មន្ត្រីមួយរូបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៥ សីហា ថា មន្ត្រីនៅក្នុងក្រសួងធម្មការ និងកិច្ចការសាសនាទាំងអស់ មានជាង ២០០នាក់ ក្នុងនោះគិតចាប់ពីថ្នាក់រដ្ឋលេខាធិការដល់មន្ត្រីការិយាល័យថ្នាក់ក្រោម មិនទាន់បានបើកប្រាក់ខែនៅឡើយ គឺនៅប្រាក់ខែសម្រាប់ខែមិថុនា និងខែកក្កដា។
លោកបញ្ជាក់ថា មន្ត្រីនៅក្នុងក្រសួងមួយចំនួនសង្ស័យថា ខាងមន្ត្រីហិរញ្ញវត្ថុយកលុយប្រាក់ខែពួកគាត់ទៅចងការឲ្យគេ ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន៖ «មន្ត្រីរាជការនៅក្នុងក្រសួងហ្នឹងវាមានច្រើន អ្នកដែលខ្វះខាត ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់ការចំណាយ កូនរៀនសូត្រ និងការធ្វើដំណើរ»។
មន្ត្រីមួយរូបទៀត បានអះអាងថា ក្រៅពីបើកប្រាក់ខែយឺត ក៏មានករណីកាត់ប្រាក់ខែដែរកន្លងមក។ មន្រ្តី រួបនោះបញ្ជាក់ថា អគ្គនាយិកាទទួលបានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងធម្មការ និងកិច្ចការសាសនា គឺអ្នកស្រី កែវ សុធារី បានកាត់ប្រាក់ខែមន្ត្រីទីប្រឹក្សាក្រសួងម្នាក់ចំនួន ៤ម៉ឺនរៀលក្នុងមួយខែ ដែលគេកាត់រៀងរាល់ខែ តាំងពីខែមេសា ឆ្នាំ២០១២មក។
លោកបញ្ជាក់ទៀតថា អ្នកស្រីអគ្គនាយិកាបានប្រាប់ថា គាត់កាត់ប្រាក់ខែទីប្រឹក្សាក្រសួងម្នាក់ ៤ម៉ឺនរៀលនេះ ដើម្បីយកលុយជួយគណបក្សចុះមូលដ្ឋាន៖ «វាប៉ះពាល់ដល់មន្ត្រីរាជការតូចតាចដែលគ្នាមានប្រាក់ខែតិចហើយបើកយឺតទៀត។ ខ្ញុំចង់ថា ទោះបីប្រាក់ខែតិចក៏ដោយ ប៉ុន្តែសុំឲ្យបើកទៀងពេល»។
អគ្គនាយិកាទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងធម្មការនិងកិច្ចការសាសនា អ្នកស្រី កែវ សុធារី បានបំភ្លឺថា បញ្ហាបើកប្រាក់ខែយឺតនេះ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែអ្នកស្រីមិនបានបញ្ជាក់លំអិតទេអំពីបញ្ហាបច្ចេកទេសនោះ។
អ្នកស្រីឲ្យដឹងទៀតថា គាត់នឹងបើកប្រាក់ខែជូនមន្រ្តីទាំងអស់នៅថ្ងៃច័ន្ទ ទី៦ កក្កដា៖ «ដល់ពេលខែ៨នេះបានប្រាក់ខែមុនគេហើយ។ វាទាក់ទងនឹងរឿងបច្ចេកទេសបន្តិច។ ថ្ងៃច័ន្ទ (៥ សីហា) នេះ នឹងបើកឲ្យខែ៦ ហើយពីរបីថ្ងៃទៀតយ៉ាងយូរ នឹងបើកឲ្យខែ ៧ទៀត»។
ប្រាក់បៀវត្សរបស់មន្ត្រីនៅក្រសួងធម្មការ និងកិច្ចការសាសនា ចំពោះរដ្ឋលេខាធិការមានប្រាក់ខែជាង ១លានរៀល មន្ត្រីថ្នាក់កណ្ដាលមាន ៩០ម៉ឺនរៀល និងមន្ត្រីមានឋានៈទាបជាងមានប្រាក់ខែជាង ២០ម៉ឺនរៀលក្នុងមួយខែ។
អគ្គនាយិកាទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងធម្មការដដែល បានអះអាងថា ការបើកប្រាក់ខែយឺតនេះ សម្រាប់តែនៅក្រសួងទេ ប៉ុន្តែចំពោះមន្ត្រីបំរើការងារនៅតាមមន្ទីរធម្មការនៅតាមបណ្ដាខែត្រនានាទូទាំងប្រទេស ពួកគាត់បើកបានធម្មតាជារៀងរាល់ខែ មិនមានបញ្ហាអ្វីទេ។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីនៃក្រសួងធម្មការបានលើកឡើងថា ការបើកប្រាក់ខែយឺតយ៉ាវជូនពួកគាត់នេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់ ពិសេសមន្ត្រីថ្នាក់មធ្យម និងថ្នាក់ក្រោមមួយចំនួន ដែលពួកគាត់មានជីវភាពខ្វះខាត។ ពេលខ្លះពួកគាត់ត្រូវទៅខ្ចីលុយគេ ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ និងឲ្យលុយកូនទៅរៀន រង់ចាំបើកប្រាក់ខែទើបយកលុយទៅសងគេវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។