របាយការណ៍ចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៥ ខែមករា គឺដើម្បីចង់ដឹងពីតម្រូវការ និងការយល់ដឹងអំពីមតិរបស់ម្ចាស់ឆ្នោត ការចុះជួយប្រជាពលរដ្ឋរបស់សមាជិកសភា និងក្រុមប្រឹក្សាឃុំ-សង្កាត់ ជាដើម។
អង្គការខុមហ្វ្រែល បានរកឃើញថា ម្ចាស់ឆ្នោតភាគតិចបានស្គាល់អ្នកតំណាងរាស្ត្រ និងមិនបានយល់ដឹងច្រើនពីការចូលរួមក្នុងសកម្មភាពនយោបាយ ជាពិសេសទំនាក់ទំនងរវាងម្ចាស់ឆ្នោតមានតិចតួច មិនអាចមានឥទ្ធិពលស្នើសុំឲ្យតំណាងរាស្ត្រជួយដោះស្រាយ ឬក៏ជួយអន្តរាគមន៍លើបញ្ហាកង្វល់ផ្សេងៗ។
ក្នុងរបាយការណ៍ស្រាវជ្រាវ ការចូលរួម និងអភិបាលកិច្ចប្រជាធិបតេយ្យ២០១១ អង្គការខុមហ្វ្រែល បានរកឃើញថា ក្នុងចំណោមអ្នកគ្រប់អាយុបោះឆ្នោតដែលផ្តល់បទសម្ភាសន៍ ៨.៦៧២នាក់ នៅក្នុងឃុំចំនួន ៦៤៤ឃុំ ក្នុង២៤រាជធានីខេត្ត មានម្ចាស់ឆ្នោតប្រហែល ២១,៥% ដែលធ្លាប់បានស្គាល់អ្នកតំណាងរាស្ត្រ ក្នុងនោះមានតែ ៦,៨% ប៉ុណ្ណោះ ដែលធ្លាប់បានទាក់ទងអ្នកតំណាងរាស្ត្រ ហើយការទាក់ទងនោះ គឺទី១ ស្នើសុំឲ្យជួយថវិកាក្នុងការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ឬវត្តអារាម។ ទី២ សុំអន្តរាគមន៍ដោះស្រាយទំនាស់ជាមួយក្រុមហ៊ុន។ ទី៣ សូមឲ្យជួយតាក់តែងច្បាប់ ឬធ្វើវិសោធនកម្មច្បាប់។ ទី៤ សុំអន្តរាគមន៍ដោះស្រាយបញ្ហាមូលដ្ឋាន ឬសហគមន៍។ ទី៥ សុំអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី និងទី៦ ស្នើសុំឲ្យជួយអន្តរាគមន៍លើករណីផ្សេងៗ។
របាយការណ៍ដដែលបង្ហាញទៀតថា ម្ចាស់ឆ្នោត ៥៤,៦០% យល់ឃើញថា ការបោះឆ្នោតនាំឲ្យមានការផ្លាស់ប្ដូរជីវភាពរស់នៅ និងការឆ្លើយតបពីអាជ្ញាធរ។ រីឯអ្នកមានសិទ្ធិបោះឆ្នោត ៤៥,៤០% ទៀតមានទស្សនៈផ្សេង ដោយគិតថាការបោះឆ្នោតវាគ្មានអ្វីធ្វើឲ្យប្រសើរជាងសព្វថ្ងៃនេះទៀតទេ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស្មាន ទៀត យល់ឃើញថា របាយការណ៍អង្គការខុមហ្វ្រែល បង្ហាញពីភាពលំអៀង ដោយលោកពន្យល់ និងធ្វើការបែងចែកតំណាងរាស្ត្រចេញជា២ គឺទី១ តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងមួយទៀតតំណាងរាស្ត្រគណបក្សប្រឆាំង។
ចំពោះតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋផ្ទាល់ លោកបានលើកករណីជាក់ស្ដែងនូវភារកិច្ចរបស់លោកក្នុងនាមជាតំណាងរាស្ត្រនៅខេត្តពោធិ៍សាត់ ដោយក្នុងមួយខែលោកចុះទៅមូលដ្ឋានចំនួន៤លើក ដើម្បីដឹងពីតម្រូវការ និងភាពចាំបាច់របស់អ្នកភូមិនៅតាមឃុំនីមួយៗ៖ «ទីមួយ គឺខ្ញុំធ្វើការដោយឡែកនៅក្នុងស្រុក ហើយទីពីរ គឺចល័តនៅតាមស្រុក។ អ៊ីចឹង គឺថាបើរបាយការណ៍ហ្នឹងចេញចែងយ៉ាងដូច្នោះ វាអត់ឆ្លុះអត់ត្រូវជាមួយសកម្មភាពរបស់យើងខ្ញុំជាតំណាងរាស្ត្រជាក់ស្ដែងនៅខេត្តពោធិ៍សាត់ ៤នាក់នោះទេ»។
លោក ស្មាន ទៀត កត់សម្គាល់ឃើញថា ម្ចាស់ឆ្នោតក្រៅតែស្គាល់គណបក្សប្រជាជនកម្ពុជា ហើយនោះ ក៏នៅស្គាល់តំណាងរាស្ត្រគណបក្សនេះដែរ ដែលផ្ទុយពីការលើកឡើងក្នុងរបាយការណ៍ដែលបានរកឃើញថាមានម្ចាស់ឆ្នោតតិចតួចបានស្គាល់អ្នកតំណាងរាស្ត្រ។
បច្ចុប្បន្ន រដ្ឋសភាមិនទាន់មានកញ្ចប់ថវិកាជាតិសម្រាប់ផ្តល់ឲ្យអ្នកតំណាងរាស្ត្រសម្រាប់ឲ្យចុះបេសកកម្មនៅថ្នាក់ក្រោមជាតិនៅឡើយទេ។
ក្នុងសំណួរដែលចោទសួរថា តើខាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានថវិកាឯណាសម្រាប់ចុះទៅមូលដ្ឋានដើម្បីជួយប្រជាពលរដ្ឋនៅថ្នាក់ក្រោមនោះ?
