មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកតំណាងឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានផង និងជាតំណាងឲ្យរដ្ឋាភិបាលផង។ ពួកគាត់ត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ ដូច្នេះពួកគាត់មានភារកិច្ចក្នុងការរៀបចំអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាទាំងឡាយ ដូចជាការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ សង្គមកិច្ច សុខាភិបាល និងផ្ដល់សេវាសាធារណៈនៅមូលដ្ឋានរបស់ខ្លួនជាដើម។ ចំនួនឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេសមានជាង ១.៦៣០ឃុំ សង្កាត់។
ប៉ុន្តែនៅក្នុងរយៈកាល ២អាណត្តិ ដែលមួយអាណត្តិៗមានរយៈពេល ៥ឆ្នាំកន្លងមកនេះ មេឃុំ ឬក្រុមប្រឹក្សាឃុំមួយចំនួនមិនបានបំពេញតួនាទីរបស់ខ្លួនឲ្យបានពេញលេញនោះទេ ដោយសារការផ្ទេរអំណាចពីថ្នាក់លើទៅអោយក្រុមប្រឹក្សាឃុំសង្កាត់នៅមានកម្រិត។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ ខែឧសភា កន្លងមក ក្រោមប្រធានស្ដីពីតួនាទីរបស់មេឃុំ ឬចៅសង្កាត់ វាគ្មិនចំនួនពីររូបបានលើកឡើងថា នៅក្នុងរយៈពេល ១០ឆ្នាំកន្លងមករបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ពួកគាត់ធ្វើការស្ដាប់បង្គាប់មេបក្សរបស់ខ្លួន និងធ្វើការងារបម្រើគណបក្សច្រើនជាងបម្រើប្រជាពលរដ្ឋ។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel)។ លោកមានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ សង្កាត់ បច្ចុប្បន្នមានអំណាចច្រើនផ្នែករដ្ឋបាល បើប្រៀបធៀបទៅនឹងមុនឆ្នាំ២០០២។ មានន័យថា បន្ទាប់ពីការរៀបចំឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មក ប៉ុន្តែយ៉ាងនេះក្ដី លោក គល់ បញ្ញា បញ្ជាក់ថា ក្រុមប្រឹក្សាឃុំទាំងនោះ មិនមានអំណាចក្នុងការប្រើថវិកាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទេ ក្នុងគម្រោងអភិវឌ្ឍន៍នីមួយៗ រង់ចាំការសម្រេចពីថ្នាក់លើ ឬពីក្រសួងមហាផ្ទៃ។
លោក គល់ បញ្ញា៖ «មេឃុំទាំងអស់អាចជំរុញខ្លួនឯងទាមទារឲ្យថ្នាក់លើអនុវត្តច្បាប់គ្រប់គ្រងឃុំ សង្កាត់មកថ្នាក់លើ អាចមានឱកាសមួយចំនួនគេផ្ទេរអំណាចជូន ស្របទៅតាមច្បាប់គ្រប់គ្រងច្បាប់សង្កាត់ហ្នឹង»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលបានរៀបចំឲ្យមានការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០២ មក។ រហូតមកទល់ពេលនេះ ការបោះឆ្នោតជ្រើសរើសឃុំសង្កាត់មានចំនួនពីរអាណត្តិរួចមកហើយ។ អាណត្តិទី១ នៅឆ្នាំ២០០២ អាណត្តិទី២ នៅឆ្នាំ២០០៧ និងអាណត្តិទី៣ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១២ គឺនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីសំខាន់ណាស់សម្រាប់សម្របសម្រួលការងារមូលដ្ឋានជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានជាដើម។
ទាក់ទងនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និកហ្វិច (NICFEC)។ លោកបានពន្យល់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ បើគិតតាមច្បាប់ ក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកតំណាងប្រជាពលរដ្ឋ ធ្វើការដើម្បីបម្រើឆន្ទៈប្រជាពលរដ្ឋ មិនមែនបម្រើគណបក្សនយោបាយនោះទេ។
នៅត្រង់ចំណុចនេះ លោក ហង្ស ពុទ្ធា បានបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនេះ វាហាក់ដូចជាការស្ទាបស្ទង់អំពីលទ្ធផលបោះឆ្នោតជាតិទៅវិញ ពីព្រោះថា ក្រុមប្រឹក្សាឃុំទាំងនោះ ធ្វើការបម្រើគណបក្សរបស់ខ្លួនជាធំ ដោយហេតុថា បន្ទាប់ពីបោះឆ្នោតឃុំ នៅឆ្នាំ២០១៣ ខាងមុខ ជារដូវកាលបោះឆ្នោតថ្នាក់ជាតិទៀត ក្រុមប្រឹក្សាឃុំទាំងនោះលែងជាបុគ្គលឯករាជ្យ ពួកគាត់ធ្វើការកៀរគររកអ្នកគាំទ្រគណបក្សរបស់ខ្លួនបន្តទៀត មានក្រុមប្រឹក្សាឃុំខ្លះទៀតរហូតដល់ទៅគំរាមកំហែងប្រជាពលរដ្ឋជាដើម។
