ពលរដ្ឋ​និយាយ​អំពី​អំណាច​និង​តួនាទី​របស់​មេឃុំ-​ចៅសង្កាត់​បច្ចុប្បន្ន

ពលរដ្ឋ​នៅ​តំបន់​កំពុង​មាន​ជម្លោះ​ដីធ្លី មាន​ការ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ឃុំ​ថ្មី ពីព្រោះ​កន្លង​មក​ពួក​គាត់​កត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​ឃុំ​ហាក់​មិន​មាន​តួនាទី​អ្វី​ធំដុំ​ដែល​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​មាន​ទុក្ខ​លំបាក​ដោយសារ​ការ​បាត់បង់​ដីធ្លី ផ្ទះសម្បែង​នោះ​បាន​ឡើយ។

0:00 / 0:00

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ពលរដ្ឋ​ប្រាថ្នា​ចង់​បាន​មេ​ឃុំ ឬ​ចៅ​សង្កាត់​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ​លំបាក​ផ្សេងៗ ​ដោយ​មិន​គិត​ពី​បក្ស​នយោបាយ ឬ​ផលប្រយោជន៍​បុគ្គល​នោះ។ ប៉ុន្តែ​ការ​រំពឹង​ចង់​បាន​របស់​ពួក​គាត់​នេះ ហាក់​រក​មិន​ឃើញ​ឡើយ​រហូត​មក​ដល់​ពេល​នេះ ពីព្រោះ​ពួក​គាត់​យល់​ឃើញ​ថា អំណាច ឬ​តួនាទី​របស់​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មើល​ទៅ​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្រោម​ក្លៀក​របស់​អ្នក​នយោបាយ ឬ​ឈ្មួញ​ដែល​មាន​លុយ​កាក់​ច្រើន។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​ថ្មអណ្ដើក ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ លោក សុភ័ណ្ឌ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​ឧសភា ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​នេះ​ប្រមាណ​ជាង ២០០​គ្រួសារ ដែល​ កំពុង​មាន​ជម្លោះ​ដីធ្លី អាជ្ញាធរ​ឃុំ​មិន​បាន​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ ដែល​អាជ្ញាធរ​ជា​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ពួក​គាត់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ខិតខំ​ដាក់​សំពាធ​មក​លើ​ប្រជាពលរដ្ឋ​គ្រប់​បែប​យ៉ាង ដើម្បី​ផ្គាប់​ចិត្ត​ភាគី​ម្ខាង​ទៀត ដែល​ជា​គូ​ជម្លោះ​នោះ​​ទៅ​វិញ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ពិបាក​នឹង​រក​អ្នក​ណា​ជា​ទី​ពឹង​សម្រាប់​ពួក​គាត់ ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ចំពោះ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ឯ​ណោះ​វិញ ក៏​មាន​កង្វល់​ប្រហាក់​ប្រហែល​គ្នា​ដែរ។

លោក ស៊ឹម គឹមសាន្ត រស់​នៅ​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​បាន​យក​រួច​ខ្លួន​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​ទុក្ខ ដូច​ជា​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ជាដើម។ អាជ្ញាធរ​ឃុំ​បាន​ត្រឹម​តែ​និយាយ​ថា រឿង​នោះ​វា​ហួស​ពី​សមត្ថភាព​​របស់​ឃុំ​ត្រូវ​ដោះ​ស្រាយ។ ដូច្នេះ​ប្រជាពលរដ្ឋ​ដូច​ជា​ពិបាក​ទទួល​ភាព​កក់ក្ដៅ​ពី​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​បាន​ណាស់​សព្វ​ថ្ងៃ​នេះ។

