ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍កណ្ដាលហ្វូងនៃអ្នកចូលរួមជិត ៦០០នាក់ថា ការប្រារព្ធទិវាលំនៅឋាននៅថ្ងៃទី៨ តុលា នេះ ដើម្បីបង្ហាញដល់រដ្ឋាភិបាលពីក្ដីទុក្ខលំបាករបស់អ្នករងគ្រោះពីការបណ្ដេញចេញ និងអ្នកកំពុងប្រឈមការបណ្ដេញចេញដើម្បីឲ្យរដ្ឋាភិបាលជួយដោះស្រាយ។
អ្នកស្រីថ្លែងបន្តថា រដ្ឋាភិបាលគួរសិក្សាឡើងវិញពីផលប៉ះពាល់ដែលកើតចេញពីការអភិវឌ្ឍនៅពេលកន្លងមក ព្រោះការធ្វើឲ្យពលរដ្ឋរងគ្រោះ និងគ្មានលំនៅឋានសមរម្យជាការរំលោភសិទ្ធិមនុស្ស៖ «រដ្ឋាភិបាលលោកមានសិទ្ធិហើយដើម្បីអភិវឌ្ឍប្រទេសជាតិ ប្រទេសណាក៏ដូចប្រទេសណាដែរ គឺមាននឹងអភិវឌ្ឍប្រទេស ប៉ុន្តែយើងសុំសំណូមពរដោយទទូចថា បើមានអភិវឌ្ឍសុំឲ្យផលវិជ្ជមានរបស់ការអភិវឌ្ឍឲ្យសមភាព។ បានន័យថា ផលវិជ្ជមានបានដល់ប្រជាពលរដ្ឋជាច្រើនលើសលប់ មិនមែនទៅតែក្រុមតូចមួយនោះទេ»។
ខ្លឹមសារនៃញត្តិរួមរបស់សហគមន៍ និងអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលដែលអានដោយអ្នកស្រី ទេព វន្នី បង្ហាញថា ពលរដ្ឋទីក្រុងភ្នំពេញ ជាង ១០ភាគរយ ស្មើនឹងប្រជាពលរដ្ឋចំនួន ១,៥សែននាក់ កំពុងរងគ្រោះដោយសារគ្មានផ្ទះសម្បែង។ បន្ថែមលើនេះ ខ្លឹមសារនៃញត្តិរួមនេះ ក៏បង្ហាញទៀតថា ពលរដ្ឋដែលរងគ្រោះនៅថ្នាក់ជាតិមានជាង ៤សែននាក់ ហើយលទ្ធផលនៃពលរដ្ឋដែលរងផលប៉ះពាល់នេះ ភាគច្រើនពួកគាត់រងគ្រោះដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍ ដែលគិតចាប់ពីឆ្នាំ២០០៣ មក។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រី ទេព វន្នី អះអាងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោក សុរីយ៉ា ស៊ូប៊ែឌី (Surya Subedi) សរសេរពីបញ្ហាដកហូតដីរបស់ពលរដ្ឋដោយបំពាន និងបណ្ដេញពលរដ្ឋចេញដោយបង្ខំនោះ បានឆ្លុះបញ្ចាំងពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា យ៉ាងពិតប្រាកដ។
អ្នកស្រី ទេព វន្នី៖ «ជាក់ស្ដែងដូចគាត់និយាយពីរបាយការណ៍នៅកម្ពុជា ពីបញ្ហាវិវាទដីធ្លី និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពួកខ្ញុំគាំទ្រ និងស្ញប់ស្ញែង និងលើកទឹកចិត្តដល់គាត់ ដែលគាត់ខំប្រឹងធ្វើការយកការពិតរបស់ពួកខ្ញុំយកទៅផ្សព្វផ្សាយដល់បណ្ដាអន្តរជាតិឲ្យបានដឹង ជាពិសេសរដ្ឋាភិបាលខ្ញុំផងដែរ»។
ស្របគ្នានេះដែរ តំណាងសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា ការរៀបចំទិវាលំនៅឋាននេះឡើង ប្រាថ្នារំលឹករដ្ឋាភិបាលឲ្យភ្ញាក់ខ្លួន និងក្រឡេកមើលទុក្ខលំបាករបស់ពលរដ្ឋដែលរងគ្រោះដោយសារផែនការនៃការអភិវឌ្ឍកន្លងមក និងសុំឲ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវទង្វើរបស់ខ្លួន ដែលបណ្ដេញពលរដ្ឋចេញដោយបង្ខំ និងបំភិតបំភ័យពួកគាត់ ព្រមទាំងធ្វើឲ្យពួកគាត់គ្មានផ្ទះសម្បែងសម្រាប់ស្នាក់នៅ។
ការធ្វើបែបនេះជាអំពើផ្ទុយនឹងស្មារតីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សមួយអន្លើដោយកាតិកសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ី សារ៉ុម៖ «រំលឹកដល់រដ្ឋាភិបាលសុំឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ហើយនិងធ្វើយ៉ាងណាបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ បញ្ឈប់ការរំលោភសិទ្ធិមនុស្ស និងដីធ្លី ដើម្បីទុកឲ្យប្រជាពលរដ្ឋទទួលបាននូវលំនៅឋានដ៏សមរម្យមួយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយជុំបញ្ហានេះពីមន្ត្រីនាំពាក្យរដ្ឋាភិបាល លោ ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៨ តុលា ដោយលោកសុំឲ្យវិទ្យុអាស៊ីសេរី ទាក់ទងទៅមន្ត្រីសាលាក្រុង និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់វិញ។
បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស រួមនឹងមាត្រា១១ នៃកាតិកសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ បានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានលំនៅឋានសមរម្យ រួចផុតពីការបណ្ដេញចេញដោយបំពាន។
រីឯមាត្រា ៤៤ នៃច្បាប់រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិកាន់កាប់អចលនទ្រព្យ ហើយសិទ្ធិកាន់កាប់នេះមិនត្រូវបានគេរំលោភឡើយ។ ការដកហូតសិទ្ធិនៃការកាន់កាប់នេះបាន លុះត្រាគេធ្វើឡើងដើម្បីយកទ្រព្យនោះទៅបម្រើឲ្យផលប្រយោជន៍សាធារណៈ។ ទោះយ៉ាងណារដ្ឋធម្មនុញ្ញក៏ចែងបន្ថែមទៀតថា ការដកហូតសិទ្ធិនៃការកាន់កាប់នេះបាន លុះត្រាណារដ្ឋមានសំណងសមរម្យជូនម្ចាស់សិទ្ធិនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។