សាលា​ឃុំ​ប៊ូស្រា​កោះហៅ​អ្នក​ភូមិ​៥​នាក់​មក​សាកសួរ

អ្នក​ភូមិ​៥​នាក់​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​សាលា​ឃុំ​ប៊ូស្រា​កោះហៅ​បន្ទាប់​ពី​ពួក​គាត់​បាន​ថ្លែង​ពី​ទុក្ខ​កង្វល់​នៅ​ក្នុង​វេទិកា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

0:00 / 0:00

ប្រជាពលរដ្ឋ​៥​នាក់​រស់​នៅ​ក្នុង​ភូមិ​ចំនួន​២​ផ្សេង​គ្នា គឺ​ភូមិ​ពូទឺត​និង​ភូមិ​ពូរ៉ាំង ត្រូវ​បាន​សាលា​ឃុំ​ប៊ូស្រា​កោះហៅ​ឲ្យ​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ បន្ទាប់​ពី​ពួក​គាត់​ទាំង​នោះ​បាន​ថ្លែង​ពី​ទុក្ខ​កង្វល់​របស់​សហគមន៍​នៅ​ក្នុង​វេទិកា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​កន្លង​មក ប្រាប់​ក្រុម​អ្នក​តំណាង​រាស្រ្ត​មក​ពី​រដ្ឋ​សភា​តំណាង​គណបក្ស​ទាំង​៥ អំពី​ដី​ចម្ការ ដី​ផ្នូរ​ខ្មោច និង​ព្រៃ​គោរព​បូជា​របស់​ពួក​គាត់​កំពុង​ត្រូវ​បាន​ឈូស​ឆាយ​ដណ្តើម​កាន់កាប់​ដោយ​ក្រុមហ៊ុន​ឈ្មោះ Socfin KCD នោះ។

អ្នក​ភូមិ​៥​នាក់​មាន​ឈ្មោះ មី ដែង, កប់ ភាវ, កប់ ងឺវ, ឆូត ក្លើស និង ឆូត ណាន់ ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​បង្ហាញ​កង្វល់ និង​ទាមទារ​មក​វិញ​នូវ​ដី​ធ្លី​របស់​សហគមន៍​នៅ​ក្នុង​វេទិកា​ជាមួយ​អ្នក​តំណាង​រាស្រ្ត​កាល​ពី​ពេល​កន្លង​មក​នោះ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ខេត្ត​មណ្ឌលគិរី។

សាលា​ឃុំ​ប៊ូស្រា​បាន​ចេញ​លិខិត​កោះ​ហៅ​អ្នក​ទាំង​៥​នោះ​ឲ្យ​ចូល​ខ្លួន​មក​សាលា​ឃុំ​ដើម្បី​ធ្វើ​ការ​សាកសួរ​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ។

អ្នក​ស្រី កប់ លេត តំណាង​សហគមន៍​ភូមិ​ពូទឺត មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​អស់​គ្នា​មាន​កង្វល់​អំពី​ការ​កោះហៅ​នេះ​ខ្លាច​ក្រែង​មាន​ការ​ចាប់​ខ្លួន។ ដូច្នេះ​ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​ការពារ​អ្នក​ទាំង​នោះ។

អ្នក​ស្រី កប់ លេត បាន​បញ្ជាក់​ថា ៖ «គ្រោង​ទៅ​ទាំង​អស់​គ្នា អត់​ឲ្យ​៥​នាក់​ហ្នឹង​ទៅ​ទេ។ មិន​ដឹង​ថា វា​គាប​យ៉ាង​ម៉េច​យ៉ាង​ម៉ា​អ៊ីចឹង! ហើយ​វា​ចាប់​វា​ចង។ ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ទាំង​អស់​គ្នា ហើយ​បើ​ម៉េចៗ​ដឹង​ឮ​ទាំង​អស់​គ្នា​ទៅ។ ព្រោះ​ដី​ធ្លី​ហ្នឹង​មិន​មែន​ដី​ធ្លី​តែ​ពួក​គាត់ ៥​នាក់​ហ្នឹង​ឯ​ណា! ដី​ធ្លី​យើង​ទាំង​អស់​គ្នា​មួយ​ឃុំ​ប៊ូស្រា»