លោក ស្មាន ទៀត បានពន្យល់ថា ជាក់ស្ដែងសម្រាប់គាត់ គាត់អាចរកជំនួយថវិកាពីសប្បុរសជនជាអាជីវករ ឬក្រុមហ៊ុនមួយចំនួនក្នុងមូលដ្ឋាន សម្រាប់ឲ្យជួយក្នុងគម្រោងណាមួយដែលលោកចង់ជួយប្រជាពលរដ្ឋ៖ «យើងទៅអំពាវនាវជាមួយមិត្តភក្ដិ យើងមានមុខរបររកស៊ីអីគ្រាន់អ៊ីចឹងទៅ យើងចង្អុលបង្ហាញពីការលំបាករបស់ប្រជាពលរដ្ឋយើង។ យើងទៅថតរូបពលរដ្ឋ។ យើងលំបាក យើងលើកឡើងជាផែនការតូចៗ ឬមធ្យម ដើម្បីរាយការណ៍ជូនគាត់ សុំយោបល់គាត់ និងសុំឲ្យគាត់ជួយ ហើយយើងទៅធ្វើ ហើយយើងបង្ហាញអំពីឈ្មោះរបស់គាត់ជាក្រុមហ៊ុនរបស់គាត់ ជាអង្គការរបស់គាត់ ក៏ប៉ុន្តែតាមរយៈយើង យើងគិតគូរប្រជាពលរដ្ឋតាមរយៈយើង»។
រីឯអ្នកនាំពាក្យគណបក្សប្រឆាំង និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក យឹម សុវណ្ណ យល់ឃើញថា កង្វះថវិកាចុះមូលដ្ឋានក៏ជាមូលហេតុមួយធ្វើឲ្យម្ចាស់ឆ្នោត និងតំណាងរាស្ត្រមិនសូវស្គាល់គ្នា។ ប៉ុន្តែមូលហេតុសំខាន់ជាងនេះ គឺប្រព័ន្ធផ្សព្វផ្សាយមិនបានដើរតួនាទីដ៏សំខាន់ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យស្គាល់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកាតព្វកិច្ចរបស់តំណាងរាស្ត្រ។
ប្រព័ន្ធផ្សព្វផ្សាយដែលស្ទើរទាំងស្រុងគ្រប់គ្រងដោយគណបក្សកាន់អំណាច ផ្សាយតែពីសកម្មភាពល្អៗដែលមន្ត្រីគណបក្សនេះបានធ្វើ។ ចំពោះគណបក្សឯទៀត ឬគណបក្សប្រឆាំង ទោះជាអ្នកតំណាងរាស្ត្រចុះជួយពលរដ្ឋនៅតាមមូលដ្ឋានជាញឹកញាប់ ក៏មិនបណ្ដាញព័ត៌មានណាមួយផ្សព្វផ្សាយជាសាធារណៈដែរ។
លោក យឹម សុវណ្ណ៖ «ការដែលអ្នកតំណាងរាស្ត្រខំប្រឹងធ្វើសកម្មជននយោបាយ ខំប្រឹងធ្វើតែទូរទស្សន៍ និងមិនបានផ្សព្វផ្សាយនូវអ្វីដែលយើងបានធ្វើឲ្យប្រជាពលរដ្ឋបានដឹង។ អ៊ីចឹងហើយ គាត់មិនអាចបានគ្របដណ្ដប់ប្រជាពលរដ្ឋទាំង ១៥លាននាក់នៅទូទាំងប្រទេសបានទេ។ ប្រជាពលរដ្ឋក៏មានការខ្វះខាតនៅក្នុងការទទួលបានព័ត៌មាន និងទទួលបានតែព័ត៌មានពីគណបក្សប្រជាជន ស្គាល់តែពីគណបក្សប្រជាជន តែអ្នកខ្លះស្គាល់តែគណបក្ស តែមិនស្គាល់រដ្ឋសភា ស្គាល់តំណាងរាស្ត្រ នេះជាបញ្ហាខ្វះខាតណាស់ក្នុងសង្គមប្រជាធិបតេយ្យ»។
