កម្ពុជា​ពិចារណា​អំពី​ការ​ស្នើ​សុំ​ពន្យារ​ពេល​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា

ក្នុង​រយៈ​ពេល​ប្រមាណ ១០​ឆ្នាំ​កន្លង​មក ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម​ បាន​រត់​ភៀស​ខ្លួន​មក​កម្ពុជា ដើម្បី​សុំ​ស្នាក់​នៅ​ក្នុង​ជំរំ​ភៀស​ជន​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១៥ ធ្នូ ថា ​រដ្ឋាភិបាល​កំពុង​តែ​ពិចារណា​លើ​ការ​ស្នើ​សុំ​ពន្យារ​ពេល​បិទ​ជំរំ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា របស់​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ក្នុង​រយៈ​ពេល​បី​ខែ​ខាង​មុខ​ទៀត បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​អង្គការ​នេះ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ បាន​មាន​ប្រសាសន៍​ថា អង្គការ UNHCR បាន​ស្នើ​សុំ​ពន្យារ​ពេល​បី​ខែ ក្នុង​ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​របស់​គេ ដើម្បី​ទុក​ពេល​ឲ្យ​គេ​បំពេញ​ការ​ងារ​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា​ចំនួន ៦២​នាក់ ទៅ​ប្រទេស​ទី​បី ដែល​ពួក​គេ​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​បី​ហើយ​នោះ ប៉ុន្តែ​ការ​សម្រេច​លើ​កិច្ច​ការ​ផ្សេងៗ ទៀត​យ៉ាង​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ៖ "ជំរំ​ហ្នឹង​កើត​យួរ​ហើយ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ដោះ​ស្រាយ​បញ្ចប់​ទៀត ដូច្នេះ​ហើយ ស្នើ​ឲ្យUNHCR ហ្នឹង​ដោះ​ស្រាយ​ឲ្យ​បាន​លឿន​ជា​ទី​បំផុត"

សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​ចុះ​ថ្ងៃ​ទី​២៩ វិច្ឆិកា បាន​កំណត់​បិទ​ជំរំ​​ជន​ភៀស​ខ្លួន​សម្រាប់​ឲ្យ​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​របស់ UNHCR នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១១ ខាង​មុខ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​នាយក​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​កម្ពុជា​ ជា​ច្រើន​លើក នៅ​ថ្ងៃ​ទី​១៥ ធ្នូ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ បាន​លើក​ហេតុ​ផល​នៃ​ការ​បិទ​ជំរំ​ជន​ភៀស​ខ្លួន​នេះ​ថា ដោយ​សារ​តែ​ប្រទេស​វៀតណាម​ក៏​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ​ដែរ ហើយ​ពុំ​មាន​សង្គ្រាម​ដូច​មុន​ទៀត​ទេ និង​ហេតុ​ផល​ផ្សេងៗ​មួយ​ចំនួន​ទៀត។ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា ចំពោះ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ជាង ១០​នាក់​ផ្សេង​ទៀត ដែល​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ពី UNHCR នៅ​ឡើយ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​នេះ គេ​នឹង​ចាត់​ការ​តាម​ច្បាប់​អន្តោប្រវេសន៍ ៖ "គាត់​មិន​មែន​ធ្វើ​ដល់ ឫស​គល់​ឯណា ម៉េច​គាត់​មិន​ទៅ​ធ្វើ (ជំរំ) ដល់​ប្រទេស​វៀតណាម​តែ​ម្ដង​ទៅ គាត់​ចាំ​តែ​​នៅ​ក្នុង​ប្រទេស​យើង​ធ្វើ​អី"

បុរស​ម្នាក់​ឈ្មោះ Ksor Luan ជន​ជាតិ​ម៉ុងតាញ៉ា ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​គ្រោង​បិទ​នោះ បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​តាម​ចាប់​ខ្លួន ដោយ​សារ​តែ​ពួក​គេ​បាន​ទាម​ទារ​យក​ដី​ស្រែ និង​ដី​ចម្ការ​ដែល​រដ្ឋាភិបាល​រឹប​អូស​យក និង​រឿង​ជំនឿ​លើ​សាសនា​គ្រឹះ។

លោក​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​គេ​បញ្ជូន​អ្នក​ដែល​មិន​ទាន់​ទទួល​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​បី ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​នោះ ពួក​គេ​នឹង​ប្រឈម​និង​បញ្ហា​ចាប់​ខ្លួន និង​ធ្វើ​បាប​ពី​រដ្ឋាភិបាល​វៀតណាម​ជា​មិន​ខាន ៖ "គេ​ដាក់​ចាប់​ដាក់​គុក​ហើយ ខ្លះ​ពីរ​ឆ្នាំ ឬ​បី​ឆ្នាំ ឬ​មួយ​ឆ្នាំ ពេល​ត្រឡប់​មក​វិញ ឡេ​ឡឺៗ ដូច​ឆ្កួត​អ៊ីចឹង"

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ប្រចាំ​ខែត្រ​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ពេល​វេលា​ជួន UNHCR តាម​ការ​ស្នើ​សុំ​នោះ។ លោក​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា បាន​ចូល​ក្នុង​កម្ពុជា​តាម​ច្រក​ព្រំដែន​ក្នុង​ខែត្រ​រតនគិរី ​តាំង​ពី​ឆ្នាំ​២០០១​មក រហូត​ដល់​ឆ្នាំ​២០០៨។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​បញ្ជាក់​ថា ជំរំ​​ជន​ភៀស​ខ្លួន​របស់ UNHCR គេ​បាន​ធ្វើ​នៅ​ខែត្រ​រតនគិរី​ នៅ​ក្នុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៤ ហើយ​តាំង​ពី​ឆ្នាំ​២០០៤ មក គេ​បាន​ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ។

ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ដែល​ភៀស​ខ្លួន​មក​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន UNHCR ពួក​គេ​មក​ពី​តំបន់​ខ្ពង់​រាប​ប៉ែក​ខាង​លិច នៅ​ក្នុង​ខែត្រ​មួយ​ចំនួន​នៃ​ប្រទេស​វៀតណាម ដូច​ជា​ខែត្រ​យ៉ាឡៃ ដាក់​ឡាក់ ដាក់​នុង កនទុម និង​ឡាំដុង ជា​ដើម ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​ខែត្រ​រតនគិរី និង​មណ្ឌលគិរី៕