រដ្ឋាភិបាលចិន បានយល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ចំនួន ៥០០លានដុល្លារអាមេរិក ដើម្បីយកមកចំណាយលើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារទឹកជំនន់នៅប្រទេសកម្ពុជា នៅឆ្នាំ២០១១នេះ។
២១-តុលា-២០១១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់មកពីចូលរួមពិធីតាំងពិព័រណ៍អាស៊ាន-ចិន។
ការផ្ដល់ជូននេះបានធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងអំឡុងពេលដែលលោកបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួន ២ថ្ងៃ កាលពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១១។
រដ្ឋាភិបាលចិននឹងបញ្ជូនមន្ត្រីជំនាញឲ្យសិក្សាជាក់លាក់ជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជា អំពីការខូចខាតនោះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនបានសន្យាផ្ដល់ប្រាក់ជំនួយសរុបចំនួន ២លានដុល្លារថែមទៀត ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅកម្ពុជា បន្ថែមលើជំនួយសម្ភារៈថ្មីៗនេះដែលមានតម្លៃ ៨លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសំណើនេះនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក វិន ជាប៉ាវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ នៅក្នុងអំឡុងពេលដែលលោកបានដឹកនាំប្រតិភូជាន់ខ្ពស់រយៈពេល ២ថ្ងៃ ទៅចូលរួមក្នុងការតាំងពិព័រណ៍ចិន និងអាស៊ាន លើកទី៨ និងចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៨ រវាងចិន និងអាស៊ាន នៅទីក្រុងណាននីង (Nanning) ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ដែលបានអមដំណើរលោក ហ៊ុន សែន វិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី២១ ខែតុលា បានមានប្រសាសន៍ថា លោក វិន ជាប៉ាវ បានទទួលយកសំណើជាគោលការណ៍ហើយ៖ «ផ្លូវហ្នឹងត្រូវតែធ្វើចាំបាច់ត្រូវតែស្ដារផ្លូវដែលខូចខាតនៅទឹកជំនន់ផង ហើយនិងកសាងផ្លូវថ្មីៗទៀត ដើម្បីឲ្យធ្វើម៉េចទំនាក់ទំនងប្រជាពលរដ្ឋអាចធ្វើដំណើរដឹកជញ្ជូនទំនិញខ្លួនកាន់តែឆាប់ កាត់បន្ថយនូវតម្លៃនៃការដឹកជញ្ជូន»។
លោកបានបញ្ជាក់ថា គ្មានការចុះហត្ថលេខាណាមួយជាផ្លូវការទេ ដោយសារដំណើរទស្សនកិច្ចនោះខ្លីពេក។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បានមានប្រសាសន៍អត្ថាធិប្បាយថា អ្នកស្រីចង់ឃើញការប្រើប្រាស់ប្រាក់កម្ចីនោះប្រកបដោយតម្លាភាព៖ «បញ្ហាធំគឺការចូលរួមដោយប្រជាពលរដ្ឋ ហើយនិងអង្គការសង្គមស៊ីវិលឲ្យអ្នកទទួលបាននូវផលប្រយោជន៍ហ្នឹង ដឹងឮ ឆ្លើយតបនឹងគម្រោងឲ្យបានពិតប្រាកដ»។
របាយការណ៍បូកសរុបថ្មីបំផុតដែលលោក ញឹម វណ្ណដា បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ បានឲ្យដឹងថា ស្រូវចំនួនជាង ៤សែនហិកតារបានលិចទឹកជំនន់។ ស្រូវចំនួនជាង ២សែន៥ម៉ឺនហិកតារទៀតបានខូចខាតទាំងស្រុង។ ផ្លូវលំប្រវែងជិត ៣.០០០គីឡូម៉ែត្របានខូចខាត។ ទំនប់ទឹកប្រវែងរវាង ៣០០គីឡូម៉ែត្រ ទៅ ៤០០គីឡូម៉ែត្រ បានខូចខាត។ ប្រជាពលរដ្ឋស្លាប់ចំនួន ២៤៧នាក់។ សាលារៀនជាង ១.០០០កន្លែងបានលិចទឹកជំនន់។ គេបានប៉ាន់ស្មានជាថ្មីឲ្យដឹងថា តម្លៃខូចខាតសរុបជាង ៤០០លានដុល្លារអាមេរិក។
លោក ចម ប្រសិទ្ធ បានបញ្ជាក់នៅថ្ងៃទី២១ ខែតុលា ថា មន្ត្រីជំនាញនឹងវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់នៅពេលទឹកជំនន់ស្រកនៅពេលខាងមុខ៕
កិច្ចប្រជុំអាស៊ានលើបញ្ហាជម្លោះសមុទ្រចិនទទួលបានលទ្ធផលវិជ្ជមាន
មនុស្ស៣១នាក់ស្លាប់ដោយសាររន្ទះបាញ់និងខ្យល់ព្យុះនៅដើមឆ្នាំនេះ
នាវាចម្បាំងទី៧ របស់អាមេរិក ចាកចេញពីក្រុងព្រះសីហនុ
មន្ត្រីអ.ស.ប.៖ កម្ពុជាត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីទឹកជំនន់
កិច្ចប្រជុំមន្ត្រីការពារជាតិចាប់ផ្ដើមនៅសៀមរាប
ជប៉ុនផ្ដល់ជំនួយជិត ១៩លានដុល្លារ ឲ្យកម្ពុជា
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបារម្ភពីគ្រោះធម្មជាតិ
ខេត្តកំពង់ឆ្នាំង៖ ផ្ទះ ៣៩ ខ្នងខូចខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ
លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន
កម្ពុជា-សិង្ហបុរីឯកភាពគ្នាបន្តដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
មតិ
Click here to add your own comment