ផែនការប្រកួតប្រជែងទីក្រុងស្អាតនៅរាជធានីភ្នំពេញនោះ គឺតម្រូវឲ្យអាជ្ញាធរខណ្ឌទាំង ៩យកចិត្តទុកដាក់ លើការកែលំអប្រព័ន្ធលូទឹកស្អុយ ការកែលំអផ្លូវថ្នល់ សំអាតសួនច្បារសាធារណៈ និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរយៈពេល ៣ឆ្នាំ តាមផែនការដែលបានគ្រោងទុក។
ទីក្រុងនានានៅប្រទេសកម្ពុជា ដែលត្រូវចូលរួមអនុវត្តន៍តាមផែនការទីក្រុងស្អាតនោះ មានដូចជា ទីក្រុងភ្នំពេញ ក្រុងបាវិត ខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងសួង ខេត្តកំពង់ចាម និងទីក្រុងមួយចំនួនទៀត។ ផែនការនេះត្រូវបាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យអនុវត្តន៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។
អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ការប្រលងប្រណាំងទីក្រុងស្អាតនេះ គឺជាផ្នែកមួយនៃផែនការភូមិឃុំមានសុវត្ថិភាពដែរ ពីព្រោះវាមានការពាក់ព័ន្ធគ្នាជុំវិញការថែរក្សា និងការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានមិនឲ្យមាន អំពើចោរកម្ម លួច ឆក់ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរគ្រឿងញៀនជាដើម ៖ «ដល់ដំណាក់កាលនេះ យើងត្រូវតែមានការប្រឡងប្រណាំង ដើម្បីបង្ហាញថា ទីក្រុងរបស់យើងលែងស្ថិតនៅទីក្រុងដែលមុននេះ ២០ឆ្នាំ ឬ ១០ឆ្នាំហើយ។ ទីក្រុងដែលជាប់លក្ខណៈ អន្តរជាតិ ហើយអ្វីដែលសំខាន់សម្រាប់ប្រជាពលរដ្ឋ …ប៉ុន្តែទី២ អ្វីដែលសំខាន់ គឺការដែលទាក់ទាញទេសចរ ...យើងដឹងថាភ្នំពេញកាន់តែទទួលភ្ញៀវបរទេស ...ភ្ញៀវទេសចរកាន់តែច្រើនទៅៗហើយ»។
ប្រជាពលរដ្ឋម្នាក់នៅទីក្រុងភ្នំពេញ សុំមិនឲ្យបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរក្រុងភ្នំពេញ និងប្រព័ន្ធផ្សព្វផ្សាយ គប្បីបង្កើនការអប់រំប្រជាពលរដ្ឋ អំពីអនាម័យ និងកុំឲ្យបន្ទោបង់នៅតាមសួនច្បារសាធារណៈ ៖ «ធម្មតាគេ (ទេសចរ) ទៅលេងៗកន្លែងស្អាត ...គេអត់ទៅលេងកន្លែងគគ្រិចទេ ...គេមកអីចឹងគេឃើញស្អាត គេមានអារម្មណ៍ជ្រះថ្លា...គេមកនៅបានយូរ។ ហើយយើងរៀបចំបានស្អាត ហើយប្លែកពីបរទេសអីចឹង ...គេចាប់អារម្មណ៍ គេលេងបានយូរអីចឹង គេក៏ចាយលុយបានច្រើនដែរ ភ្ញៀវទេសចរ»។
វិធានការណ៍នានា ដើម្បីធ្វើឲ្យទីក្រុងស្អាតនោះគឺរាប់ទាំង៖ មិនឲ្យមានថង់ប្លាស្ទិក និងក្រដាសសំរាមនៅតាមទីសាធារណៈ។ ការបញ្ឈប់មិនឲ្យមានការធ្វើអាជីវកម្មដុតគោ ដាក់លក់តាមដងផ្លូវសាធារណៈ។ ទីក្រុងភ្នំពេញទាំងមូលគេបានប៉ាន់ស្មានថាមានសំរាមប្រមាណ ១៦០០តោន ដែលត្រូវប្រមូលទៅចាក់ចោលជារៀងរាល់ថ្ងៃ។
រដ្ឋាភិបាលកម្ពុជាបានបង្កើតឲ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីវាយតម្លៃការប្រលងប្រណាំងទីក្រុងស្អាតនេះ៕