អតីត​មេ​ឃុំ​កោះស្តេច មក​ពី​គណបក្ស​ប្រជាជន លោក រ៉ូវ រតនៈសម្បត្តិ បាន​ឲ្យ​ដឹង​ថា លោក​ធ្លាប់​ធ្វើ​ជា​មេ​ឃុំ​តាំង​ពី​ឆ្នាំ​២០០០ មក។ ប៉ុន្តែ​នៅ​អាណត្តិ​ទី​៣ ឆ្នាំ​២០១២ នេះ លោក​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​ទៀត​ទេ។ បញ្ហា​នេះ​លោក​មាន​ហេតុផល​ពីរ​យ៉ាង មុន​នឹង​សម្រេច​ចិត្ត គឺ​ទី​មួយ​លោក​ចង់​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ធ្វើ​ការ​បន្ត​ពី​លោក ព្រោះ​លោក​ធ្វើ​ការ​នេះ​យូរ​ហើយ។ ទី​២ លោក​មើល​ឃើញ​ថា ឋានៈ​ជា​មេ​ឃុំ​ដូច​ហាក់​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​អាច​ជួយ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​បាន​ទេ នៅ​ពេល​ដែល​ពួក​គេ​មាន​ទុក្ខ​លំបាក​ផ្សេងៗ ដូចជា​បញ្ហា​ជម្លោះ​​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា មេ​ឃុំ ឬ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ខ្លះ​មាន​ឆន្ទៈ​ចង់​ជួយ​សម្រាល​ទុក​​លំបាក​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ជាតិ ឬ​ខេត្ត ធ្វើការ​សម្រេច​អ្វី​មួយ​ដោយ​មិន​បាន​សួរ​យោបល់​អាជ្ញាធរ​ឃុំ​នោះ​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ខ្លះ​ហាក់​នៅ​មិន​ទាន់​យល់ ឬ​ធ្វើ​មិន​យល់​តែម្ដង អំពី​តួនាទី និង​សារសំខាន់​​​របស់​គាត់​ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ​​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

លោក​ពន្យល់​ថា នៅ​ក្នុង​ច្បាប់​ស្ដីពី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មេ​ឃុំ​មាន​តួនាទី​សំខាន់​ពីរ គឺ​ទី​មួយ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ-​សង្កាត់ និង​ជា​មន្ត្រី​ភ្នាក់ងារ​តំណាង​ឲ្យ​រដ្ឋ។ ដូច្នេះ​តំណាង​ប្រជាពលរដ្ឋ​ត្រូវ​តែ​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ចាំបាច់។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ច្បាប់​ចែង​ពី​វិមជ្ឈការ គឺ​ជា​ការ​ផ្ទេរ​អំណាច​មួយ​ចំនួន​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ លើក​លែង​តែ​អំណាច​មួយ​ចំនួន ដូច​ជា​ព្រៃ​ឈើ ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រូបបិយវត្ថុ នយោបាយ​ក្រៅ​ប្រទេស និង​វិស័យ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ក្នុង​រឿង​ជម្លោះ​ដីធ្លី ព្រៃ​ឈើ ហាក់​ស្ថិត​នៅ​ផុត​ដៃ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ហើយ​ពុំ​មាន​ប្រសិទ្ធភាព​អ្វី​ដើម្បី​ចូល​រួម​ដោះស្រាយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ត្រឹម​តែ​ចុះ​ហត្ថលេខា​គាំទ្រ​លើ​រឿង​មួយ​ចំនួន​ដែល​មិន​ស្រប​ច្បាប់​ឲ្យ​ទៅ​ជា​រឿង​ស្រប​ច្បាប់​ទៅ​វិញ។ លោក​បន្ត​ថា ហេតុផល គឺ​ដោយសារ​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ពី​ថ្នាក់​ជាតិ​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិ​មិន​បាន​ពេញ​លេញ។

នៅ​ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​មេ​ឃុំ ឬ​ចៅ​សង្កាត់​ដែល​ចេះ​ជួយ​ដោះស្រាយ​នូវ​រាល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដោយ​សុចរិត មិន​កេង​ប្រវ័ញ្ច​ពី​ប្រជាពលរដ្ឋ​ក្រីក្រ និង​កំពុង​មាន​ទុក្ខ​លំបាក​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។