អ្នក​ភូមិ​និង​ប៉ូលិស​ប៉ះទង្គិច​គ្នា​ក្នុង​ពេល​ចុះ​អនុវត្ត​សាលដីកា​ក្នុង​រឿង​ទំនាស់​ដី

ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រហែល ៣០០​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
ដោយ អ៊ួន ឈិន
2011-06-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជម្លោះ​ដី កំពង់ស្ពឺ ៣០៥
ប្រជាពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ះ​ទង្គិច​គ្នា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ទាក់​ទិន​នឹង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
RFA/Uon Chhin

ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​ម៉ោង ១​រសៀល ខណៈ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ព្យាយាម​ការពារ​ដី​ស្រែ​ប្រឆាំង​នឹង​ការ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី គឺ​ក្រុមហ៊ុន​តៃវ៉ាន់ ម៉េង កេត។

កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ទាំង​ខែល និង​ដំបង​ឆក់​ផង​នោះ បាន​សម្រុក​ចូល​ទៅ​រក​ភាគី​ប្រជាពលរដ្ឋ និង​បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រាប់។ ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ជា​អ្នក​ការពារ​ដី​របស់​ខ្លួន​ក្រោម​ពាក្យ​ស្លោក «ស៊ូ​ស្លាប់​ដើម្បី​ការពារ​ដី​ស្រែ» នោះ ក៏​បាន​ទប់ទល់​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​ពួក​គាត់​ប្រើ​ដំបង កាំបិត ពូថៅ ដាវ ចម្ពាម​កៅស៊ូ និង​ឧបករណ៍​មួយ​ចំនួន​ទៀត។

ភាគី​ទាំង​ពីរ​បាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វាលស្រែ​ដែល​មាន​ទឹក​ខ្លះ​ផង មើល​ទៅ​ហាក់​ដូច​ជា​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​រវាង​កងទ័ព​នៃ​ជាតិ​មួយ និង​កងទ័ព​នៃ​ជាតិ​មួយ​ទៀត​ដូច្នោះ​ដែរ ហើយ​ទី​បំផុត​ភាគី​ប្រជាពលរដ្ឋ​បាន​រុញច្រាន​ភាគី​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​សាលដីកា​ឲ្យ​ត្រឡប់​ក្រោយ​វិញ។

ការ​ប៉ះទង្គិច​គ្នា​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ប្រហែល ៥​នាទី បាន​បង្ក​ឲ្យ​មាន​របួស​ដល់​ភាគី​ទាំង​សងខាង ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ កង​កម្លាំង​នគរបាល ២​នាក់ និង​កង​រាជ​អាវុធហត្ថ​ម្នាក់។ កង​កម្លាំង​នគរ​បាល​ម្នាក់​ដែល​រង​របួស​ធ្ងន់​ចំ​ក្បាល ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ជួយ​គ្រា​ទៅ​ទទួល​ការ​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ។

ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​រង​របួស​ទាំង ៧​នាក់ អះអាង​ថា រូប​គាត់​រង​របួស​បញ្ឆិត​លើ​ថ្ងាស​ដោយ​គ្រាប់​កាំភ្លើង​របស់​កង​កម្លាំង​ប្រដាប់​អាវុធ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​ឃ្លាំ​មើល​ព្រឹត្តិការណ៍​តាំង​ពី​ដើម​រហូត​ដល់​ចប់ ថ្លែង​ថា ការ​ប៉ះទង្គិច​ជា​ផលវិបាក​នៃ​ការ​ពិចារណា​មិន​បាន​ដិតដល់ ហើយ​និង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​អនុវត្ត​សាលដីកា។

អនុ​ប្រធាន​កម្មវិធី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​តាមដាន​ការ​ប៉ះ​ទង្គិច​ដល់​កន្លែង​កើត​ហេតុ​ដែរ បាន​ទទូច​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ថា បើ​សិន​ជា​មាន​ការ​ចុះ​អនុវត្ត​សាលដីកា​លើក​ក្រោយ​ៗ​ទៀត គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី ពីព្រោះ​ប្រជាពលរដ្ឋ​ក៏​ជា​អ្នក​រងគ្រោះ​ដោយ​អយុត្តិធម៌​ដែរ។

ករណី​វិវាទ​ដីធ្លី​នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អនុវត្ត​សាលដីកា​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០ តែ​មិន​បាន​សម្រេច​ព្រោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា មាន​ការ​ផ្ទុះ​អាវុធ និង​បង្ក​របួស​ស្នាម​ដល់​ភាគី​ទាំងសងខាង​ដែរ។ ការ​ប៉ះ​ទង្គិច​គ្នា​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុន៕

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទីនេះស្រុកខ្មែរ ជាទីដែលអ្នកខ្លាំងឈ្នះ

Jun 10, 2011 03:32 AM

អ្នក​អាន​អនាមិក

Unfortunately only the rich are in favor of the government and the government officer including the prime minister himself.

Jun 10, 2011 03:22 AM

អ្នក​អាន​អនាមិក

We're poor people. We need a small plot of paddy field for our living, Why they don't want us alive? They all very rich or millionaire and still need to rich more and they need our land, why????????????

Jun 10, 2011 02:19 AM