អ្នក​ភូមិ​ម្នាក់​ផ្សេង​ទៀត​បាន​រៀបរាប់​ថា ៖ «ចង់​ឲ្យ​គាត់​ទទួល​ស្គាល់​ថា គាត់​បាន​ឈូសឆាយ​ហើយ​ហ្នឹង វា​ត្រូវតែ​សែន​ព្រេន​ជូន​គេ​អ៊ីចឹង​ណា៎! ព្រោះ​ឆ្អឹង​គេ​កប់​នៅ​ក្នុង​ដី​សោះ កាយ​មក​ដាក់​លើ​ដី​អី​អ៊ីចឹង​ណា៎! ចង់​ឲ្យ​គាត់​លា​លាង​ទោស​កំហុស​របស់​គាត់ ហើយ​ដី​ហ្នឹង​មិន​ចង់​ឲ្យ​គាត់​ប្រើប្រាស់​ទេ ពីព្រោះ​កន្លង​មក​គាត់​ឈូស​ឆាយ ហើយ​គាត់​ដាក់​ដាំ​កៅស៊ូ​នៅ​លើ​ដី​ខ្មោច​ហ្នឹង​ទៀត។ អ៊ីចឹង​គឺ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​គាត់​អ្នក​កាន់​កាប់​ដី​ហ្នឹង​ដូច​ដើម​វិញ»

មេ​ឃុំ​ប៊ូស្រា លោក កេង ញ៉ក់ មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​នោះ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ស្វែង​យល់​ថា តើ​អ្នក​ទាំង​នោះ​ទាមទារ​អ្វី​ខ្លះ ហើយ​គាត់​នឹង​សម្រប​សម្រួល​ពាំនាំ​ទៅ​វិញ​ទៅ​មក​រវាង​ក្រុមហ៊ុន​និង​សហគមន៍​ដើម្បី​ជំរុញ​ឈាន​ទៅ​រក​ការ​បញ្ឈប់​ជម្លោះ។

លោក កេង ញ៉ក់ បាន​អះអាង​ថា ៖ «ពិភាក្សា​ឡើង​វិញ​ដើម្បី​ធ្វើ​ការ​ចរចា​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន ដើម្បី​ការងារ​ដំណើរការ​អ៊ីចឹង​ទៅ​ណា៎! ទាមទារ​ដំរី ក្រុមហ៊ុន​ហ្នឹង​គាត់​អត់​មាន​លទ្ធភាព បើ​ថា ១​លាន ២​លាន​រៀល​ហ្នឹង គាត់​ថា​អាច​បាន។ ធ្វើ​កុំ​ឲ្យ​បាត់បង់​ប្រពៃណី​អ៊ីចឹង​ទៅ​ណា៎! ...អ្នក​តវ៉ា​ថ្ងៃ​មុនៗ​សុទ្ធតែ​យក​លុយ​ក្រុមហ៊ុន​អស់​ហើយ»

លោក ឈឹម សាវុធ មន្រ្តី​ស៊ើប​អង្កេត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​អាជ្ញាធរ​ឃុំ​បាន​ស្វែងរក​ឈ្មោះ​អ្នក​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ និង​ផ្តល់​របាយកាណ៍​មក​ខាង​សិទ្ធិ​មនុស្ស​ជាដើម គឺ​ជា​ការ​បំភិត​បំភ័យ។

ដោយឡែក​ចំពោះ​ចំណាត់ការ​របស់​សាលា​ឃុំ​ប៊ូស្រា​ដែល​កោះ​ហៅ​អ្នក​ភូមិ​ក្រោយ​ពេល​ពួក​គាត់​មាន​ការ​តវ៉ា​នេះ ក៏​ជា​ការ​គាប​សង្កត់​ខាង​ស្មារតី​ក្នុង​ការ​បញ្ចេញ​មតិ​ផងដែរ ហើយ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទិ្ធ​នេះ៕