លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ Comfrel មានប្រសាសន៍ថា តាមការសិក្សារបស់ Comfrel បានរកឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ គុណភាពនៃការធ្វើបញ្ជីបោះឆ្នោតរបស់ គ.ជ.ប. បង្ហាញពីការព្រួយបារម្ភ ជាពិសេស ការបាត់ឈ្មោះ និងភាពមិនត្រឹមត្រូវ នៃទិន្នន័យអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោត។
លោកបន្តថា ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត គ.ជ.ប. ឆ្នាំ២០០៩ Comfrel រកឃើញពលរដ្ឋមានសិទ្ធិបោះឆ្នោតប្រមាណ១៦% មិនមានឈ្មោះក្នុងបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត របស់ គ.ជ.ប. នោះទេ ជាការព្រួយបារម្ភមួយ។
ថ្លែងក្នុងសន្និសីទប្រកាសលទ្ធផលស្រាវជ្រាវរបស់ Comfrel ទៅលើ "ការចុះឈ្មោះបោះឆ្នោត របស់អ្នកផ្លាស់ទីលំនៅទាំងបង្ខំ" ថ្ងៃទី១៩ ខែឧសភា លោក គល់ បញ្ញា បានជំរុញទៅ គ.ជ.ប. ប្រទេសម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល ឲ្យចូលរួមផ្ដល់នូវយុទ្ធសាស្ត្រគន្លឹះ ដើម្បីធ្វើកំណែទម្រង់ ឬក៏កែលំអការចុះឈ្មោះ និងការធ្វើបញ្ជីបោះឆ្នោត ឲ្យបានល្អជាងពេលបច្ចុប្បន្ន ខណៈការបោះឆ្នោត នឹងចូលមកដល់នាឆ្នាំ២០១២-២០១៣ ខាងមុខ។
លោក គល់ បញ្ញា បានលើកយកពិសោធន៍ នៃការធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោត ទទួលបានជោគជ័យដូច្នេះ ៖ «នៅបង់ក្លាដេស ឯកសារបោះឆ្នោតហ្នឹង សឹងតែធ្វើហើយប្រើបានដូចអត្តសញ្ញាណប័ណ្ណអ៊ីចឹង។ គាត់ចុះឈ្មោះហ្នឹង មានផ្ដិតមេដៃ មានបិទរូបថតត្រឹមត្រូវ ហើយគាត់ចេញមកហ្នឹង ស្ទើរតែស្មើអត្តសញ្ញាណប័ណ្ណ ព្រោះថា ទិន្នន័យអ្នកបោះឆ្នោត គឺគ្រប់គ្រាន់តែម្ដង មានរូបថត មានស្នាមមេដៃ មានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូច្នេះពលរដ្ឋប្រើប្រាស់ប័ណ្ណហ្នឹង សម្រាប់យកមកធ្វើអត្តសញ្ញាណប័ណ្ណហ្នឹង យកមកធ្វើបញ្ជីបោះឆ្នោតផង និងប័ណ្ណបោះឆ្នោតផង»។
លោក ហូរ វ៉ាន់ តំណាងរាស្ត្របក្សសមរង្ស៊ី បានចាត់ទុកការធ្វើបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប. ថា មានភាពសាំញ៉ាំ និងផ្ដល់ការលំបាកដល់ពលរដ្ឋ ទៅចូលរួមការចុះឈ្មោះបោះឆ្នោត។ ភាពសាំញ៉ាំ នៃការចុះឈ្មោះបោះឆ្នោត ត្រូវតំណាងរាស្ត្ររូបនេះ ស្នើឲ្យក្រសួងមហាផ្ទៃ និង គ.ជ.ប. ត្រូវធ្វើការផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះជាថ្មីទៀត។
