មន្ត្រី​ក្រសួង​ធម្មការ​ជាង​២០០​នាក់​មិន​បាន​បើក​ប្រាក់​ខែ​២​ខែ​ហើយ

មន្ត្រី​នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ជាង ២០០​នាក់ មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ចំនួន​ពីរ​ខែ​មក​ហើយ គិត​ពី​ខែ​មិថុនា ឆ្នាំ​២០១២ មក។

0:00 / 0:00

មន្ត្រី​មួយ​រូប​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ សីហា ថា មន្ត្រី​នៅ​ក្នុង​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​ទាំង​អស់ មាន​ជាង ២០០​នាក់ ក្នុង​នោះ​គិត​ចាប់​ពី​ថ្នាក់​រដ្ឋលេខាធិការ​ដល់​មន្ត្រី​ការិយាល័យ​ថ្នាក់​ក្រោម មិន​ទាន់​បាន​បើក​ប្រាក់​ខែ​នៅ​ឡើយ គឺ​នៅ​ប្រាក់​ខែ​សម្រាប់​ខែ​មិថុនា និង​ខែ​កក្កដា។

លោក​បញ្ជាក់​ថា មន្ត្រី​នៅ​ក្នុង​ក្រសួង​មួយ​ចំនួន​សង្ស័យ​ថា ខាង​មន្ត្រី​ហិរញ្ញវត្ថុ​យក​លុយ​ប្រាក់​ខែ​ពួក​គាត់​ទៅ​ចងការ​ឲ្យ​គេ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន៖ «មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួង​ហ្នឹង​វា​មាន​ច្រើន អ្នក​ដែល​ខ្វះខាត ដូច្នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ កូន​រៀន​សូត្រ និង​ការ​ធ្វើ​ដំណើរ»

មន្ត្រី​មួយ​រូប​ទៀត បាន​អះអាង​ថា ក្រៅ​ពី​បើក​ប្រាក់​ខែ​យឺត ក៏​មាន​ករណី​កាត់​ប្រាក់​ខែ​ដែរ​កន្លង​មក។ មន្រ្តី រួប​នោះ​បញ្ជាក់​ថា អគ្គ​នាយិកា​ទទួល​បាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា គឺ​អ្នកស្រី កែវ សុធារី បាន​កាត់​ប្រាក់​ខែ​មន្ត្រី​ទីប្រឹក្សា​ក្រសួង​ម្នាក់​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដែល​គេ​កាត់​រៀង​រាល់​ខែ តាំង​ពី​ខែ​មេសា ឆ្នាំ​២០១២​មក។

លោក​បញ្ជាក់​ទៀត​ថា អ្នកស្រី​អគ្គ​នាយិកា​បាន​ប្រាប់​ថា គាត់​កាត់​ប្រាក់​ខែ​ទីប្រឹក្សា​ក្រសួង​ម្នាក់ ៤​ម៉ឺន​រៀល​នេះ ដើម្បី​យក​លុយ​ជួយ​គណបក្ស​ចុះ​មូលដ្ឋាន៖ «វា​ប៉ះពាល់​ដល់​មន្ត្រី​រាជការ​តូចតាច​ដែល​គ្នា​មាន​ប្រាក់​ខែ​តិច​ហើយ​បើក​យឺត​ទៀត។ ខ្ញុំ​ចង់​ថា ទោះ​បី​ប្រាក់​ខែ​តិច​ក៏ដោយ ប៉ុន្តែ​សុំ​ឲ្យ​បើក​ទៀង​ពេល»

អគ្គ​នាយិកា​ទទួល​បន្ទុក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា អ្នកស្រី កែវ សុធារី បាន​បំភ្លឺ​ថា បញ្ហា​បើក​ប្រាក់​ខែ​យឺត​នេះ ដោយសារ​តែ​បញ្ហា​បច្ចេកទេស ប៉ុន្តែ​អ្នកស្រី​មិន​បាន​បញ្ជាក់​លំអិត​ទេ​អំពី​បញ្ហា​បច្ចេកទេស​នោះ។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា គាត់​នឹង​បើក​ប្រាក់​ខែ​ជូន​មន្រ្តី​ទាំង​អស់​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ កក្កដា៖ «ដល់​ពេល​ខែ​៨​នេះ​បាន​ប្រាក់​ខែ​មុន​គេ​ហើយ។ វា​ទាក់ទង​នឹង​រឿង​បច្ចេកទេស​បន្តិច។ ថ្ងៃ​ច័ន្ទ (៥ សីហា) នេះ នឹង​បើក​ឲ្យ​ខែ​៦ ហើយ​ពីរ​បី​ថ្ងៃ​ទៀត​យ៉ាង​យូរ នឹង​បើក​ឲ្យ​ខែ ៧​ទៀត»

ប្រាក់​បៀវត្ស​របស់​មន្ត្រី​នៅ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ចំពោះ​រដ្ឋលេខាធិការ​មាន​ប្រាក់​ខែ​ជាង ១​លាន​រៀល មន្ត្រី​ថ្នាក់​កណ្ដាល​មាន ៩០​ម៉ឺន​រៀល និង​មន្ត្រី​មាន​ឋានៈ​ទាប​ជាង​មាន​ប្រាក់​ខែ​ជាង ២០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

អគ្គ​នាយិកា​ទទួល​បន្ទុក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ធម្មការ​ដដែល បាន​អះអាង​ថា ការ​បើក​ប្រាក់​ខែ​យឺត​នេះ សម្រាប់​តែ​នៅ​ក្រសួង​ទេ ប៉ុន្តែ​ចំពោះ​មន្ត្រី​បំរើ​ការងារ​នៅ​តាម​មន្ទីរ​ធម្មការ​នៅ​តាម​បណ្ដា​ខែត្រ​នានា​ទូទាំង​ប្រទេស ពួកគាត់​បើក​បាន​ធម្មតា​ជា​រៀងរាល់​ខែ មិន​មាន​បញ្ហា​អ្វី​ទេ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នៃ​ក្រសួង​ធម្មការ​បាន​លើក​ឡើង​ថា ការ​បើក​ប្រាក់​ខែ​យឺតយ៉ាវ​ជូន​ពួក​គាត់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់ ពិសេស​មន្ត្រី​ថ្នាក់​មធ្យម និង​ថ្នាក់​ក្រោម​មួយ​ចំនួន ដែល​ពួក​គាត់​មាន​ជីវភាព​ខ្វះខាត។ ពេល​ខ្លះ​ពួក​គាត់​ត្រូវ​ទៅ​ខ្ចី​លុយ​គេ ដើម្បី​យក​មក​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​ឲ្យ​លុយ​កូន​ទៅ​រៀន រង់ចាំ​បើក​ប្រាក់ខែ​ទើប​យក​លុយ​ទៅ​សង​គេ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។