ខុមហ្វ្រែល ផ្តល់​អនុសាសន៍​កែលំអ​ការ​បោះ​ឆ្នោត ១៦​ចំណុច​ជូន​គ.ជ.ប

គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ផ្ញើ​អនុសាសន៍​ច្រើន​ចំណុច​ជូន​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កែប្រែ​បទ​បញ្ជា និង​នីតិវិធី​បោះ​ឆ្នោត ដើម្បី​ជំរុញ​ឲ្យ​ការងារ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ មាន​យុត្តិធម៌ និង​ត្រឹម​ត្រូវ។
ដោយ ដែន អយុធ្យា
2013.01.25

បញ្ហា​នេះ មន្ត្រី គ.ជ.ប បញ្ជាក់​ថា អនុសាសន៍​ទាំង​នោះ​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍អក្សរ និង​ដាក់​មក គ.ជ.ប យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៣។

មន្ត្រី​អង្គការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា សង្គម​ស៊ីវិល​ច្រើន​ស្ថាប័ន បាន​លើក​យក​អនុសាសន៍​ចំនួន ១៦​ចំណុច ដាក់​ជូន​ស្ថាប័ន គ.ជ.ប ដើម្បី​កែលំអ ដើម្បី​ជំរុញ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ មាន​ដំណើរ​ការ​ល្អ។

អ្នកស្រី គង់ រ៉ាវីន ជា​មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​អង្គការ​ខុមហ្វ្រែល មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៤ ខែ​មករា ថា អនុសាសន៍​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ គ.ជ.ប កែ​សម្រួល​មាន​ដូច​ជា ស្នើសុំ​បង្កើត​គណៈកម្មការ​ជ្រើស​រើស ឬ​ត្រួត​ពិនិត្យ​ការ​តែង​តាំង​សមាជិក​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ខេត្ត ឬ​ឃុំ-សង្កាត់ ត្រូវ​ឲ្យ​មាន​តំណាង គ.ជ.ប និង​តំណាង​បក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចូល​រួម ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​ឃោសនា​នៅ​តាម​សាធារណៈ ឬ​ទីផ្សារ ឲ្យ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ ហាម​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​គ្មាន​ស្លាក​លេខ ឬ​ស្លាក​លេខ​ក្លែង​ក្លាយ។ មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ មិន​ត្រូវ​ឲ្យ​ចូល​រួម​សកម្មភាព​ឃោសនា​នោះ​ទេ។

អ្នកស្រី​បន្ថែម​ថា ស្ថាប័ន គ.ជ.ប ត្រូវ​យក​របាយការណ៍​ចំណូល​ចំណាយ​របស់​គណបក្ស​នយោបាយ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ដាក់​បង្ហាញ​លើ​គេហទំព័រ គ.ជ.ប ឲ្យ​ដឹង​ជា​សាធារណៈ និង​ស្នើ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ ត្រូវ​ផ្ញើ​របាយការណ៍​ចំណូល​ចំណាយ​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​ទៀត គ្រប់​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត ក៏​ត្រូវ​ស្នើ​ឲ្យ​បើក​ចំហ​ទ្វារ ឬ​បង្អួច ដែល​អាច​មើល​ឃើញ​សកម្មភាព​រាប់​សន្លឹក​ឆ្នោត និង​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​នយោបាយ​ឈរ​ពី​ក្រោយ​លេខាធិការ​នៃ​ការិយាល័យ​បោះ​ឆ្នោត​ជាដើម។

បញ្ហា​នេះ សម្រាប់​មន្ត្រី​គណបក្ស​ប្រឆាំង ក៏​បាន​ស្នើ​ឲ្យ គ.ជ.ប ពង្រឹង​សកម្មភាព​ការងារ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​មាន​យុត្តិធម៌​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

លោក គួយ ប៊ុនរឿន សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឲ្យ​ដឹង​ថា អនុសាសន៍​ដែល​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ស្ថាប័ន គ .ជ.ប ទទួល​យក​អនុសាសន៍​របស់​លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya P.Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​របស់ គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ឆ្នាំ​២០១៣។

លោក​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មាន​យុត្តិធម៌ ស្ថាប័ន គ.ជ.ប គួរ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ស្មើ​ភាព​រវាង​គ្រប់​គណបក្ស​នយោបាយ និង​បក្ស​កាន់​អំណាច​ចូល​រួម​បោះ​ឆ្នោត។

យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​កោត​សរសើរ​ថ្នាក់​ដឹកនាំ​ស្ថាប័ន គ.ជ.ប ដែល​បាន​ខិត​ខំ​ធ្វើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ​ឡើង។ ប៉ុន្តែ​យល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​ជាច្រើន ដែល​មិន​អាច​ធានា​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​ឡើយ​ទេ ទាម​ទារ​ឲ្យ គ.ជ.ប កែលំអ​ថែម​ទៀត។

លោក​បណ្ឌិត សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​ឆ្នាំ​២០១២ របស់​ខ្លួន​បង្ហាញ​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ស្មើ​ភាព ដែល​គ្រប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ អាច​ទទួល​យក​បាន ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌។

ទោះ​យ៉ាង​ណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា គ.ជ.ប ស្វាគមន៍​រាល់​ការ​ផ្តល់​អនុសាសន៍​ជា​លាយលក្ខណ៍អក្សរ​ពី​គ្រប់​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល ផ្ញើ​មក​ស្ថាប័ន គ.ជ.ប។ រាល់​អនុសាសន៍​ដែល គ.ជ.ប ទទួល​បាន លោក ទេព នីថា បញ្ជាក់​ថា នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ទល់​មុខ​គ្នា​រវាង​ម្ចាស់​សាមី និង​មន្ត្រី គ.ជ.ប ក្រោយ​ថ្ងៃ​ទី២៤ ខែ​មករា បន្ទាប់​ពី គ.ជ.ប ពិនិត្យ​អនុសាសន៍​ទាំង​នោះ​រួច​រាល់។

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិច (NICFEC)។ លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ មាន​យុត្តិធម៌ និង​ត្រឹមត្រូវ អាច​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​យក​បាន គ.ជ.ប ត្រូវ​តែ​ទទួល​យក​អនុសាសន៍​កែលំអ​ចំណុច​ខ្វះខាត​របស់​សង្គម​ស៊ីវិល ឬ​បក្ស​នយោបាយ​ផ្តល់​ជូន បញ្ចូល​ក្នុង​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​របស់​ខ្លួន​ឲ្យ​បាន​ច្រើន។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រី​ឯ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣។

ការ​ផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នក​បោះ​ឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០១៣។ រី​ឯ​ការ​ឃោសនា​បោះ​ឆ្នោត ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៣។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវការ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ មាន​អ្នក​បោះ​ឆ្នោត ៩.៦៧៥.៤៥៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៥.០៨១.៨៤៣​នាក់។ ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី៥ មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ១៩.០០៩​ការិយាល័យ​ទូ​ទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។