អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី២៦ ឧសភា បានបដិសេធរបាយការណ៍របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា Comfrel ដែលបានចេញកាលពីពេលថ្មីៗនេះ ថាប្រជាពលរដ្ឋ ប្រមាណ ១.៥០០.០០០នាក់មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០០៨ នោះ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា គ.ជ.ប. បានធ្វើបច្ចុប្បន្នភាពលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោត ចំនួនបីលើក គឺក្នុងឆ្នាំ២០០៧ ចំនួន ៥៨ម៉ឺននាក់ ឆ្នាំ២០០៨ ជាង១៤ម៉ឺននាក់ និងឆ្នាំ២០០៩ ជាង១៦ម៉ឺននាក់ មិនស្មើនិង ១លាននាក់ទេ។
លោកមានប្រសាសន៍បន្តថា ៖ «វាមិនអាចមានតួលេខបាត់ដល់បណ្ដឹងទេ ព្រោះតួលេខដែលគាត់បាននេះ គាត់ស្រាវជ្រាវភូមិ១ ឬ២ ហើយបន្ទាប់មកគាត់គិតភាគរយធ្វើបែបនេះ បើមិនអញ្ចឹងទេ វាធ្វើឲ្យមានការយល់ច្រឡំថា បញ្ជីបោះឆ្នោតហ្នឹងវាមិនត្រឹមត្រូវ»។
លោក ទេព នីថា បានបញ្ជាក់ទៀតថា ការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតនេះ ដូចជាអ្នកស្លាប់ ឬបាត់សិទ្ធិបោះឆ្នោត អ្នកផ្លាស់ប្ដូរទីលំនៅ និងមានឈ្មោះស្ទួនជាដើម។ ប៉ុន្តែរាល់ការលុបមានលិខិតស្នាមច្បាស់លាស់ពីឃុំសង្កាត់។
របាយការណ៍របស់ គ.ជ.ប. បានចេញផ្សាយកាលពីថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា ការស្រាវជ្រាវរបស់ខុមហ្វ្រែល បានធ្វើឡើងនៅក្នុងភូមិចំនួនបី ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមកប្រៀបធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេសនោះ មិនមានសុក្រឹតភាពទេ ព្រោះ គ.ជ.ប. យល់ឃើញថា ការស្រាវជ្រាវរបស់ខុមហ្វ្រែល គួរពិនិត្យឲ្យបានច្បាស់ហ្មត់ចត់ទៅលើទីតាំងភូមិសាស្ត្រ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្រិតការយល់ដឹងអំពីបញ្ជីសំណួរដែលត្រូវធ្វើឡើង។
យ៉ាងនេះក្ដី លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រែល បានបញ្ជាក់ថា លោកបានធ្វើការស្រាវជ្រាវនៅទូទាំងប្រទេសចំនួនពីរលើក គឺក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩ ដោយប្រើពេលជាច្រើន រយៈពេលជាច្រើនខែក្នុងការស្រាវជ្រាវនេះ រកឃើញថា ប្រជាពលរដ្ឋពីអាយុ១៨ឆ្នាំឡើងទៅ ពុំមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណ ១.៥០០.០០០នាក់។
លោក គល់ បញ្ញា បានអះអាងថា គ.ជ.ប. បានស្រង់បញ្ជីពីឃុំសង្កាត់ ដែលចំណុចមួយចំនួន មិនបានច្បាស់លាស់ទេ ៖ «រចនាសម្ពន្ធគាត់ធ្វើសព្វថ្ងៃនេះ វាបង្កើតបញ្ហាតែម្ដង អ្នកចុះឈ្មោះនៅក្រោមហ្នឹង គឺស្មៀន និងក្រុមប្រឹក្សាឃុំ ហើយអ្នកវាយបញ្ចូលទិន្នន័យ គ.ជ.ប. ហើយសរសេរដៃទៀត គាត់ខ្លួនឯងមានបញ្ហាសរសេរពីក្រោមមក សរសេរខុសឈ្មោះគេ វារញ៉េរញ៉ៃណាស់ វាអត់មានអ្នកណាទទួលខុសត្រូវ វាបូកនឹងចុះឈ្មោះ ការលុបឈ្មោះ ឬការធ្វើបញ្ជីបច្ចុប្បន្នភាពហ្នឹងឯង»។
របាយការណ៍របស់ គ.ជ.ប. បានចេញផ្សាយកាលពីថ្ងៃទី២៦ ឧសភា បានឲ្យដឹងថា បញ្ជីបោះឆ្នោតកាលពីឆ្នាំ២០០៨ ជាបញ្ជីបោះឆ្នោតដែលបានធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០០៧ ដែលមានឈ្មោះអ្នកបោះឆ្នោតជាង ៨.១០០.០០០នាក់ ធៀបទៅនឹងចំនួនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង មានជាង ៧.៨០០.០០០នាក់។
លោក គល់ បញ្ញា បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតក្នុងបញ្ជីជាង ៨លាននាក់នោះ អ្នកដែលបានទៅបោះឆ្នោតកាលពីបោះឆ្នោតជាតិអាណត្តិទី៤ មានជាង ៧៥% គឺប្រមាណជាង ៦លាននាក់ ហើយប្រជាពលរដ្ឋប្រមាណ ៤សែននាក់ ទៅដល់ការិយាល័យបោះឆ្នោតហើយ ប៉ុន្តែរកឈ្មោះមិនឃើញ៕
