ប្រតិកម្ម​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ថា​ដំណើរការ​សង់​សាលារៀន​មួយ​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត

តំណាង​សមាគម​មាតា​បិតា​សិស្ស និង​បុគ្គលិក​សិក្សា​បម្រើការ​នៅ​វិទ្យាល័យ​ទ្រៀល ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ធ្វើ​លិខិត​មួយ​បដិសេធ​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដែល​ថា​សំណង់​សាលារៀន​មួយ​នៅ​ក្នុង​ស្រុក​បារាយណ៍ ត្រូវ​ផ្អាក​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​នៅ​ទី​នោះ។

ប្រតិកម្ម​ពី​សមាគម​មាតា​បិតា​សិស្ស​និង​ពី​តំណាង​បុគ្គលិក​សិក្សា​បម្រើការ​នៅ​វិទ្យាល័យ​ទ្រៀល បាន​ធ្វើ​ឡើង​ក្រោយ​សេចក្ដី​រាយការណ៍​មួយ​ដកស្រង់​ពី​ប្រភព​គ្រូ​បង្រៀន​ក្នុង​ខែត្រ បាន​អះអាង​ថា​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​សន្លឹក​ឆ្នោត​នៅ​ទី​នោះ។

នាយក​រង​វិទ្យាល័យ​ទ្រៀល លោក អ៊ូច ផល្លី បាន​ប្រតិកម្ម​បំភ្លឺ​ថា​ការសន្យា​ធ្វើ​អគារ​សាលា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រព្រឹត្ត​ទៅ​តាម​គម្រោង ប៉ុន្តែ​ដោយសារតែ​ការសង់​នោះ​ខុស​នឹង​បច្ចេកទេស​ទើប​បណ្ដាល​ឲ្យ​មាន​ការផ្អាក​បណ្ដោះអាសន្ន ដើម្បី​រក​វិធី​ធ្វើ​តាម​គម្រោង​បច្ចេកទេស​ត្រឹមត្រូវ​នោះ​វិញ។

លោក អ៊ូច ផល្លី បាន​មាន​ប្រសាសន៍​ថា ៖ «ព្រោះ​នេះ​ជា​កំហុស​បច្ចេកទេស​របស់​ជាង ហេតុ​ដូច្នេះ​ត្រូវតែ​ផ្អាក​សិន មិន​មែន​ឲ្យ​ធ្វើ​អ៊ីចឹង​ទេ។ អា​ហ្នឹង​គឺ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ។ ហើយ​លោកគ្រូ អ្នកគ្រូ​ខ្ញុំ គាត់​ខឹង​សម្បា​ណាស់​ដល់​ពេល​ឮ​ព័ត៌មាន»

អគារ​ដែល​បាន​សន្យា​សាងសង់​ឲ្យ​ទៅ​សាលា គឺ​ជា​ការសន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រោយមក​មាន​ការធានា​សង់​អគារ​មួយ​ជាន់​ពី​លើ​ទៀត ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ថោង ខុន ដើម្បី​បង្គ្រប់​តម្រូវការ​របស់​វិទ្យាល័យ។

គ្រូ​បង្រៀន​ឈ្មោះ លោក ស៊ុន ធន ដែល​ប្រភព​ព័ត៌មាន​បាន​ដកស្រង់​ការចោទប្រកាន់​របស់​លោក​ថា ការផ្អាក​ដំណើរការ​សាងសង់​គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត បាន​ថ្លែង​ថា​ការ​ដែល​លោក​ហ៊ាន​ចោទ​ប្រកាន់​យ៉ាង​នោះ គឺ​ដោយសារតែ​ការយល់ឃើញ​យ៉ាង​នេះ ៖ «ព្រោះ​លោក ថោង ខុន គាត់​តែង​និយាយ​ថា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ្រៀល​ហ្នឹង​ចង់​បាន​អី? សាលារៀន​គាត់​ធ្វើ​ឲ្យ​ហើយ ស្អីៗ​គាត់​ឲ្យ​ហើយ អ្វីៗ​គាត់​ឲ្យ​ហើយ ហើយ​រឿង​អី​ត្រូវ​ផ្អាក​ទៀត។ ដូច្នេះ​ខ្ញុំ​ថា​នេះ​វា​ទាក់ទង​ហើយ ទាក់ទង​នឹង​លទ្ធផល​ហើយ ព្រោះ​ឃុំ​ទ្រៀល​គណបក្ស​សមរង្ស៊ី​មាន​សំឡេង​គាំទ្រ​លើស​គណបក្ស​ប្រជាជន។ ដូច្នេះ​ខ្ញុំ​យល់​ថា នេះ​ជា​ការផ្អាក​ដោយសារ​គណបក្ស​សមរង្ស៊ី​ឈ្នះ​ឆ្នោត»

