នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យដឹងថា បំណងនៃការរៀបចំសិក្ខាសាលានៅថ្ងៃអង្គារ ទី២៦ ខែមករា ដើម្បីដាក់បង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវមតិរបស់ម្ចាស់ឆ្នោតក្នុង២៤ខេត្ត រាជធានី ពីការចូលរួមនិងអភិបាលកិច្ចប្រជាធិបតេយ្យ។
លោកបន្តថា ៖ «ព្រោះឆ្នាំក្រោយនេះយើងនឹងមានសកម្មភាពបន្តទៀត ដូចជាការផ្ដល់លទ្ធភាពជាវេទិកាឲ្យប្រជាជនវាយតម្លៃ ឲ្យពិន្ទុទៅលើការអនុវត្តរបស់អ្នកតំណាងរាស្រ្ដរបស់គណបក្សជាប់ឆ្នោតរបស់រដ្ឋាភិបាល»។
ជាមួយគ្នានោះដែរ លោក ធន សារាយ បានថ្លែងថា ការប្រមូលមតិម្ចាស់ឆ្នោតមួយចំនួនក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់អ្នកបោះឆ្នោតឲ្យចេះកំណត់នូវអ្វីដែលជាអាទិភាពក្នុងកិច្ចអភិវឌ្ឍន៍សម្រាប់បម្រើឲ្យភូមិ ឃុំសង្កាត់របស់ពួកគាត់។
លោក ធន សារាយ បានថ្លែងដូច្នេះ ៖ «យើងមានគោលបំណងថា ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនេះ លោកត្រូវតែដឹងខ្លួនឯង មិនមែនសេចក្ដីត្រូវការទិសដៅនៃការអភិវឌ្ឍនេះ គឺកំណត់ឡើងដោយអ្នកនយោបាយ ដោយអ្នកដឹកនាំទេ គឺកំណត់ដោយម្ចាស់ឆ្នោតហ្នឹងឯង តើម្ចាស់ឆ្នោតហ្នឹងចង់បានអ្វី?»។
ទីប្រឹក្សាជាន់ខ្ពស់កិច្ចការសភា UNDP លោកស្រី ស៊ូសាន ខូវលី (Susan J. Cowley) បានថ្លែងថា ដើម្បីឲ្យមានអភិបាលកិច្ចប្រជាធិបតេយ្យដែលអាចផ្លាស់ប្តូរទៅបាន គឺត្រូវផ្លាស់ប្តូរពីខ្លួនឯងជាម្ចាស់ឆ្នោតទៅមុន។
អ្នកស្រីបន្តថា ៖ "UNDP គឺលើកតម្កើងនូវអភិបាលកិច្ច ប្រជាធិបតេយ្យដែលជាគោលការណ៍មួយឈុតសម្រាប់ឲ្យសង្គម ប្រទេសទំនាក់ទំនងនិងឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រលំបាកអាចមានពាក្យនិយាយថា តើប្រជាពលរដ្ឋក្រីក្រហ្នឹងចង់បានត្រូវគេដឹកនាំរបៀបយ៉ាងណា? ហើយថា តើកាលណាយើងមានមតិផ្ទុយគ្នា ផ្សេងគ្នា ត្រូវបានសម្រុះសម្រួលយ៉ាងដូចម្ដេចឲ្យទៅជាដំណើរការមួយដែលថា យើងអាចសង្ឃឹមទុកបានជាមុន?"។
អ្នកពិគ្រោះយោបល់ឯករាជ្យ លោក ឱក សិរីសុភ័ក្រ បានឲ្យដឹងថា អភិបាលកិច្ចប្រជាធិបតេយ្យត្រូវមានការចូលរួមទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន សភា ព្រឹទ្ធសភាផងដែរ។ លោកសម្គាល់ថា ចំនួនស្រ្តីបានពេញចិត្តច្រើនក្នុងការចូលរួមផ្តល់យោបល់ទៅលើកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់ព័ត៌មានល្អៗដល់សមាជិកសភានិងក្រុមប្រឹក្សាឃុំសង្កាត់ ព្រោះស្រ្តីមិនគិតពីគណបក្សនយោបាយគិតតែពីភាពរីកចម្រើន។
លទ្ធផលស្រាវជ្រាវនៃអង្គការខុមហ្វ្រែល ពីខែកុម្ភៈ ឆ្នាំ២០០៩ មកដល់ខែមករា ២០១០ ស្តីពីការចូលរួមអភិបាលកិច្ចប្រជាធិបតេយ្យទៅលើអ្នកមានសិទ្ធិបោះឆ្នោតចំនួន ៨.៦៧៨នាក់ទូទាំងប្រទេសរកឃើញថា ការស្គាល់របស់ប្រជាពលរដ្ឋចំពោះតំណាងរាស្រ្តនៅមានកម្រិតនៅឡើយ៕
