ស្មៀនឃុំអូរគ្រៀង ស្រុកសម្បូណ៌ ត្រូវបានប៉ូលិសចាប់ខ្លួននិងបញ្ជូនទៅកាន់ស្នងការដ្ឋានខែត្រក្រចេះពីបទសង្ស័យថាបានសម្លាប់ប្រពន្ធ។
អធិការស្រុកសម្បូណ៌គឺលោក ប៊ុន ឈឿន បានឲ្យដឹងថា ស្មៀនឃុំអូរក្រៀងឈ្មោះ ហេង ត្រូវបានប៉ូលិសឲ្យដឹងថាបានវាយប្រពន្ធរហូតដល់ស្លាប់ដោយសារតែមានទំនាស់ក្នុងគ្រួសារ។
លោក ប៊ុន ឈឿន បានឲ្យដឹងថា ៖ «ព្រោះនិយាយទៅជារឿងធម្មតានៅក្នុងគ្រួសារហ្នឹង ផឹកទាំងប្ដីទាំងប្រពន្ធហ្នឹង ទាស់ទែងគ្នាវ៉ៃជាធម្មតាអ៊ីចឹងទៅ គេសម្គាល់អ៊ីចឹងតែម្ដង។ ទើបមកលើកហ្នឹងវាធ្ងន់ធ្ងរ យើងទៅពិនិត្យសាកសពទៅឃើញមានជាំនៅលើដើមទ្រូងអីអ៊ីចឹង បែកមុខ»។
លោកអធិការបានឲ្យដឹងបន្ថែមថា ថ្ងៃកើតហេតុទី២៩ ឧសភានោះ ស្មៀនឃុំបានវាយប្រពន្ធដោយអុកនឹងជង្គង់ចំដើមទ្រូងនិងបោកក្បាល់ផ្ទប់នឹងដីបន្ថែមទៀត តែមិនបានយកចិត្តទុកដាក់យកទៅមន្ទីរពេទ្យឡើយ។ លុះដល់ថ្ងៃទី១ មិថុនា បងថ្លៃបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខែត្រ ហើយក៏ស្លាប់នៅពេលល្ងាចតែម្ដង។
ប៉ូលិសបានចាប់ខ្លួនស្មៀនឃុំនេះកាលពីថ្ងៃទី២ មិថុនា បន្ទាប់ពីពិនិត្យទៅឃើញមានស្លាកស្នាមជាំលើដើមទ្រូងនិងបែកមុខ។
ប្រជាពលរដ្ឋនៅជិតខាងគឺលោក ទេព ឈៀន បានឲ្យដឹងថា ភរិយារបស់ស្មៀនគឺអ្នកស្រី អូត មានជំងឺប្រចាំកាយដោយសារការហូបស្រា ហើយនៅថ្ងៃកើតហេតុនោះថាស្មៀនបានហាមមិនឲ្យផឹកស្រាហើយក៏កើតមានជាទំនាស់ពាក្យសម្ដីឡើង។
លោក ទេព ឈៀន បានឲ្យដឹងថា ៖ «ប្រពន្ធហ្នឹងឈឺពីមុនមក របៀបថាគាត់ផឹកពេក! មួយថ្ងៃ២លីត្រអីគាត់ផឹក។ ជេរប្ដី ប្ដីហាមឃាត់ថាកុំឲ្យផឹកៗ ជេរទៅ ប្ដីអត់មិនបានទៅ វ៉ៃ។ វ៉ៃហ្នឹងវ៉ៃខ្លាំងដែរ អុកចំដើមទ្រូង ប៉ុន្តែរយៈវ៉ៃហ្នឹង៦ថ្ងៃហើយបានស្លាប់»។
លោក ទេព ឈៀន បានជម្រាបបន្ថែមថា ស្មៀន ហេង ជាមនុស្សចូលចិត្តសប្បាយគ្មានចិត្តឃោរឃៅឬចេតនាវាយសម្លាប់ប្រពន្ធឡើយ ហើយលោកចង់ឲ្យមានការលើកលែងទោសដល់ស្មៀន ហេង ដើម្បីថែរក្សាកូនតូចៗ៣នាក់។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុកគឺលោក សំរឹទ្ធ វណ្ណា បានបញ្ជាក់ថា សំណូមពររបស់ប្រជាពលរដ្ឋគឺជាអំពើមនុស្សធម៌ តែអ្នកប្រព្រឹត្តអំពើល្មើសត្រូវតែប្រឈមមុខចំពោះមុខច្បាប់។
លោក សំរឹទ្ធ វណ្ណា បានមានប្រសាសន៍ថា ៖ «បើតាមមតិរបស់ប្រជាពលរដ្ឋ តាមមនុស្សធម៌វាស្របហើយ ប៉ុន្តែបើនិយាយពីច្បាប់វិញត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ រីឯកុមារទាំងអស់នោះមានទាយាទជាអ្នកជួយចិញ្ចឹម បើគ្មានទេ កាកបាទក្រហមនិងកិច្ចការនារីត្រូវតែទទួលខុសត្រូវ»។
លោក សំរឹទ្ធ វណ្ណា បានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារក្នុងខែត្រក្រចេះនេះនៅតែមានកើតឡើងជាបន្តបន្ទាប់រហូតមកទល់នឹងសព្វថ្ងៃនេះ។ ប៉ុន្តែប៉ូលិសបានអះអាងថា ឆ្នាំនេះមានការថយចុះជាងឆ្នាំទៅដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើន តែមិនបានបញ្ជាក់ពីតួលេខច្បាស់លាស់ឡើយ៕
ប៉ូលិសខែត្រមណ្ឌលគិរីតាមចាប់ជនសង្ស័យ២នាក់ក្នុងករណីប្លន់
បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារទាត់កូនស្រីឲ្យសន្លប់
បុគ្គលិកអង្គការមិត្តគ្មានព្រំដែនអំពាវនាវឲ្យពន្លឿនការស៊ើបអង្កេតករណីឃាតកម្ម
ទាហានម្នាក់រងរបួសធ្ងន់ដោយសារមេបញ្ជាការវាយដំ
ប៉ូលិសម្នាក់នៅមណ្ឌលគិរីរងការចោទថាប៉ុនប៉ងធ្វើឃាតអ្នកភូមិ
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.