ទាហាន​ខ្មែរ​និង​ថៃ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​ក្នុង​ខែត្រ​ឧត្ដរមានជ័យ

ទាហាន​ខ្មែរ​បាន​ប៉ះ​ទង្គិច​គ្នា​រយៈពេល​ខ្លី​ជាមួយ​ទាហាន​ថៃ នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ខែត្រ​ឧត្ដរមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

កង​ការពារ​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​មួយ​ប្រាវ​ជាមួយ​ទាហាន​ថៃ​មួយ​ក្រុម ដែល​បាន​ដើរ​ល្បាត​ចូល​មក​លើ​បន្ទាត់​ព្រំដែន​ខ្មែរ ត្រង់​ចំណុច​ឃុំ​អូរស្វាយ​នៃ​ស្រុក​ត្រពាំង​ប្រាសាទ​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ។

លោក​វរ​សេនីយ៍​ទោ សឿន គឹមសន នាយ​រង​ការិយាល័យ​ទី​៣ របស់​កង​យោធពល​ខេមរភូមិន្ទ​នៃ​យោធ​ភូមិភាគ​ទី​៤ ប្រចាំ​ទិស​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង ៩​ព្រឹក ស្រប​ពេល​ដែល​ទាហាន​ខ្មែរ និង​ថៃ បាន​ដើរ​ល្បាត​ប៉ះ​គ្នា​នៅ​លើ​បន្ទាត់​ព្រំដែន ត្រង់​ចំណុច​ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ប៉ុន្តែ​មិន​មាន​កង​កម្លាំង​ទាំង​សងខាង​ណា​មួយ​រង​របួស​ទេ។

លោក​វរ​សេនីយ៍​ទោ សឿន គឹមសន បាន​បញ្ជាក់​ថា ៖ «ម៉ោង​៩:៥០ ជិត​ម៉ោង​១០​ហើយ។ ដើរ​ល្បាត​រៀង​ខ្លួន យើង​ក៏​ល្បាត គេ​ក៏​ល្បាត ដល់​ពេល​វាក់​គ្នា​ទៅ គេច​រៀង​ខ្លួន​ទៅ​ណា៎! ថៃ​វា​ផ្លោង​មក​យើង​មុន! វា​ទៅ​ឆ្ងាយ​ហើយ វា​ផ្លោង​អឹម​មួយ​គ្រាប់​មក ហើយ​វា​បាញ់​អឹមសី​មក យើង​បាញ់​បួន​ដប់​ម្ភៃ​គ្រាប់​ទៅ​វិញ​ទៅ ក៏​វា​ស្ងាត់​ទៅ វា​ដក! ប៉ុន្តែ​វា​អត់​មាន​អី​ផង បាញ់​ពី​ចម្ងាយ​រៀង​ខ្លួន!»

លោក​វរ​សេនីយ៍​ទោ តូច រ៉ា អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង បាន​មាន​ប្រសាសន៍​ថា ការ​ប៉ះ​ប្រយុទ្ធ​គ្នា​នោះ គឺ​រវាង​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ជាមួយ​កម្លាំង​ចម្រុះ​របស់​ថៃ មាន​ទាហាន ប៉ូលិស និង​មេ​ព្រៃ ដែល​ដើរ​ល្បាត​មើល​ព្រៃ​ដោយ​ប្រើ​ផែនទី​ឯកតោ​ភាគី ហើយ​បាន​ជ្រុល​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ។

លោក តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ទោះ​យ៉ាង​ណា​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ​នោះ​មាន​រយៈពេល​ខ្លី ដោយ​កម្លាំង​ទាំង​សងខាង​មិន​មាន​រង​របួស​ទេ។

កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​មក កង​ទាហាន​ថៃ​បាន​ដក​ថយ​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ចូល​ក្នុង​ព្រំដែន​របស់​គេ ដោយ​មិន​ទាន់​ដក​ថយ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ប៉ះ​ទង្គិច​គ្នា​នោះ​នៅ​ឡើយ​ទេ។

មន្ត្រី​ក្រុម​ការងារ​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​យោធ​ភូមិភាគ​ទី​៤ របស់​ខ្មែរ និង​មន្ត្រី​យោធា​យោធ​ភូមិភាគ​ទី​២ របស់​ថៃ បាន​ណាត់​គ្នា​ជួប​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៨ មិថុនា​នេះ ដើម្បី​ស្វែងរក​ការ​បន្ទូរ​បន្ថយ​ភាព​តានតឹង បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មក​នោះ៕