លោក​នាយក​រង​វិទ្យាល័យ​បាន​ថ្លែង​ថា មិន​មាន​ការបោះបង់​នូវ​គម្រោង​សាងសង់​នោះ​ទេ ប៉ុន្តែ​គ្រូ​បង្រៀន លោក ស៊ុន ធន បាន​ថ្លែង​ថា​លោក​នៅតែ​មិន​ទាន់​ជឿជាក់​ថា ជា​ចេតនា​ចង់​ធ្វើ​សាសា​មែនទែន​នោះ​ឡើយ។

លោក ស៊ុន ធន បាន​មាន​ប្រសាសន៍​ថា ៖ «បើ​គេ​ដឹក​សម្ភារៈ​មក បើ​គេ​មក​ធ្វើ​មក អា​ហ្នឹង​យើង​ទទួល​ស្គាល់​ថា​គេ​ធ្វើ​បន្ត ប៉ុន្តែ​គ្រាន់តែ​គេ​ថា​គេ​មក​ធ្វើៗ គេ​គ្រាន់តែ​ថា​តែ​មាត់ ហើយ​រូបភាព​វា​អត់​ឃើញ។ អា​ហ្នឹង​យើង​ចាត់​ថា​ជា​ការបោកប្រាស់»

នាយក​រង​វិទ្យាល័យ​ទ្រៀល លោក អ៊ូច ផល្លី បាន​ថ្លែង​ថា​ដំណើរការ​សាងសង់​លោក​ជឿ​ថា គង់តែ​នឹង​ប្រព្រឹត្ត ប៉ុន្តែ​នឹង​តាម​លំនាំ​ភាព​ត្រឹមត្រូវ​នៃ​ការសិក្សា​ផ្នែក​បច្ចេកទេស មិនមែន​ចេះ​តែ​តាម​ចិត្ត​មនុស្ស​សាមញ្ញ​ដែល​មិន​យល់​អំពី​បច្ចេកទេស​នោះ​ឡើយ។

លោក អ៊ូច ផល្លី បាន​បញ្ជាក់​ថា ៖ «គេ​មក​ជីក​ដី ជីក​អី ពិសោធ។ គេ​ប្រុង​តែ​ធ្វើ ប៉ុន្តែ​ដោយសារ​ជីក​ឥឡូវ​ហ្នឹង​ឃើញ​ថា ទឹក​ច្រើន​ណាស់ សង់​ទាំង​ទឹក​អ៊ីចឹង​ក្រែង​លោ ខ្ញុំ​មិន​ដឹង​យ៉ាង​ម៉េច​ដែរ បើ​គេ​សង់​កើត​គេ​នឹង​ចាប់ផ្ដើម​សង់​ហើយ ព្រោះ​តម្រូវការ​ខ្ញុំ​ត្រូវការ​ប្រញាប់»

លោក​នាយក​រង​វិទ្យាល័យ​ទ្រៀល​ដដែល​បាន​ថ្លែង​អះអាង​ម្ដង​ទៀត​ថា សំណង់​វិទ្យាល័យ​ទ្រៀល​គង់តែ​នឹង​ប្រព្រឹត្ត​ទៅ​តាម​គម្រោង ហើយ​លោក​បដិសេធ​ចុង​ក្រោយ​ទៀត​ថា ការផ្អាក​កន្លង​មក​គឺ​បណ្ដាល​មក​ពី​ការសង់​ខុស​បច្ចេកទេស ហើយ​នោះ​មិន​មែន​ជាប់​ទាក់ទង​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ឡើយ៕