ការថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែតមួយនៅឯស្នាក់ការគណបក្ស សម រង្ស៊ី ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីសមាជិកគណបក្ស សម រង្ស៊ី ចំនួន ៤រូប បានទៅជួបលោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រយៈពេលប្រមាណជា ១ម៉ោង កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា នៅគេហដ្ឋានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ប្រទេសអាមេរិកជាប្រទេសមហាអំណាច ដូច្នេះសហរដ្ឋអាមេរិកចង់ឲ្យកម្ពុជា ដើរលើផ្លូវប្រជាធិបតេយ្យពិតប្រាកដ។
លោក យឹម សុវណ្ណ បានអះអាងថា លោកស្រី ហ៊ីលឡារី គ្លិនតុន បានដឹងអំពីស្ថានភាពកម្ពុជា ដូចជាការបណ្ដេញចេញប្រជាពលរដ្ឋពីដីធ្លី និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម ៖ «យើងក៏បានជម្រាបជួនទាក់ទងនឹងការបោះឆ្នោត ដែលកន្លងមក ការបោះឆ្នោតគ្មានសេរីភាព យុត្តិធម៌ ឧបសគ្គ និងអនុវត្តទីក្រុងប៉ារីស។ លោកជំទាវបានលើកឡើងថា ជាការព្រួយបារម្ភ ហើយបន្តតាមដានយ៉ាងដិតដល់ពីស្ថានការណ៍នយោបាយនៅកម្ពុជា»។
មន្ត្រីអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បានប្រតិកម្មថា សហរដ្ឋអាមេរិកមិនអាចមានឥទ្ធិពលណាមួយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ហើយរឿងរបស់លោក សម រង្ស៊ី ជាឆន្ទៈរបស់តុលាការ ដែលកម្ពុជាកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យហើយនោះ។
លោក ទិត សុធា បន្ថែមថា «យើងមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយមានសមត្ថភាពគណបក្សនយោបាយជាច្រើននៅក្នុងនោះ ផ្ទុយទៅវិញលោក សម រង្ស៊ី និងគណបក្ស សម រង្ស៊ី មួយក្រុមតូចទេ ដែលជាន់ឈ្លីនីតិរដ្ឋ»។
ក្រៅអំពីការស្នើសុំឲ្យអាមេរិកជួយអន្តរាគមន៍លើករណីលោក សម រង្ស៊ី គណបក្សប្រឆាំងក៏បានលើកអំពីបញ្ហាផ្សេងៗជាច្រើនទៀតប្រាប់លោកស្រី ហ៊ីលឡារី គ្លិនតុន ផងដែរ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានលើកឡើងដែរថា រាល់បញ្ហាទាំងឡាយដែលគណបក្សប្រឆាំងបានលើកឡើងទៅចំពោះលោកស្រី ហ៊ីលឡារី គ្លិនតុន នៅក្នុងជំនួបនោះ ដូចជាការស្នើសុំឲ្យជំនួយរបស់អាមេរិកមកកម្ពុជា ធ្វើយ៉ាងណាឲ្យធ្លាក់ដល់ដៃប្រជាពលរដ្ឋ និងករណីរបស់សភាកម្ពុជា។
លោក សុន ឆ័យ មានប្រសាសន៍ទៀតថា ៖ «រដ្ឋសភាយើងនេះ បានក្លាយជាឧបករណ៍ផ្តាច់មុខរបស់គណបក្សកាន់អំណាច ហើយចង់ឲ្យមានសកម្មភាពដែលជាឧបត្ថម្ភរបស់សភា ព្រោះយើងជាអ្នកដែលតាមដានសំខាន់មួយក្នុងការពិនិត្យ ក្នុងការចាយវាយប្រាក់ជំនួយរបស់បរទេស»។
តាមរយៈមន្ត្រីគណបក្ស សម រង្ស៊ី ឲ្យដឹងថា លោកស្រី ហ៊ីលឡារី គ្លិនតុន នឹងឲ្យលោកស្រីឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជា ពិភាក្សាជាមួយគណបក្សប្រឆាំងលើកក្រោយទៀត។
លោក សម រង្ស៊ី ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណី ហើយតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ។
កាលពីថ្ងៃទី២៧ ខែតុលា អង្គការការពារសិទ្ធិមនុស្ស Human Rights Watch (HRW) បានស្នើឲ្យលោកស្រី ហ៊ីលឡារី គ្លិនតុន ធ្វើការទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស និងកុំឲ្យរដ្ឋាភិបាលនេះធ្វើការគាបសង្កត់ទៅលើគណបក្សប្រឆាំងផងដែរ នៅគ្រាដែលលោកស្រីបានមកទស្សនកិច្ចនៅកម្ពុជានោះ។
អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បន្តទៀតថា លោកស្រី ហ៊ីលឡារី គ្លិនតុន គួរតែប្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភចំពោះការកាត់ទោសលោក សម រង្ស៊ី និងករណីនយោបាយផ្សេងៗទៀត ពីព្រោះប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺស្ថិតនៅក្រោមបញ្ជារបស់គណបក្សកាន់អំណាច៕