ស្ថានភាព​អាជីវកម្ម​នៅ​តំបន់​កោះ​ពេជ្រ

មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ត្រូវ​បាន​ក្រុមហ៊ុន Oversea Cambodian Investment Cooperation (OCIC) ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កម្ពុជា ធ្វើការ​អភិវឌ្ឍន៍​ជា​ទីក្រុង​រណប​មួយ ហើយ​គេ​បាន​សង់​ស្តង់​សម្រាប់​ជួល​ឲ្យ​អាជីវករ​លក់​អីវ៉ាន់​នៅ​ទី​នោះ​រាប់​រយ​ស្តង់ និង​មាន​ទី​កន្លែង​កម្សាន្ត​មួយ​ចំនួន​ទៀត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

0:00 / 0:00

ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​មាន​តូប​លក់​ដូរ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ធ្នូ​ថា ពួក​គេ​គ្រោង​នឹង​ដាក់​លិខិត​ស្នើ​សុំ​ពន្យារ​ពេល​ការ​លក់​ដូរ​រយៈ​ពេល​បី​ខែ ទៅ​អ្នក​គ្រប់​គ្រង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ក្នុង​ពេល​ឆាប់ៗ​នេះ ពីព្រោះ​គ្មាន​អតិថិជន​ទៅ​ទិញ​សម្ភារៈ​នៅ​ទី​នោះ​ដូច​កាល​ពី​មុន​ទៀត​ទេ។

ការ​គ្រោង​ស្នើ​សុំ​ពន្យារ​ពេល​លក់​ដូរ​នេះ នៅ​ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជិត ១​ពាន់​នាក់។

អាជីវករ​មួយ​រូប​ឈ្មោះ លីន លី បាន​និយាយ​ថា លោក​បាន​ជួល​តូប​លក់​សម្លៀក​បំពាក់​នៅ​ឯ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ក្នុង​មួយ​ខែ​ចំនួន ៥០០​ដុល្លារ ប៉ុន្តែ​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​នេះ​កើត​ឡើង លោក​ក៏​ដូច​ជា​អាជីវករ​ផ្សេង​ទៀត បាន​ផ្អាក​លក់​ដូរ​ជា​បណ្ដោះ​អាសន្ន ដោយសារ​តែ​គ្មាន​ភ្ញៀវ​ទៅ​ទិញ ៖ «និយាយ​ទៅ​លក់​មុន​គេ Free ឲ្យ​មួយ​ខែ​មក​ហ្នឹង គេ​ចាប់​ផ្ដើម​គិត​តាំង​ពី​ខែ​១០ មក​ហ្នឹង ហើយ​លក់​ខោ​អាវ​ដូច​ខ្ញុំ​ហ្នឹង។ និយាយ​ទៅ​រក​បាន​មក​សម្រាប់​តែ​មួយ​គ្រប់ៗ វា​អត់​សល់»

ប្រភព​ពី​អាជីវករ​បាន​លើក​ឡើង​ថា អាជីវករ​លក់​ដូរ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​នេះ មាន​ពីរ​ប្រភេទ ទី​១ គឺ​អ្នក​ជួល​ស្តង់​លក់​ជា​ប្រចាំ​ដោយ​បង់​ជា​ខែ និង​ទី​២ អ្នក​លក់​តាម​ថ្ងៃ​ពិធី​បុណ្យ​ទាន ឬ​ពេល​មាន​ក្រុមហ៊ុន​តាំង​ពិព័រណ៍​លក់​ផលិតផល​ជាដើម។

អាជីវករ​លក់​ចំណី​អាហារ​ឈ្មោះ ណេន ហ៊ុន បាន​បញ្ជាក់​ថា ពួក​គាត់​ប្រមាណ ២០០​នាក់ បាន​ជួល​ស្តង់​លក់​ចំណី​អាហារ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រយៈ​ពេល​បី​ថ្ងៃ ប៉ុន្តែ​ពួក​គាត់​លក់​មិន​បាន​គ្រប់​បី​ថ្ងៃ​ទេ ដោយសារ​តែ​មាន​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ ក៏​នាំ​គ្នា​ផ្អាក​លក់ ព្រោះ​គ្មាន​មនុស្ស​ទៅ​លេង​ទី​នោះ​នៅ​ថ្ងៃ​បន្ទាប់។

អ្នកស្រី ណេន ហ៊ុន បាន​ឲ្យ​ដឹង​ថា អ្នកស្រី​លក់​ផលិតផល​ខ្មែរ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នោះ ប្រសិន​បើ​គ្មាន​ឧបទ្ទវហេតុ​កើត​ឡើង​ទេ អ្នកស្រី​សង្ឃឹម​ថា នឹង​មាន​ប្រាក់​ចំណេញ​ប្រមាណ ៣០០​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង អ្នកស្រី​ខាត​អស់​ជាង ១​ពាន់​ដុល្លារ ៖ «ប្រសិន​បើ​ពន្យារ​បាន​ពីរ ឬ​បី​ខែ​ទៀត​ក៏​ល្អ​ដែរ ដើម្បី​ឲ្យ​មាន​ប្រជាពលរដ្ឋ​យើង​ចូល​ចិត្ត​ទៅ​លេង​ហ្នឹង​វិញ ដូច​ជា​ភ្លាមៗ​អ៊ីចឹង ម្នាក់ៗ​ដូច​ថា ត្រៀម​លុយ​ខាត»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក ពុង ខៀវសែ អគ្គ​នាយក​ក្រុមហ៊ុន Oversea Cambodian Investment Cooperation បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ ដើម្បី​សុំ​ឲ្យ​មាន​ការ​បំភ្លឺ​លើ​ការ​តវ៉ា​នោះ។ រី​ឯ​អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន​នេះ លោក ឆែ លីវណ្ណ មិន​ធ្វើ​អធិប្បាយ​អំពី​ករណី​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ថា ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ មិន​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ក្នុង​ការ​ចូល​មក​ទស្សនកិច្ច​កម្ពុជា​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក​គិត​ថា ភ្ញៀវ​ទេសចរណ៍​នៅ​តែ​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ដដែល ព្រោះ​ថា នេះ​ជា​ឧបទ្ទវហេតុ​ចៃដន្យ​តែប៉ុណ្ណោះ ហើយ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ នៅ​តែ​ជា​ទី​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដដែល៕