លោក ហង្ស ពុទ្ធា៖ «លទ្ធផលដែលបានធ្វើការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាចជាលទ្ធផលបណ្ដោះអាសន្នមួយសម្រាប់វាយតម្លៃទៅលើលទ្ធផលបោះឆ្នោតថ្នាក់ជាតិ អ៊ីចឹងតួនាទីរបស់មេឃុំនៃគណបក្សមួយប្រាកដជាឆ្លុះបញ្ចាំងធ្វើការកៀរគរយើងណា ដើម្បីបក្ស ធ្វើយ៉ាងណាឲ្យបក្សរបស់ខ្លួនហ្នឹងមើលទៅមានអត្ថន័យវិសេសវិសាលជាងបក្សដទៃ»។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា មានប្រសាសន៍ថា បញ្ហាកើតមានចំពោះក្រុមប្រឹក្សាឃុំ សង្កាត់បានធ្វើការបម្រើគណបក្សនោះ គឺនៅពេលរដូវកាលបោះឆ្នោតបានមកដល់នេះទេ ពីព្រោះថា ជាសិទ្ធិរបស់គាត់ក្នុងការចូលរួមជាមួយគណបក្សនយោបាយ។
លោក ទេព នីថា៖ «មេឃុំមេភូមិ គ.ជ.ប. និងក្រសួងមហាផ្ទៃ មានសេចក្ដីណែនាំរួមមួយហើយ នៅពេលដែលសមាជិកក្រុមប្រឹក្សាឃុំគាត់ទៅឈរឈ្មោះជាបេក្ខជន គាត់ត្រូវជូនដំណឹងដល់ក្រុមប្រឹក្សាឃុំរបស់គាត់ឲ្យច្បាស់ ហើយត្រូវចែកថ្ងៃគ្នា ដើម្បីឈប់ទៅឃោសនា ព្រោះទាក់ទងតែពេលឃោសនា និងបោះឆ្នោត»។
ទោះបីជាយ៉ាងនេះក៏ដោយ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់ភាគច្រើន ពួកគាត់ធ្វើការបម្រើគណបក្សនយោបាយរបស់ខ្លួននៅមុនពេលរដូវកាលបោះឆ្នោតបានមកដល់ ដូចជាទៅចូលរួមប្រជុំគណបក្សនៅក្នុងម៉ោងរដ្ឋបាលឃុំ និងការចុះឈ្មោះប្រជាពលរដ្ឋជាសមាជិកគណបក្សរបស់ខ្លួនជាដើម។
ទាក់ទងទៅនឹងបញ្ហានេះ ប្រជាពលរដ្ឋជាច្រើនបានលើកជាសំណួរថា បើសិនជាក្រុមប្រឹក្សាឃុំនៅតែបន្តធ្វើការបម្រើគណបក្សនយោបាយរបស់ខ្លួនជាធំនោះ តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខមានន័យអ្វីទៀត?
ប្រជាពលរដ្ឋនៅខែត្រព្រៃវែង បានលើកជាសំណួរបន្ថែមដូច្នេះ៖ «លោកគិតគូរយ៉ាងម៉េច? មេឃុំដល់ពេលគាត់ជាប់ឆ្នោត គាត់នៅតែបម្រើបក្សដដែលហ្នឹង អស់លោកអាចកែប្រព័ន្ធឆ្នោតបានដែរមើលទៅ?»។
ឆ្លើយទៅនឹងសំណួរនេះ លោក គល់ បញ្ញា បានបំភ្លឺថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គួរតែផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោត ទោះបីជាបេក្ខជនក្រុមប្រឹក្សាឃុំនោះ ជាសមាជិករបស់គណបក្សនយោបាយក៏ដោយ ប៉ុន្តែគេត្រូវរៀបចំប្រព័ន្ធបោះឆ្នោតនោះចេញពីប្រជាពលរដ្ឋ មានន័យថា បេក្ខជនទាំងនោះប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើស ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះដឹងថា តួនាទីរបស់ខ្លួនដែលមាននោះ ប្រជាពលរដ្ឋជាអ្នកផ្ដល់ជូន មិនមែនកើតចេញពីគណបក្សនោះទេ។
លោក គល់ បញ្ញា៖ «បើយើងធ្វើអ៊ីចឹងបាន ប្រហែលជាធ្វើឲ្យក្រុមប្រឹក្សាឃុំសង្កាត់ចម្រុះបក្សហ្នឹង ធ្វើការទៅអាចជួយបង្កើនត្រួតពិនិត្យគ្នាទៅវិញមក។ កិច្ចការខ្លះប្រជាពលរដ្ឋពឹងមេឃុំ មានការទុកចិត្តច្រើន ដោយសារតែមេឃុំហ្នឹងមិនលំអៀងទៅបក្ស មេឃុំគិតថា ខ្លួនជាប់ឆ្នោតបានមកពីប្រជាពលរដ្ឋ ខ្ញុំគិតថា បើដូរប្រព័ន្ធអ៊ីចឹងប្រហែលជាល្អ»។
បន្ថែមពីលើនេះទៀត ប្រាក់បៀវត្សរ៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួនតិចក្នុងមួយខែៗនោះ ក៏ជាឧបសគ្គក្នុងការបំពេញការងាររបស់ខ្លួននៅមូលដ្ឋានដែរ ហើយបញ្ហាប្រាក់ខែតិចក៏ជាកត្តាធ្វើឲ្យក្រុមប្រឹក្សាឃុំធ្វើការបម្រើឲ្យគណបក្សរបស់ខ្លួនដែរ ពីព្រោះថា គណបក្សនឹងផ្ដល់លុយឧបត្ថម្ភជូនគាត់បន្ថែម។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ មាត្រា៩ បានចែងថា ក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គការតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់របស់ខ្លួន។
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដែលមានគណបក្សនយោបាយចំនួន ១០ចូលរួមប្រកួតប្រជែង និងមានការិយាល័យបោះឆ្នោតចំនួន ១៨.១០៧ ការិយាល័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
