បេក្ខជនមជ្ឈត្ដករ ឬពាក្យសម្រាយហៅថា ក្រុមអាជ្ញាកណ្ដាលដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការចំនួន ៥៤នាក់ បានសម្ដែងមតិនៅថ្ងៃទី៣ កញ្ញា ទាមទារឲ្យបេក្ខជនដាក់ពាក្យចូលធ្វើការជាស្វ័យប្រវត្តិតែម្ដង បន្ទាប់ពីបានសិក្សាវិជ្ជាជីវៈមជ្ឈត្ដករនេះចប់ទៅ នៅពេលថ្មីៗនេះ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។
លោកមេធាវី ផន បញ្ញា ដែលអះអាងថា ជាតំណាងបេក្ខជនមជ្ឈត្ដករទាំង ៥៤នាក់ មានប្រសាសន៍នៅថ្ងៃទី៣ កញ្ញាថា ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីក្រុមមជ្ឈត្ដករទទួលដំណឹងថា ក្រសួងពាណិជ្ជកម្មបានតម្រូវឲ្យ បេក្ខជនមជ្ឈត្ដករទាំង ៥៤នាក់ប្រឡងចូលធ្វើការ ដោយជ្រើសរើសយកពិន្ទុខ្ពស់ ដែលបេក្ខជនអះអាងថា ធ្វើដូច្នេះ ផ្ទុយទៅនឹងអនុក្រឹត្យរបស់រដ្ឋាភិបាលបានចែងកន្លងមក។
លោក ផន បញ្ញា ៖ «ការតវ៉ានឹង គឺខ្ញុំសូមឲ្យខាងក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មការរៀបចំ ពាក់ព័ន្ធនឹងមជ្ឈត្ដករ គឺសូមឲ្យគាត់គោរពទៅតាមស្មារតីអនុក្រឹត្យរបស់រដ្ឋាភិបាល ហើយនឹងប្រកាសរបស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណឹងទេ»។
លោក ផន បញ្ញា បញ្ជាក់ថា ក្នុងអនុក្រឹត្យរដ្ឋាភិបាលមិនបានកំណត់ឲ្យបេក្ខភាពមជ្ឈត្ដករ ប្រឡងចូលធ្វើការទេក្រោយពេលជាប់ជាបេក្ខភាពនោះទេ។
លោក ផន បញ្ញា បន្ថែម ៖ «បើខ្ញុំមិនតវ៉ាក្នុងរឿងនេះទេ ខ្ញុំគិតថា ខ្ញុំពិតជាមិនអាចនឹងមានលទ្ធភាពនឹងផ្ដល់យុត្តិធម៌ឲ្យគូវិវាទទៅអនាគតបានទេ។ ខ្ញុំត្រូវតែទាមទាររឿងនឹងសម្រាប់ខ្លួនឯងសិនមុនទៅរកយុត្តិធម៌ឲ្យអ្នកដទៃ»។
បេក្ខជនមួយរូបទៀត គឺលោកមេធាវី រស់ មុនិន្ទ បានហៅការកំណត់របស់ក្រសួងពាណិជ្ជកម្មឲ្យបេក្ខជនមជ្ឈត្ដករចំនួន៥៤រូបនេះប្រឡងជម្រុះសិនមុនចូលធ្វើការនោះ គឺជាការខុសច្បាប់ ៖ «អានេះ ជាសារទៅមហាជនទាំងឡាយ ព្រោះគាត់អាចយល់ច្រឡំថា ពួកខ្ញុំកន្លងមកដែលមិនប្រឡងនឹងព្រោះគ្មានសមត្ថភាព យើងខ្លាចការប្រឡង។ ប៉ុន្តែ ការពិតខាងខ្ញុំទាមទារពីភាពយុត្តិធម៌និងភាពស្របច្បាប់តែប៉ុណ្ណឹងទេ»។
ទាក់ទងទៅនឹងការទាមទារនេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មនឹងដាក់សំណើទៅគណៈរដ្ឋមន្ត្រី សុំកែប្រែអនុក្រឹត្យឲ្យមានការប្រឡងចូលធ្វើការរបស់បេក្ខជនវិញទើបធានាគុណភាពការងារបាន ៖ «ខាងក្រសួងនេះ រដ្ឋមន្ត្រីខ្ញុំនេះឲ្យខ្ញុំនេះកែអនុក្រឹត្យដាក់ប្រឡងនៅក្នុងអនុក្រឹត្យ រួចយកឲ្យគាត់ គាត់កាន់ទៅ (ទីស្ដីការគណៈរដ្ឋមន្ត្រី) ឲ្យស៊ីញេ។ បើសម្ដេចនាយកថា មិនបាច់តាមពួកនិស្សិត អានឹងមិនបាច់ ហើយបើសម្ដេចនាយកព្រមថា ប្រឡងតាមរដ្ឋមន្ត្រីខ្ញុំ អានឹងគាត់ស៊ីញេយកមក ខ្ញុំនឹងរៀបចំពេលវេលាការប្រឡងមួយទៀត»។
បេក្ខជនមជ្ឈត្ដករចំនួន៥៤រូបនេះទើបតែបញ្ចប់វគ្គសិក្សាជំនាញមជ្ឈត្ដករខ្លីៗរយៈពេលមួយខែ ដែលបង្រៀនដោយគ្រូជនជាតិសិង្ហបុរីនិងគ្រូខ្មែរ។ លោក ម៉ៅ ថូរ៉ា បញ្ជាក់ថា តួនាទីរបស់មជ្ឈត្ដករ គឺដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម ក្រៅប្រព័ន្ធតុលាការ ជំនួសតុលាការពាណិជ្ជកម្ម ដែលប្រទេសកម្ពុជាមិនទាន់មាននៅឡើយ ហើយការដោះស្រាយនេះមិនមានអំពើពុករលួយ ចំណាយប្រាក់និងពេលវេលាតិចជាងតាមផ្លូវតុលាការ៕
