុល្លារហ្នឹង»។
ក្រៅពីការធ្វើវិសោធនកម្មច្បាប់នេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៤ មករា ក៏បានអនុម័តសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីការផ្ដល់ឋានៈសាស្ត្រាចារ្យ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីក្រមសីលធម៌ពេទ្យឆ្មប និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិលចែងមាត្រាទី៩ ចែងថា របបស្ដីពីការសុំច្បាប់ និងការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់បេសកកម្ម ប្រាក់បំណាច់ព្យាបាលរោគក្នុងមន្ទីរពេទ្យ និងប្រាក់សោធននិវត្តន៍ ត្រូវកំណត់ដោយច្បាប់ដោយឡែក។ មាត្រាទី១០ ចែងថា បៀវត្សរ៍ និងប្រាក់បន្ទាប់បន្សំ ប្រាក់តំបន់ និងប្រាកឧបត្ថម្ភផ្សេងៗ ត្រូវកំណត់ដោយច្បាប់ដោយឡែកបានន័យថា មិនទាន់មានច្បាប់កំណត់ច្បាស់លាស់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
