ប្រជា​សហគមន៍​ព្រៃឡង់​ដាក់​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​ជូន​រដ្ឋាភិបាល

មន្ត្រី​​សម្រប​សម្រួល​​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ​ប្រជា​សហគមន៍​ព្រៃឡង់ បាន​នាំ​យក​ឯកសារ និង​វត្ថុ​តាង​នៃ​វិនាសកម្ម​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ។

0:00 / 0:00

លោក​ថា ឯកសារ និង​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃ​ឈើ​ទាំង​នេះ លោក​បាន​ដាក់​ជូន​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ជូន​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ជាដើម។

លោក ឈឹម សាវុធ បាន​អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ​​នៅ​តំបន់​ព្រៃឡង់​ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ មាន​រូបភាព​ធ្ងន់​ធ្ងរ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ជា​បន្ទាន់៖ «ឈ្មួញ​រក​ស៊ី​ឈើ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ស្ថាប័ន​ជំនាញ​បង់​លុយ​ប្រចាំ​ខែ។ មួយ​ចំនួន​ទៀត​ជា​អាជ្ញាធរ​មូលដ្ឋាន មាន​មន្ត្រី​បរិស្ថាន មាន​ប៉ូលិស មាន​មន្ត្រី​កងរាជអាវុធហត្ថ មាន​ទាហាន ដែល​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​ផ្ទាល់ គាត់​ជា​អ្នក​បង្កើត​បទល្មើស ហើយ​មាន​កន្លែង​ខ្លះ​ទៀត​មាន​មេ​ឃុំ មាន​ប៉ូលិស​ប៉ុស្តិ៍​ថែម​ទៀត។ ដូច​ជា​នៅ​ឃុំ​ដងកាំបិត មាន​មេ​ឃុំ​ផ្ទាល់ មាន​ម៉ាស៊ីន​អារ​ឈើ​ពី ២ ទៅ ៣​គ្រឿង ច្រៀក​ឈើ​រាល់​ថ្ងៃ មាន​មេ​ប៉ុស្តិ៍​ជាដើម មាន​ម៉ាស៊ីន ៤​គ្រឿង អារ​ឈើ​រាល់​ថ្ងៃ និង​បាន​គំរាម​ពលរដ្ឋ​ថែម​ទៀត»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១២ បណ្ដាញ​សហគមន៍​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ១​ក្រុម មាន​មនុស្ស​ច្រើន​ជាង ៧០​នាក់ បាន​​​​ធ្វើ​ដំណើរ​ចូល​តំបន់​​​ព្រៃ​​ឡង់​រយៈពេល ៣​ថ្ងៃ ដើម្បី​ប្រមូល​វត្ថុ​តាង​​បទ​ល្មើស​​​ព្រៃឈើ​ដាក់​ជូន​រដ្ឋាភិបាល​ទប់​ស្កាត់។

យុទ្ធនាការ​នេះ ប្រជា​សហគមន៍​ប្រមូល​បាន​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃ​ឈើ មាន​ដូចជា​ឈើ​ហ៊ុប​ធំៗ​រាប់​រយ​ម៉ែត្រ​គូប និង​រាប់​រយ​ដើម ត្រូវ​ជន​ល្មើស​កាប់​គរ​ទុក​ក្នុង​ព្រៃ​ថ្មីៗ។ លោក​បាន​ចោទ​មន្ត្រី​ប្រដាប់​អាវុធ​ខេត្ត​កំពង់ធំ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​វិនាសកម្ម​នៃ​បទល្មើស​កាប់​បំផ្លាញ​​ធន​ធាន​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់។

លោក ឈឹម សាវុធ៖ «និយាយ​ឲ្យ​ចំ​ទៅ​បញ្ហា​នៅ​ព្រៃឡង់​បច្ចុប្បន្ន​នេះ ជា​ជា​រឿង​មួយ​ត្រូវ​ប្រកាស​អាសន្ន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​សាមី​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ បើ​សិន​ជា​គិត​ថា មាន​ចេតនា​ចង់​បង្ក្រាប​បទល្មើស​ទាំង​អស់​គ្នា»

លោក ជុំ យីន ជា​តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ​តំបន់​ព្រៃឡង់។ លោក​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ តែង​បដិសេធ​ថា មិន​មាន​បទ​ល្មើស​​​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​បាន​ទទួល​ស្គាល់ និង​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​ដើម្បី​ទប់ស្កាត់។

លោក ជុំ យីន៖ «លោក​អភិបាល​រង​ខេត្ត​កំពង់ធំ គាត់​បាន​ចូល​រួម​ផ្ដល់​យោបល់​ជាមួយ​ប្រជា​សហគមន៍​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់។ លោក​ថា បទល្មើស​ព្រៃ​ឈើ​ពិត​ជា​កើត​មាន​ក្នុង​មូលដ្ឋាន​ស្រុក​សណ្ដាន់​ពិត​មែន»

​លោក អ៊ុត សំអន អភិបាល​រង​ខេត្ត​កំពង់ធំ ​នៅ​ក្នុង​ជំនួប​រវាង​តំណាង​សហគមន៍​ព្រៃឡង់ និង​អាជ្ញាធរ​ស្រុក​សណ្តាន់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា បាន​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ពិត​ជា​បាន​កើត​មាន​ក្នុង​តំបន់​​ព្រៃឡង់​ពិត​មែន។ លោក​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ផ្ដល់​ព័ត៌មាន​ដើម្បី​ឈាន​ដល់​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​ឆ្នាំ​មក​នេះ​បាន​ដាក់​ចេញ​បទបញ្ជា​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មន្ត្រី​ដឹក​​​​​នាំ​​តាម​​ខេត្ត​ក្រុង​នានា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​​មក​ដល់​ពេល​នេះ អនុវត្ត​មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ​ទេ។
ត្រង់​ចំណុច​នេះ លោក ឈឹម សាវុធ អះអាង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្នុង​១​ថ្ងៃៗ មាន​គោយន្ត រទេះគោ និង​​រថយន្ត​ដឹក​ឈើ​ចេញ​ពី​តំបន់​នេះ​មិន​តិច​ជាង ៣០​គ្រឿង​ទេ​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ទប់​ស្កាត់​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។