លោក ហូរ វ៉ាន់ បានបង្ហាញពីវិធីសាស្ត្រងាយៗ មួយចំនួន សម្រួលដល់ពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោតដូច្នេះ ៖ «យើងចង់ឲ្យអ្នកដែលមានអត្តសញ្ញាណប័ណ្ណទាំងអស់ ផ្ទេរមក គ.ជ.ប. ហើយទុកទាំងលេខកូដ និងរូបថត ថាអ្នកហ្នឹងបានចុះឈ្មោះរួចហើយ នេះជាបញ្ជីផ្លូវការរបស់គាត់។ ចំណែកអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណតើយើងត្រូវធ្វើម៉េច? ចំពោះអ្នកដែលអត់មានអត្តសញ្ញាណប័ណ្ណ យើងចង់ឲ្យធ្វើជាបញ្ជីមានសៀវភៅ មានរូបថត ដោយថតម្ដងមានពីរសន្លឹកតែម្ដង មួយសន្លឹកទុកធ្វើប័ណ្ណបោះឆ្នោត មួយសន្លឹកទៀត ទុកសម្រាប់បិទជាមួយសៀវភៅតែម្ដង ដើម្បីអ្នកសង្កេតការបោះឆ្នោតផ្ទៀងបញ្ហាហ្នឹង ឃើញឈ្មោះរបស់គាត់»។
ការទទូចឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី របស់មន្ត្រីបក្សសមរង្ស៊ី ត្រូវលោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ គ.ជ.ប. បញ្ជាក់ថា មិនអាចធ្វើទៅបានទេ។ ប៉ុន្តែការងារធ្វើបញ្ជីបច្ចុប្បន្នភាពបោះឆ្នោត មន្ត្រី គ.ជ.ប. រូបនេះបានអះអាងថា បានយកចិត្តទុកដាក់បំផុត ដើម្បីឲ្យពលរដ្ឋមានសិទ្ធិបោះឆ្នោត ចូលរួមចុះឈ្មោះឲ្យបានគ្រប់គ្នា។
ទោះជាបែបនេះក្ដី មន្ត្រី គ.ជ.ប. បានទទួលស្គាល់ថា ការធ្វើបញ្ជីឈ្មោះបច្ចុប្បន្នភាពបោះឆ្នោត នៅមានចំណុចខ្វះខាតមួយចំនួន និងបានស្នើដល់មន្ត្រីសង្គមស៊ីវិល ជួយផ្ដល់ជាអនុសាសន៍មក គ.ជ.ប. បន្ថែមទៀត ឈានដល់ការកែលម្អ ការចុះបញ្ជីបោះឆ្នោត និងការធ្វើបញ្ជីបច្ចុប្បន្នភាពបោះឆ្នោតនៅកម្ពុជា មានភាពប្រសើរឡើង។
មន្ត្រីនៃការិយាល័យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឲ្យដឹងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតប្រទេសកម្ពុជា បានបង្កការលំបាកដល់ពលរដ្ឋគ្រប់អាយុបោះឆ្នោត។ ករណីនេះ កន្លងមកអង្គការ UNDP ធ្លាប់បានដាក់សំណើទៅ គ.ជ.ប. ទាមទារឲ្យផ្លាស់ប្ដូរប្រព័ន្ធថ្មីមកជំនួស។ ប៉ុន្តែការផ្លាស់ប្ដូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មី មន្ត្រី UNDP អះអាងថា ត្រូវបានមន្ត្រី គ.ជ.ប. ផ្ដល់ព័ត៌មានមកថា មិនទាន់អាចប្ដូរប្រព័ន្ធចុះឈ្មោះបោះឆ្នោតនេះបានទេ។
យ៉ាងណាក៏ដោយ មន្ត្រីអង្គការ Comfrel នៅតែអះអាងថា ដរាបណាប្រព័ន្ធចុះឈ្មោះបោះឆ្នោត នៅកម្ពុជាមិនត្រូវបានផ្លាស់ប្ដូរទេ ការចុះឈ្មោះបោះឆ្នោត នៅតែបង្កការលំបាកដល់ពលរដ្ឋមានសិទ្ធិបោះឆ្នោត ពីមួយឆ្នាំទៅមួយឆ្នាំដដែល៕