តំណាងរាស្ត្រមានតួនាទី ៣សំខាន់ រួមមាន ទី១ ត្រូវបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលនៅក្នុងរដ្ឋសភា។ ទី២ ត្រូវអនុម័តច្បាប់ និងទី៣ ត្រូវតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល។ តំណាងរាស្ត្រគណបក្សប្រឆាំងយល់ឃើញថា តួនាទីទាំង៣នេះ កន្លងមកអ្នកតំណាងរាស្ត្របានបំពេញតែបន្តិចបន្តួចប៉ុណ្ណោះ ចំណែកមួយផ្នែកធំមិនទាន់បានបំពេញនៅឡើយទេ ដោយសារតែការបំភិតបំភ័យគំរាមកំហែង ជាពិសេសដូចជាករណីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ និងការផ្ដន្ទាទោសអ្នកតំណាងរាស្ត្រ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោក កែម ឡី យល់ឃើញថា ការមានគម្លាតឆ្ងាយដែលម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រមិនស្គាល់គ្នា ដែលរបាយការណ៍រកឃើញអាចជាការត្រឹមត្រូវ។ ត្រឹមត្រូវ ព្រោះការរៀបចំយន្តការសម្រាប់ឲ្យអ្នកតំណាងរាស្ត្រធ្វើការនៅថ្នាក់ជាតិ គឺមិនបានសមស្រប។ ម្យ៉ាង ការមិនស្គាល់ ឬគ្មានទំនាក់ទំនងរវាងម្ចាស់ឆ្នោត និងអ្នកតំណាងរាស្ត្រ គឺមានន័យថាតំណាងរាស្ត្រមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានពិតប្រាកដ រីឯការជ្រើសរើសអ្នកតំណាងរាស្ត្រដែលខ្លួនស្គាល់តាមរយៈការបោះឆ្នោត ជាការជ្រើសរើសមិនទាន់មានសុភវិនិច្ឆ័យច្បាស់លាស់នៅឡើយ។
លោក កែម ឡី៖ «អ្នកតំណាងរាស្ត្រដើរតួនាទីសំខាន់ណាស់ដើម្បីត្រួតពិនិត្យការតាមដានឲ្យមានសមភាពសេដ្ឋកិច្ច។ ទាក់ទងនឹងការអភិវឌ្ឍ កាលណាតួនាទីអ្នកតំណាងរាស្ត្រមិនចូលជ្រៅទៅតាមដានការអភិវឌ្ឍរបស់រដ្ឋាភិបាល អ៊ីចឹងខ្ញុំគិតថា អ្នកដែលទទួលផលចេញពីការអភិវឌ្ឍហ្នឹង គឺបានតិចតួចណាស់ ហើយមានវិសមភាពខ្ពស់»។
ក្នុងរបាយការណ៍របស់អង្គការខុមហ្វ្រែល ក្នុងចំណោមម្ចាស់ឆ្នោតដែលផ្តល់បទសម្ភាសន៍មានចំនួន ៧៧,៥៧% មិនដឹងអំពីការចូលរួមក្នុងសកម្មភាពនយោបាយ។ ៣៤,១០% ធ្លាប់បានឮការសន្យារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយ ៣៣,៧% ធ្លាប់បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១។ ការចូលរួមប្រជុំនោះ ម្ចាស់ឆ្នោតបានឡើងរបៀបវារៈប្រជុំស្ដីពីផែនការអភិវឌ្ឍន៍មូលដ្ឋាន និងម្ចាស់ឆ្នោត អំពីផែនការថវិកាឃុំ-សង្កាត់ និងស្ដីពីការសម្របសម្រួលការខ្វែងគំនិតគ្នា។ ក្នុងរបាយការណ៍ក៏បានបញ្ជាក់ពីមូលហេតុដែលម្ចាស់ឆ្នោតមិនបានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ដែរ ដោយសារតែគ្មានការអញ្ជើញជាផ្លូវការ គ្មានពេលវេលាគ្រប់គ្រាន់ ការខ្វះព័ត៌មានពីការចូលរួម និងមានម្ចាស់ឆ្នោតខ្លះមិនសូវមានការចាប់អារម្មណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
